ជប៉ុនត្រៀមបញ្ចេញថវិកាការពារជាតិក្នុងកម្រិតបំបែកកំណត់ត្រា

តូក្យូ៖ ប្រទេសជប៉ុនត្រៀមចំណាយថវិកការពារជាតិដល់កម្រិតបំបែកកំណត់ត្រាមួយទៀត នោះគឺការចំណាយរហូតដល់ ២ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP) របស់ខ្លួន។

ការចំណាយលើផ្នែកយោធារបស់ប្រទេសជប៉ុន កំពុងខិតទៅជិតគោលដៅ ២ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP) ជាមួយនឹងការកំណត់ថវិកាថ្មីដ៏ធំសម្បើម ដើម្បីទិញយន្តហោះដ្រូន, ប្រព័ន្ធការពារមីស៊ីល, ផ្កាយរណប, ការការពារតាមអ៊ីនធឺណិត ក៏ដូចជាប្រព័ន្ធបញ្ជា និងការគ្រប់គ្រងទិន្នន័យ Cloud។

កាលពីថ្ងៃទី៣០ ខែសីហា ក្រសួងការពារជាតិជប៉ុនបានស្នើសុំថវិកាកម្រិតខ្ពស់បំផុតរហូតដល់ ៥៨ពាន់លានដុល្លារ សម្រាប់ឆ្នាំសារពើពន្ធឆ្នាំ ២០២៥ ដែលនឹងបញ្ចប់នៅខែមីនា ឆ្នាំ ២០២៦។

តួលេខនេះកើនឡើង ៧.៤ភាគរយ លើសថវិកាដំបូងដែលមានត្រឹម ៥៥ពាន់លានដុល្លារ ស្មើនឹងប្រហែល ១.៤ភាគរយ នៃផលិតផលក្នុងស្រុកសរុប (GDP)។

ថវិកាដែលបានស្នើឡើង និងកំពុងរង់ចាំការអនុម័តចុងក្រោយនេះ បានបង្ហាញថា ជប៉ុនកំពុងត្រៀមឆ្លើយតបនឹងការកើនឡើងការគំរាមកំហែងផ្នែកសន្តិសុខ និងបញ្ហាប្រឈមពីប្រទេសចិន កូរ៉េខាងជើង និងរុស្ស៊ី។

គោលនយោបាយផ្លូវការរបស់ជប៉ុន គឺបង្កើនការចំណាយលើវិស័យការពារជាតិដល់ស្តង់ដារអង្គការ NATO គឺចំនួន ២ភាគរយ នៃផលិតផលក្នុងស្រុកសរុប (GDP) នៅត្រឹមឆ្នាំសារពើពន្ធ ២០២៧៕

ប្រភព៖ Asiatimes ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner