៧ខែ វៀតណាមចំណេញជាង ២០ពាន់លានដុល្លារ ពីការនាំចេញវាយនភ័ណ្ឌ

ហាណូយ៖ យោងតាមទិន្នន័យគយវៀតណាមបានឱ្យដឹងថា ចាប់ពីខែមករា ដល់ខែកក្កដា ការនាំចេញវាយនភ័ណ្ឌរបស់វៀតណាមមានទឹកប្រាក់ចំនួនសរុបប្រហែល ២០.៣ពាន់លានដុល្លារ កើនឡើង ៦.៣ភាគរយ។

ក្នុងរយៈពេល ៧ខែ ឆ្នាំ២០២៤ ពោលចាប់ពីខែមករា ដល់ខែកក្កដា វៀតណាមរកចំណូលសរុបបានប្រហែល ២០.៣ពាន់លានដុល្លារ កើនឡើង ៦.៣ភាគរយ ពីការនាំចេញវាយនភ័ណ្ឌ នេះបើយោងតាមទិន្នន័យគយវៀតណាម។

ទីផ្សារនាំចេញសំខាន់ៗសម្រាប់វាយនភណ្ឌរបស់វៀតណាម មានដូចជាសហរដ្ឋអាមេរិក ជប៉ុន កូរ៉េខាងត្បូង និងចិន បានបង្ហាញពីកំណើនវិជ្ជមាន។ នៅក្នុងខែកក្កដា ចំណូលពីការនាំចេញវាយនភ័ណ្ឌរបស់វៀតណាមបានឈានដល់ ៣.៧២ពាន់លានដុល្លារ កើនឡើង ១៧.៦ភាគរយ បើធៀបនឹងខែមុន។

យ៉ាងណាមិញ ទោះបីជាមាននិន្នាការវិជ្ជមាននៅក្នុងការបញ្ជាទិញក៏ដោយ ប្រាក់ចំណេញរបស់ឧស្សាហកម្មវាយនភណ្ឌនេះ នៅតែស្ថិតក្រោមសម្ពាធដោយសារតែការកើនឡើងនៃតម្លៃពលកម្ម។ ប្រាក់ឈ្នួលអប្បបរមាក្នុងប្រទេសវៀតណាមបានកើនឡើង ៦ភាគរយ ក្នុងខែកក្កដា ដែលជាបញ្ហាប្រឈមសម្រាប់ក្រុមហ៊ុនជាច្រើន។

ទោះបីជាយ៉ាងណា សមាគមវាយនភណ្ឌ និងសំលៀកបំពាក់វៀតណាម (VITAS) បានឱ្យដឹងថា ក្រុមហ៊ុនវាយនភណ្ឌជាច្រើនបានធានាការបញ្ជាទិញរហូតដល់ដំណាច់ឆ្នាំ ២០២៤ ហើយកំពុងចរចារួចហើយសម្រាប់ការចាប់ផ្តើមនៅឆ្នាំ២០២៥៕

ប្រភព៖ NHK ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner