ប្រធានាធិបតីជាប់ឆ្នោតនៃសាធារណរដ្ឋឥណ្ឌូណេស៊ី កោតសរសើរសម្ដេចតេជោ ហ៊ុន សែន ដែលបានដឹកនាំប្រទេសបានល្អប្រសើរ និងមានការរីកចម្រើនជាបន្តបន្ទាប់

ភ្នំពេញ៖ឯកឧត្តម ប្រាបូវ៉ូ ស៊ូប៊ីយ៉ាន់តូ (Prabowo Subianto) រដ្ឋមន្ត្រីការពារជាតិ និងជាប្រធានាធិបតីជាប់ឆ្នោត​នៃសាធារណរដ្ឋ​ឥណ្ឌូណេស៊ី បានកោតសរសើរសម្ដេចតេជោ ហ៊ុន សែន ដែលបានដឹកនាំប្រទេសកម្ពុជាបានល្អប្រសើរ ជាពិសេស​ក្នុង​ពេលដែល​ប្រទេសជួបនូវភាពស្មុគស្មាញ និងបានអភិវឌ្ឍន៍ប្រទេសឱ្យមានការរីកចម្រើនជាបន្តបន្ទាប់។ ឯកឧត្តមក៏បានរៀន សូត្រច្រើនពីការ​ដឹកនាំរបស់សម្ដេចតេជោ។

ការកោតសរសើរនេះក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋ​ស្តីទីនៃព្រះរាជាណាចក្រកម្ពុជានៅវិមានព្រឹទ្ធសភានារសៀលថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤។

ក្នុងជំនួបសម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានអបអរសាទរចំពោះ ឯកឧត្តម Prabowo Subianto ដែលត្រូវបានជាប់ឆ្នោត​ជាប្រធានាធិបតីឥណ្ឌូនេស៊ី។សម្ដេចតេជោក៏បានស្វាគមន៍ចំពោះដំណើរទស្សនកិច្ចរបស់ឯកឧត្តមមកកាន់ព្រះរាជាណាចក្រ​កម្ពុជា​នៅពេលនេះ។

ចំណែកឯកឧត្តម Prabowo Subianto បានថ្លែងអំណរគុណចំពោះសម្ដេចតេជោ ហ៊ុន សែន ដែលឯកឧត្តមបាន​ចាត់ទុក​សម្តេច​តេជោជាមិត្តដ៏ល្អ។ឯកឧត្តមបានជម្រាបជូនសម្ដេចតេជោប្រមុខរដ្ឋស្ដីទី ផងដែរអំពីលទ្ធផលល្អប្រសើរនៃជំនួបជាមួយ​សម្ដេច​មហា​បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។ឯកឧត្តមក៏បានអញ្ជើញសម្ដេចធិបតី​នាយករដ្ឋមន្ត្រីកម្ពុជា និងសម្ដេចតេជោ ហ៊ុន សែន ចូលរួមក្នុងឱកាសដែលឯកឧត្តមចូលកាន់មុខតំណែងជាប្រធានាធិបតីនៅថ្ងៃទី២០ ខែតុលា ខាងមុខ។

ឯកឧត្តមបានជម្រាបសម្ដេចតេជោ ហ៊ុន សែន ថា ឯកឧត្តមក៏បានរៀនសូត្រច្រើនពីការដឹកនាំរបស់សម្ដេចតេជោ ហើយក្នុងនាម​សម្ដេចតេជោ​ជាប្រធានព្រឹទ្ធសភា ឯកឧត្តមសង្ឃឹមថា នឹងធ្វើឱ្យកម្ពុជាកាន់តែរីកចម្រើនបន្ថែមទៀត។ ឯកឧត្តមបានបញ្ជាក់ថា ទស្សនកិច្ចរយៈពេលខ្លីរបស់ឯកឧត្តមមកកាន់កម្ពុជានៅពេលនេះ គឺដើម្បីបង្កើនមិត្តភាព និងពង្រឹងទំនាក់ទំនង រវាងសាធារណរដ្ឋ​ឥណ្ឌូនេស៊ី និងព្រះរាជាណាចក្រកម្ពុជាឱ្យកាន់តែប្រសើរបន្ថែមទៀត។

ឯកឧត្តមបានបង្ហាញបំណងពីការបន្តនូវកិច្ចសហប្រតិបត្តិការខាងផ្នែកសេដ្ឋកិច្ច និងវិស័យជាច្រើនទៀតរួមទាំងការបណ្ដុះបណ្ដាល​ធនធានមនុស្ស និងចង់ឱ្យយុវជនកម្ពុជាទៅបន្តការសិក្សានៅប្រទេសឥណ្ឌូនេស៊ី។ ឯកឧត្តមក៏មានបំណងពង្រីកបន្ថែមទៀត​នៅ​វិស័យសេដ្ឋកិច្ច រវាងប្រទេសទាំងពីរ និងបង្កើនជើងហោះហើរត្រង់ពីទីក្រុងសំខាន់ៗនៃប្រទេសទាំងពីរ ដែលនឹងសម្រួលដល់​ការ​ផ្លាស់​ប្ដូរការធ្វើដំណើររបស់ប្រជាជន និងប្រជាជន។ឯកឧត្តមបានប្តេជ្ញាថានៅក្នុងពេលឯកឧត្តមក្លាយជាប្រធានាធិបតីនៅពេល​ខាងមុខ នឹងបន្តនូវចំណងទាក់ទងមិត្តភាពជាមួយកម្ពុជាឲ្យកាន់តែប្រសើរឡើងបន្ថែមទៀត។

ជាកិច្ចឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីបានអបអរសាទរចំពោះឯកឧត្តម ដែលនឹងបន្តដឹកនាំសាធារណរដ្ឋ​ឥណ្ឌូ​នេស៊ី ដែលជាមិត្តរបស់កម្ពុជា។សម្ដេចចាត់ទុកឥណ្ឌូនេស៊ី គឺជាមិត្តចាស់ ហើយឥណ្ឌូនេស៊ីបានចូលរួមចំណែកយ៉ាងធំធេងក្នុងបុព្វ​ហេតុរបស់កម្ពុជាជាពិសេសក្នុងការដើរតួនាទីសហប្រធានសន្និសីទនៃទីក្រុងប៉ារីស។ ប្រទេសឥណ្ឌូនេស៊ីបានផ្ដល់ជាទីកន្លែង សម្រាប់កិច្ចប្រជុំរវាងភាគីកម្ពុជា និងការបង្កើតឧត្តមក្រុមប្រឹក្សាជាតិ។

សម្ដេចតេជោហ៊ុន សែន បានសម្តែងនូវការពេញចិត្តចំពោះមតិយោបល់របស់ឯកឧត្តម Prabowo Subianto​ ក្នុងបំណងដែល​ជំរុញ​ទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការ រវាងកម្ពុជា និងឥណ្ឌូនេស៊ី នៅក្នុងសមាគមអាស៊ាន។សម្តេចតេជោបាន​សម្ដែងនូវការ​ពេញចិត្តផងដែរចំពោះទំនាក់ទំនងក្នុងវិស័យការពារជាតិ ដែលឥណ្ឌូនេស៊ីបន្តការហ្វឹកហ្វឺនដល់យោធារបស់កម្ពុជា ដើម្បីថែរក្សា​សុខសន្តិភាពរបស់ប្រទេស ក៏ដូចជារួមចំណែកដល់ការរក្សាសន្តិភាព ស្ថិរភាពក្នុងតំបន់ផងដែរ។

ទាក់ទងទៅនឹងការភ្ជាប់ជើងហោះហើរត្រង់ពីឥណ្ឌូនេស៊ី មកកាន់ប្រទេសកម្ពុជា សម្ដេចតេជោបានមានប្រសាសន៍ថា គួរត្រូវ​បង្កើន​ថែមទៀតដើម្បីលើកកម្ពស់ទំនាក់ទំនងឱ្យកាន់តែប្រសើរឡើង ហើយសម្ដេចតេជោសង្ឃឹមថា ក្រុមហ៊ុនអាកាសចរណ៍​សាធារណរដ្ឋ​ឥណ្ឌូនេស៊ីនិងក្រុមហ៊ុនអាកាសចរណ៍នៅកម្ពុជានឹងពិនិត្យមើលក្នុងការបន្ថែមជើងហោះហើររវាងទីក្រុងធំៗនៃប្រទេសទាំងពីរ ដើម្បីនាំទេសចរទាំងប្រជាជនឥណ្ឌូនេស៊ី និងនាំទេសចរពីបណ្ដាប្រទេសផ្សេងៗមកកម្ពុជា។

សម្ដេចតេជោ ហ៊ុន សែន បានលើកទឹកចិត្តដល់ឥណ្ឌូនេស៊ីក្នុងការបង្កើនទំហំពាណិជ្ជកម្មបន្ថែម​ទៀតជាពិសេសក្នុងវិស័យ​សន្តិសុខ​ស្បៀងដែលឥណ្ឌូនេស៊ីត្រូវការស្បៀងពីកម្ពុជាដូចជា ស្រូវ អង្ករ និងផលិតផលកសិកម្មដទៃទៀត។

សម្តេចតេជោបានស្នើឱ្យឯកឧត្តម Prabowo Subianto ពិចារណាក្នុងការឱ្យក្រុមហ៊ុនឥណ្ឌូនេស៊ីមកដាក់ទុន១០០% ក្នុងការ​បង្កើតឃ្លាំងការប្រមូលទិញស្រូវ ,បង្កើតជាម៉ាស៊ីនកិនស្រូវ និងការវិចខ្ចប់ដើម្បីដឹកជញ្ជូននាំចេញទៅសាធារណរឥណ្ឌូនេស៊ី និង​បណ្ដា​ប្រទេសផ្សេងទៀត។

ទាក់ទងទៅនឹងការអញ្ជើញសម្ដេចទៅចូលរួមក្នុងពិធីឡើងកាន់តំណែងរបស់ឯកឧត្តមជាប្រធានាធិបតីនាពេលខាងមុខនេះ សម្តេចតេជោ ហ៊ុន សែន បានទទួលយកការអញ្ជើញ ហើយនឹងផ្ដល់ជូនសម្ដេចធិបតីនាយករដ្ឋមន្ត្រី ដើម្បីទៅចូលរួម ហើយ​ក្នុងករណីសម្តេចធិបតី ហ៊ុន ម៉ាណែត​ ជាប់ភារកិច្ចសម្តេចនឹងអញ្ជើញទៅចូលរួម។

សម្តេចតេជោ និងឯកឧត្តម Prabowo Subianto បានពិភាក្សាគ្នាអំពីការផ្លាស់ប្ដូរយោបល់ ជុំវិញសភាពការណ៍ក្នុងតំបន់ មានបញ្ហា​នៅសមុទ្រចិនខាងត្បូង បញ្ហាមីយ៉ាន់ម៉ា ដែលទាំងសម្ដេចតេជោ និងឯកឧត្តម​Prabowo Subianto សុទ្ធតែមានទស្សនៈ​ក្នុងការ​ធ្វើឱ្យ​តំបន់ទាំងនោះ មានសុខសន្តិភាព ស្ថិរភាព ដែលបម្រើផលប្រយោជន៍ជូនដល់ប្រជាជនទាំងមូល។

សម្ដេចតេជោប្រមុខរដ្ឋស្ដីទី បានជូនពរឯកឧត្តម Prabowo Subianto សូមឱ្យឯកឧត្តមទទួលបាននូវភាពជោគជ័យ សម្រាប់​ភារកិច្ចជាប្រធានាធិបតីដឹកនាំសាធារណរដ្ឋឥណ្ឌូនេស៊ី និងបន្តទំនាក់ទំនងល្អជាមួយកម្ពុជា និងសហការក្នុងការលើកកម្ពស់​សហប្រតិបត្តិការ សហគមន៍អាស៊ានឱ្យកាន់តែរីកចម្រើនបន្ថែមទៀត៕
ដោយ៖ពលជ័យ

ads banner