អត្រាជក់បារីនៅជប៉ុនធ្លាក់ចុះទាបបំផុតមិនធ្លាប់មាន

តូក្យូ ÷ យោងតាមការស្ទង់មតិរបស់ក្រសួងសុខាភិបាលជប៉ុន បានបង្ហាញថា សមាមាត្រនៃប្រជាជនជក់បារីជាប្រចាំ បានធ្លាក់ចុះដល់កម្រិតទាបបំផុតមិនធ្លាប់មាន។

ការស្ទង់មតិរបស់ក្រសួងសុខាភិបាលជប៉ុននេះ ធ្វើឡើងលើមនុស្សប្រហែល ៥,០០០នាក់ មានអាយុចាប់ពី ២០ឆ្នាំឡើងទៅនៅទូទាំងប្រទេស កាលពីឆ្នាំ ២០២២ បានរកឃើញថា ១៤.៨ភាគរយនៃពួកគេជក់បារីជាទៀងទាត់ ខណៈដែលសមមាត្រនៃបុរសមាន ២៤,៨ភាគរយ និង ស្ត្រីមាន ៦,២ភាគរយ។

ជារួម អត្រានៃការជក់បារីសរុបទូទាំងប្រទេសជប៉ុន បានធ្លាក់ចុះទាបបំផុតចាប់តាំងពីការស្ទង់មតិបានចាប់ផ្តើមកាលពីឆ្នាំ ២០០៣។ តួលេខនេះដែរ ក៏បានកត់សម្គាល់ពីការថយចុះចំនួន ៥,៩ភាគរយក្នុងរយៈពេលមួយទសវត្សរ៍កន្លងមក ដោយធ្លាក់ចុះ ៩,៣ពិន្ទុសម្រាប់បុរស និង ២,៨ពិន្ទុសម្រាប់ស្ត្រី។

ការស្ទង់មតិក៏បានរកឃើញដែរថា ២១,៧ភាគរយនៃបុរសនៅចង់ជក់បារី ហើយ ៣៦,១ភាគរយនៃស្ត្រីចង់ឈប់ជក់បារី។
ឆ្លើយតបនឹងការស្ទង់មតិនេះ មន្ត្រីសុខាភិបាលជប៉ុនបាននិយាយថា ច្បាប់លើកកម្ពស់សុខភាព ដែលបានធ្វើវិសោធនកម្ម សំដៅរឹតត្បិតការជក់បារីក្នុងផ្ទះ បានដើរតួនាទីសំខាន់ក្នុងការកាត់បន្ថយអត្រាជក់បារី។

មន្ត្រីសុខាភិបាលជប៉ុនបន្ថែមថា រដ្ឋាភិបាលក៏មានគម្រោងផ្តល់ការគាំទ្របន្ថែមទៀតដល់អ្នកជក់បារីដែលចង់បោះបង់ទម្លាប់ផងដែរ។
អង្គការសុខភាពពិភពលោក (WHO) បានបញ្ជាក់ថា ការជក់បារី គឺជាមូលហេតុនាំមុខគេដែលនាំឱ្យមានការស្លាប់ និងកើតជំងឺដែលអាចការពារបាននៅទូទាំងពិភពលោក។

អង្គការនេះបន្ថែមថា ថ្នាំជក់បណ្តាលឱ្យមនុស្សប្រមាណ ៨លាននាក់ស្លាប់មុនអាយុក្នុងមួយឆ្នាំៗ ហើយការជក់បារីក៏អាចបណ្តាលឱ្យកើតជំងឺមហារីក ជំងឺបេះដូង ជំងឺដាច់សរសៃឈាមក្នុងខួរក្បាល ជំងឺសួត និងជំងឺទឹកនោមផ្អែមផងដែរ៕

ប្រភព ÷ NHK ប្រែសម្រួលដោយ ÷ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner