គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ អាចនឹងចាប់ផ្តើម​នៅមិថុនាឆ្នាំក្រោយ

ភ្នំពេញ៖ ឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹក​ជញ្ជូនបានបង្ហើបឱ្យដឹង​ថា “បើគ្មានការប្រែប្រួលទេ គម្រោង​សាងសង់​ស្ពានមិត្តភាពកម្ពុជា-កូរ៉េ នឹងបើកការដ្ឋានសាងសង់នៅរយៈពេល​១០ខែ​ទៀត អាចរង្វង់ខែមិថុនា ឆ្នាំ២០២៥ខាងមុខ”។

ឯកឧត្តម ផន រឹម បានបង្ហាញលើបណ្ដាញសង្គមហ្វេសប៊ុកនៅ​ថ្ងៃព្រហស្បតិ៍ទី២៩ ខែសីហា ឆ្នាំ២០២៤​នេះថា ការសិក្សា​លម្អិត​ចំពោះផលប៉ះពាល់បរិស្ថាន និងសង្គម(ESIA)បានបើកកិច្ចប្រជុំពិនិត្យ​បិទបញ្ចប់របាយការណ៍ចុងក្រោយ និងបានឯកភាព​លើរបាយការណ៍​រួចរាល់ ដែលជាផ្នែកចម្បងដើម្បីបើកផ្លូវសម្រាប់ដំណើរការបើក​ការដ្ឋាន​សាងសង់ និងដើម្បីភាពប្រាកដ​និយម​ពេលគម្រោងចាប់ផ្តើមសាងសង់ នឹងទទួលបានលទ្ធផលល្អប្រសើរតាមការគ្រោងទុក ហើយផ្នែកដ៏​សំខាន់ នៃដំណាក់កាលបន្ទាប់ គឺការគូរប្លង់សាងសង់លម្អិត នៃគម្រោង​(Details Design)។

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ជាហិរញ្ញប្បទានរបស់​ធនាគារ​អាហរ័ណ-នីហរ័ណ នៃសាធារណរដ្ឋកូរ៉េ ដែលតម្លៃ​គម្រោង​កិច្ចសន្យាមានតម្លៃ ២៣៥លានដុល្លារអាមេរិក និងមានកិច្ចសន្យា​សាងសង់មានរយៈពេល៦០ខែ។ទីតាំងនៃគម្រោងនេះ គឺស្ថិតនៅ​ផ្សាររាត្រីជ្រោយចង្វារ-អរិយក្សត្យ(ភ្នំពេញ-ក្រុងអរិយក្សត្យ ខេត្តកណ្ដាល)។

អ្នកនាំពាក្យបញ្ជាក់ថា គម្រោងនេះប្រភេទស្ពានខ្សែកាប(Two cable stayed bridges)មានប្រវែងនៃស្ពានសរុប២.៣៧៥ម៉ែត្រ និងទទឹង ២៧,៥ម៉េត្រ ,ប្រវែងផ្លូវក្បាលស្ពានសរុប(Approach road) ១.១៧៤ម៉ែត្រ(ទទឹងផ្លូវ ២២,៥ម៉ែត្រ)៕
ដោយ៖មុនី

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner