អាមេរិកថាអ៊ីស្រាអែលមានសិទ្ធិការពារខ្លួន រឿងផ្ទុះក្នុងហាងទូរស័ព្ទនៅលីបង់

បរទេស៖ អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិក លោក John Kirby កាលពីថ្ងៃពុធបាននិយាយ ជាថ្មីម្តងទៀត នៅឯសេតវិមានថា អាមេរិកមិនពាក់ព័ន្ធនឹងឧប្បត្តិហេតុផ្ទុះឧបករណ៍ទំនាក់ទំនងនៅហាងលក់ទូរស័ព្ទចល័ត និងទីតាំងផ្សេងៗទៀត នៅលីបង់នោះទេ ក្រោយពេលមានចោទពីអ៊ីរ៉ង់ ប៉ុន្តែ លោកបានអះអាងទៀតថា អ៊ីស្រាអែលមានសិទិ្ធការពារខ្លួន ខណៈដែលក្រុមហេសបូឡាសចោទថា ជាស្នាដៃ របស់អ៊ីស្រាអែល។

នៅពេលសួរថា តើអ៊ីស្រាអែលបានគោរពច្បាប់មនុស្សធម៌អន្តរជាតិ ករណីបំផ្ទុះគ្រាប់បែក នៅលើឧបករណ៍ទំនាក់ទំនង Pagers នៅក្នុងប្រទេសលីបង់ ឬ យ៉ាងណានោះ លោក Kirby បានឆ្លើយតបថា «ដូចដែលយើងបាននិយាយ តាំងពីដើមដំបូងមក អ៊ីស្រាអែល មានសិទ្ធិការពារខ្លួន»។

គួររម្លឹកថា កាលពីដើមសប្តាហ៍ មានការបំផ្ទុះឧបករណ៍ទំនាក់ទំនងប្រភេទនេះ នៅទូទាំងប្រទេសលីបង់ បានសម្លាប់មនុស្ស៩នាក់ និងជិត៣០០០នាក់ផ្សេងទៀត រងរបួស ក្នុងនោះ មានទាំងក្រុមហេសបូឡា និងអគ្គរដ្ឋទូតអ៉ីរ៉ង់ ប្រចាំទីក្រុងបេរូត ទៀតផង។ ការផ្ទុះនេះបានកើតឡើង ក្នុងពេលដែលអរិយភាពរវាងអ៊ីរ៉ង់ និងអ៊ីស្រាអែល កាន់ធ្ងន់ធ្ងរ ខណៈដែលលីបង់គឺជាជម្រកដ៏សំខាន់របស់ក្រុមហេបូសឡាស ដែលមានពីអ៊ីរ៉ង់គាំទ្រពីក្រោយ ចេះតែបន្តវាយប្រហារ ទប់ទល់នឹងអ៊ីស្រាអែល៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner