ឥណ្ឌូនេស៊ីជាប់ជាប្រទេសផឹកស្រាតិចជាងគេ នៅអាស៊ីអាគ្នេយ៍

បរទេស៖ ឥណ្ឌូនេស៊ីគឺជាប្រទេសដែលមានប្រជាជនផឹកស្រាតិចជាងគេ នៅតំបន់អាស៊ីអាគ្នេយ៍ ក្នុងនោះ មនុស្សម្នាក់ៗផឹកស្រា ប្រចាំថ្ងៃជាមធ្យម ត្រឹមតែ ០.១១លីត្រ កាលពីឆ្នាំ២០២៣ ហើយបើធៀបនឹងប្រទេសផឹកស្រាច្រើនជាងគេ ក្នុងប្លុកនេះវិញ មនុស្សម្នាក់ផឹកស្រា ជិត១២លីត្រ នេះបើតាមទីភ្នាក់ងារព័ត៌មាន Seasia.co ដែលតែងតែប្រមូលនិងរុករកព័ត៌មាន ផ្តោតលើអាស៊ីអាគ្នេយ៍ ចេញផ្សាយ នាពេលថ្មីៗនេះ។

យ៉ាងណាមិញ ស្ថាប័នមានមូលដ្ឋាននៅឥណ្ឌាមួយនេះ មិនបានបញ្ជាក់លម្អិតថា មានមូលហេតុអ្វីនោះទេ។ ប៉ុន្តែ បើតាមគេហទំព័រ Indonesia.Travel បានចេញផ្សាយថា ហេតុផលពីរយ៉ាង ដែលអាចនាំឲ្យស្រា ត្រូវបានផឹកតិចខ្លាំងបំផុត នៅឥណ្ឌូនេស៊ី រួមមាន កត្តាសាសនា និង ច្បាប់កំណត់អាយុតឹងរ៉ឹង។

ប្រភពថា ក្នុងនាមជាប្រទេសមួយ ដែលមានអ្នកកាន់សាសនាឥស្លាមជាភាគច្រើន ការពិសាគ្រឿងស្រវឹងត្រូវបានហាមឃាត់ ដោយច្បាប់សាសនា ដែលត្រូវធ្វើជាគំរូគេ។ នៅតំបន់ខ្លះ មានទាំងបំរាមមិនឲ្យផឹកគ្រឿងស្រវឹង ទៀតផង។ ការផឹកស្រាក៏ត្រូវបានហាមឃាត់ផងដែរ នៅកន្លែងសាធារណៈភាគច្រើន ដូចជា កន្លែងគោរពបូជា កន្លែងធ្វើការ សាលារៀន ផ្សារទំនើប ទីធ្លាសាធារណៈ និងកន្លែងផ្សេងទៀតដែលមានមនុស្សច្រើនកុះករ នៅតាមតំបន់។ មួយទៀត គឺហាមបើកបរដាច់ខាត ក្នុងពេលស្ថិតក្រោមឥទ្ធិពល នៃជាតិស្រវឹង។

ជុំវិញការកំណត់អាយុវិញ ទាល់តែមានអាយុ២១ឆ្នាំឡើងទៅ ទើបអាចផឹកស្រាបាន នៅឥណ្ឌូនេស៊ី។ ផ្ទុយមកវិញ អ្នកដែលបំពាន ឬ ផឹកស្រាក្រោមអាយុនេះ នឹងត្រូវប្រឈមមុខនឹងការផ្ដន្ទាទោស ធ្ងន់ធ្ងរ។

យោងតាមចំណាត់ថ្នាក់ពី Statista ដដែល បានឲ្យដឹងដែរថា នៅប្លុកអាស៊ីអាគ្នេយ៍ ប្រទេសដែលផឹកស្រាតិចជាងគេ លំដាប់លេខពីរ គឺប្រទេស ទីម័រ, តិចជាងគេលេខបី គឺព្រុយណេ។ បន្ទាប់មក គឺម៉ាឡេស៊ី និង សិង្ហបុរី។ ផ្ទុយមកវិញ រីឯ ប្រទេសដែលផឹកស្រាច្រើជាងគេនៅអាស៊ីអាគ្នេយ៍ គឺឡាវ ក្នុងនោះ ពលរដ្ឋម្នាក់ ផឹកស្រា ១១.៧១លីត្រ ប្រចាំថ្ងៃជាមធ្យម កាលពីឆ្នាំ២០២៣៕

ប្រភពពី Seasia Stats ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner