មេបញ្ជាការកងទ័ពខេត្តកំពង់ធំ៖យោធិនដែលសេរី អប់រំមិនបាន ត្រូវបានលុបឈ្មោះចេញពីក្របខ័ណ្ឌ
កំពង់ធំ ៖ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំបានបញ្ជាក់យ៉ាងម៉ឹងម៉ាត់ថា ក្នុងនាមជាកងយោធពលខេមរភូមិន្ទ ត្រូវតែស្មោះត្រង់ដាច់ខាត ចំពោះជាតិ សាសនា ព្រះមហាក្សត្រ និងការពាររាជរដ្ឋាភិបាលដែលប្រសូត្រចេញពីការបោះឆ្នោត និងបំពេញតួនាទីភារកិច្ច ស្របតាមលក្ខន្តិកៈ បទវិន័យទូទៅរបស់កងយោធពលខេមរភូមិន្ទ និងច្បាប់របស់រដ្ឋ។ លោកបន្ថែមថា ករណីយោធិនណាម្នាក់ អប់រំមិនស្តាប់ ត្រូវដាក់វិន័យ ឬត្រូវផ្ដន្ទាទោសតាមផ្លូវច្បាប់ ។ការបញ្ជាក់នេះ នៅក្នុងកិច្ចប្រជុំពង្រឹងតួនាទីភារកិច្ចរបស់កងយោធពលខេមរភូមិន្ទកាលពីព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ។
កិច្ចប្រជុំកងកម្លាំងចំណុះឱ្យបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ មានការចូលរួមពីថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មេបញ្ជាការគ្រប់បណ្ដាកងឯកភាព និងនាយការិយាល័យ ។ក្នុងឱកាសនេះឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹក បានកោតសរសើរចំពោះនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ដែលមានឆន្ទៈស្មោះត្រង់ និងអនុវត្តបំពេញតួនាទីភារកិច្ចបានល្អប្រសើរ ដោយពុំមានយោធិនណាម្នាក់ទទួលរងនូវវិន័យឡើយ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានណែនាំយោធិនគ្រប់បណ្តាកងឯកភាព ជានិច្ចជាកាលត្រូវត្រួតពិនិត្យគ្រឿងបំពាក់ និងត្រៀមកម្លាំង ,មធ្យោបាយក្នុងកិច្ចការពារជាតិបូរណភាពទឹកដី ,ចូលរួមសហការរក្សាសន្តិសុខសណ្ដាប់ធ្នាប់ក្នុងសង្គម ដើម្បីរក្សាសុខសន្តិភាព ជូនប្រជាជនឱ្យនៅគង់វង្សជារៀងរហូតទោះបីក្នុងតម្លៃណាក៏ដោយ៕
ដោយ៖ ប៊ុន រដ្ឋា