ឡានហោះចិនត្រៀមវាយលុកទីផ្សារក្នុងឆ្នាំ ២០២៦
ប៉េកាំង ៖ AeroHT ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនផលិតឡានអគ្គិសនីចិន Xpeng នឹងធ្វើតេស្តឡានហោះម៉ូដែលថ្មីមួយរបស់ខ្លួន ដោយមានផ្ទុកមនុស្សបើកនៅក្នុងខែវិច្ឆិកា មុនពេលចាប់ផ្តើមផលិតកម្មដ៏ធំ ហើយចែកចាយទៅអតិថិជននៅឆ្នាំ២០២៦។
ក្រុមហ៊ុន AeroHT បានបង្ហាញការរចនាឡានហោះម៉ូដែលថ្មីមួយ មានឈ្មោះថា X3 ឬ Land Aircraft Carrier ដែលមានរូបរាងស្រដៀងឡានអគ្គិសនីដទៃទៀតដែរ ប៉ុន្តែខុសម្យ៉ាង គឺវាមានផ្ទុកឡានហោះមួយគ្រឿងទៀតប្រភេទ eVTOL នៅកាប៊ីនក្រោយរបស់វា។
ឡានហោះកូនកាត់ EV និង eVTOL នេះ កាលពីខែមីនាកន្លងទៅ បានទទួលវិញ្ញាបនប័ត្រសាកសមសម្រាប់ការហោះហើរតាមផ្លូវអាកាស ពីរដ្ឋបាលអាកាសចរណ៍ស៊ីវិលនៃប្រទេសចិនភាគកណ្តាល និងភាគខាងត្បូង (CAAC)។
AeroHT នឹងចាប់ផ្តើមទទួលយកការបញ្ជាទិញមុនសម្រាប់ឡានហោះនេះ នៅមុនដំណាច់ឆ្នាំ២០២៤ ជាមួយនឹងតម្លៃខ្ទង់ ២៨០,០០០ដុល្លារក្នុងមួយគ្រឿង ខណៈការផលិតទ្រង់ទ្រាយធំទំនងជាពន្យារពេលពីត្រីមាសទី៤ ឆ្នាំ២០២៥ រហូតដល់ឆ្នាំ២០២៦។
ការពន្យាពេលផលិតកម្មនេះ ទំនងជាមានជាប់ពាក់ព័ន្ធនឹងការសាងសង់រោងចក្រថ្មីរបស់ Xpeng AeroHT នៅទីក្រុងក្វាងចូវ ប្រទេសចិន ដែលនឹងចាប់ផ្តើមនៅចុងខែនេះ ឬនៅដើមខែតុលាខាងមុខ។
នៅពេលបញ្ចប់ការសាងសង់ រោងចក្រនោះត្រូវបានរំពឹងថា នឹងផលិតឡានហោះអគ្គិសនី eVTOLs ច្រើនជាង ១០,០០០គ្រឿងក្នុងមួយឆ្នាំ និងបម្រើជាមជ្ឈមណ្ឌលដ៏សំខាន់សម្រាប់ក្រុមហ៊ុន AeroHT ដែលមានបំណងចែកចាយឡានហោះអគ្គិសនី eVTOLs កាន់តែច្រើននៅជុំវិញពិភពលោក៕
ប្រភព៖ Electek ប្រែសម្រួលដោយ៖ ឈឹមទីណា