មេធំ Facebook បិទប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់រុស្ស៊ី នៅជុំវិញពិភពលោក

វ៉ាស៊ីនតោន : ក្រុមហ៊ុន Meta កាលពីថ្ងៃអង្គារ បាននិយាយថា ខ្លួនកំពុងហាមឃាត់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់រុស្ស៊ី ពីកម្មវិធីបណ្តាញសង្គមរបស់ខ្លួន នៅជុំវិញពិភពលោក។

ក្រុមហ៊ុន Meta ដែលជាម្ចាស់ Facebook និង Instagram បានប្រកាសហាមឃាត់សារព័ត៌មាន RT និងប្រព័ន្ធផ្សព្វផ្សាយរដ្ឋផ្សេងទៀតរបស់រុស្ស៊ី ដោយលើកឡើងពីការចោទប្រកាន់នានា ពាក់ព័ន្ធនឹងប្រតិបត្តិការជ្រៀតជ្រែកពីប្រទេសរុស្ស៊ី។

អ្នកនាំពាក្យក្រុមហ៊ុន Meta បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា បន្ទាប់ពីការពិចារណាយ៉ាងប្រុងប្រយ័ត្ន យើងបានពង្រីកការអនុវត្តជាបន្តបន្ទាប់របស់យើង ប្រឆាំងនឹងប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់រុស្ស៊ី។

ក្នុងនោះរួមមាន Rossiya Segodnya, RT និងអង្គភាពពាក់ព័ន្ធផ្សេងទៀត ហើយឥឡូវនេះត្រូវបានហាមឃាត់ពីកម្មវិធីរបស់ Meta ជាសកលដើម្បីរារាំងសកម្មភាពជ្រៀតជ្រែកពីបរទេស។

ការហាមឃាត់នេះ នឹងត្រូវដាក់ឱ្យអនុវត្តលើ បណ្តាញផ្សព្វផ្សាយរបស់ខ្លួន មានដូចជា Facebook, Instagram, WhatsApp និង Threads ពោលគឺប៉ុន្មានថ្ងៃបន្ទាប់ពីរដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក លោក ចូរ បៃសិន បានប្រកាសដាក់ទណ្ឌកម្មប្រឆាំងសារព័ត៌មាន RT និងប្រព័ន្ធផ្សព្វផ្សាយផ្សេងទៀតដែលគ្រប់គ្រងដោយរុស្ស៊ី។

ទោះយ៉ាងណា RT ដែលមានអ្នកតាមដានលើ Facebook ៧,២លាននាក់ មុនពេលការប្រកាសហាមប្រាមនោះ មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយទេ៕

ប្រភព : AFP ប្រែសម្រួលដោយ : ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner