ថៃជាប់ជាប្រទេសមាន «ប្តីមិនស្មោះនឹងប្រពន្ធ» ច្រើនជាងគេក្នុងលោក

បរទេស៖ របាយការណ៍ស្រាវជ្រាវរបស់សមាគមចិត្តសាស្រ្តអាមេរិក American Psychological Association ចេញផ្សាយដោយស្ថិតិពិភពលោក World of Statistics នាពេលថ្មីៗនេះ បានបញ្ចេញរបាយការណ៍ ជុំវិញ បុរសបោកប្រាស់ប្រពន្ធកម្រិតសកល ក្នុងនោះ ថៃជាប់ជាប្រទេសមានប្តីមិនស្មោះត្រង់នឹងប្រពន្ធច្រើនជាងគេ ដោយបានគ្រប់ដណ្តប់ ៥៦% ក្នុងចំណោមប្តីទាំងអស់ ក្នុងប្រទេសថៃ។

ទិន្នន័យដែលត្រូវបានចេញផ្សាយ កាលពីចុងសប្តាហ៍បានរកឃើញថា ចន្លោះពី២០ ទៅ៤០% នៃការលែងលះ គឺ បណ្តាលមកពី រឿងសាហាយ។ ប្រភពថា នៅពេលដែលបញ្ហាអាពាហ៍ពិពាហ៍ មិនត្រូវបានដោះស្រាយ ប្តីប្រពន្ធដែលមិនសប្បាយចិត្ត អាចនឹងងាកទៅរកនរណាម្នាក់ ដែលនៅក្រៅ ដើម្បីផ្តើមទំនាក់ទំនងស្នេហា។ ការសិក្សាក៏បានរកឃើញថា បុរសទំនងជាតិចជាងស្ត្រី ក្នុងការចង់លែងលះនៅពេលមានរឿងសាហាយ។ ៦១% នៃបុរសដែលបោកប្រាស់ប្រពន្ធ នៅតែមិនព្រមលែងលះ ខណៈ៣៤% ត្រូវបានបែកគ្នា ឬ លែងលះ។

របាយការណ៍បញ្ជាក់ដែរថា ខណៈដែលថៃលេខ១ សម្បូរបុរសក្បត់ប្រពន្ធច្រើនជាងគេ, ប្រទេសដាណឺម៉ាក បានឈរលំដាប់លេខ២, អ៊ីតាលី លេខបី, បារាំង លេខ៤ និង អាល្លឺម៉ង់ លេខ៥។ សម្រាប់តំបន់អាស៊ាន ក្រៅពីថៃ, ក៏មាន សិង្ហបុរី, វៀតណាម, ហ្វីលីពីន និងម៉ាឡេស៊ី សុទ្ធតែជាប់ក្នុងចំណាត់ថ្នាក់ប្រទេស ទាំង៥០ដែលសម្បូរប្តីមិនស្មោះត្រង់ នឹងប្រពន្ធផងដែរ។

យ៉ាងណាមិញ World of Statistics បានកត់សម្គាល់ថា ចំណាត់ថ្នាក់នេះគួរតែត្រូវបានចាត់ទុកថាជាទិដ្ឋភាពទូទៅ ជាជាងការវាស់វែងពិតប្រាកដ ដោយសារទិន្នន័យប្រែប្រួលយ៉ាងខ្លាំងអាស្រ័យលើប្រភព និងវិធីសាស្រ្ត ស្រាវជ្រាវ៕

ប្រភពពី The Nation ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner