ក្រសួងការពារជាតិ ផ្សព្វផ្សាយការអនុវត្តថវិកាសមិទ្ធកម្ម ការគណនាតម្រូវការចំណាយ និងការរៀបចំរបាយការណ៍ ហិរញ្ញវត្ថុ ជូនដល់នាយទាហាន ជំនាញហិរញ្ញវត្ថុ
(ស្ទឹងត្រែង)៖ ឧត្តមសេនីយ៍ទោ ពង្ស ខេមរា នាយករង នៃនាយកដ្ឋានហិរញ្ញវត្ថុ នៃអគ្គ នាយកដ្ឋានភស្តុភារហិរញ្ញវត្ថុ ក្រសួងការពារជាតិ តំណាងឧត្តមសេនីយ៍ឯក លី កុសល រដ្ឋលេខាធិការក្រសួងការពារជាតិ បានអញ្ជើញជាអធិបតី ក្នុងសិក្ខាសាលាស្ដីពីការអនុវត្ត ថវិកាសមិទ្ធកម្ម ការគណនា តម្រូវការចំណាយ និងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ ដើម្បីចែករំលែកចំណេះដឹងជូនដល់នាយទាហាន ជំនាញហិរញ្ញវត្ថុ តាមបណ្ដាកងឯកភាពនានាចំណុះ កងយោធពលខេមរភូមិន្ទ កាលពីថ្ងៃទី១៤ ខែកញ្ញាឆ្នាំ ២០២៤ នាទីរួមខេត្ត ស្ទឹងត្រែង ។
ឧត្តមសេនីយ៍ទោ ពង្ស ខេមរា នាយករង នៃនាយកដ្ឋាន ហិរញ្ញវត្ថុ បានលើកឡើងថា ការជួបជុំនេះមានសារៈសំខាន់ ក្នុងគោលបំណងពង្រីក និងពង្រឹងប្រសិទ្ធភាព នៃការអនុវត្ត ថវិកាសមិទ្ធកម្ម សំដៅផ្ដល់ឱកាសដើម្បីសិក្សាឈ្វេងយល់ និងដកបទពិសោធន៍ និងឧត្តមានុវត្តនិងការអនុវត្តជាក់ស្ដែង នៃការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ។
ឧត្តមសេនីយ៍ទោ ពង្ស ខេមរា បានបន្តថា ស្របតាមមាគ៌ា នៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់រាជរដ្ឋាភិបាល និងផ្អែកតាមបទពិសោធន៍ដ៏ល្អនៅកម្ពុជា ថវិកាសមិទ្ធកម្ម ត្រូវរៀបចំឡើងដោយការពង្រឹងកំណត់កាន់តែច្បាស់ជាងមុន នូវសូចនាករសមិទ្ធកម្ម តាមកម្រិតរចនាសម្ព័ន្ធកម្មវិធី ទាំងការកំណត់សូចនាករលទ្ធផលក្នុងឆ្នាំ ទាំងសូចនាករលទ្ធផលចុងក្រោយ ដែលក្រសួងគ្រោងនឹងសម្រេច ។
ថវិកាសមិទ្ធកម្មនេះ អាចផ្ដល់ភាពបត់បែន ក្នុងការបង្កើតរចនាសម្ព័ន្ធកម្មវិធី ដោយផ្អែក ឬមិនផ្អែកទាំងស្រុង ទៅលើរចនាសម្ព័ន្ធរដ្ឋបាល ប៉ុន្តែតម្រូវឲ្យមានការវាស់វែងប្រសិទ្ធភាព និងភាពស័ក្តិសិទ្ធិ តាមរយៈសូចនាករសមិទ្ធកម្ម ដោយផ្សារភ្ជាប់រវាងលទ្ធផល ក្នុងឆ្នាំ និងលទ្ធផលចុងឆ្នាំ ឲ្យបានច្បាស់លាស់ ។
ឧត្តមសេនីយ៍នាយករង បានស្នើដល់អង្គសិក្ខាសាលា ផ្តោតលើការឈ្វេងយល់ចំណុចគន្លឹះៗ និងលើកទឹកចិត្ត ដល់កម្មសិក្សាការី ចូលរួមស្តាប់ជាមួយគ្រូឧទ្ទេសាចារ្យ និងវាគ្មិន ព្រមទាំងពិភាក្សា និងផ្លាស់ប្ដូរមតិយោបល់ ដើម្បីប្រមូល និងយកបទពិសោធន៍ មេរៀនល្អៗ ជាធាតុចូល សម្រាប់តម្រង់ទិសការអនុវត្តការងារឱ្យកាន់តែមានប្រសិទ្ធភាព ក្រោយពេលបញ្ចប់វគ្គសិក្សា ហើយនាំយកចំណេះដឹង ត្រឡប់ទៅបម្រើអង្គភាពរៀងៗខ្លួនវិញ ដោយប្រសិទ្ធិភាព ៕
ដោយ ៖ វណ្ណលុក