អភិបាលខេត្តកំពង់ចាម ណែនាំអាជ្ញាធរមូលដ្ឋានឱ្យយកចិត្តទុកដាក់ដល់សុវត្ថិភាពប្រជាពលរដ្ឋ ខណៈពេលទឹកជំនន់កំពុងបន្តហក់ឡើង
កំពង់ចាម៖ក្នុងឱកាសដឹកនាំក្រុមការងារ មន្ទីរ អង្គភាពពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យស្ថានភាពទឹកជំនន់ទន្លេមេគង្គ នៅចំណុចព្រែកតាឃ្លោក ស្ថិតក្នុងឃុំកោះសូទិន ស្រុកកោះសូទិន នាព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ នេះ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានណែនាំដល់លោកអភិបាលក្រុង ស្រុក ទាំងអស់ និងអង្គភាពពាក់ព័ន្ធ សូមយកចិត្តទុកដាក់ ដល់សុវត្ថិភាពប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន ខណៈពេលដែលជំនន់ទឹកភ្លៀង និងជំនន់ទន្លេមេគង្គ កំពុងបន្តហក់ឡើង ។
ឯកឧត្ដម អ៊ុន ចាន់ដា មានប្រសាសន៍បញ្ជាក់ថា ផ្អែកតាមស្ថានភាពកម្ពស់ទឹកទន្លេមេគង្គ ខេត្តកំពង់ចាម នាថ្ងៃទី១៩ កញ្ញា នេះ បានឡើងដល់កម្ពស់ ១៣ម៉ែត្រ និងហូរចូលក្នុងព្រែកចំនួន ២៧ លើ ៤១ព្រែក នៅក្នុងភូមិសាស្ត្រ ខេត្តកំពង់ចាម ។
ឯកឧត្ដម អភិបាលខេត្តកំពង់ចាម ក៏បានធ្វើការណែនាំ ដល់លោកអភិបាលក្រុង ស្រុក ទាំងអស់ និងស្ថាប័នពាក់ព័ន្ធឱ្យបន្តយកចិត្តទុកដាក់លើការងារមួយចំនួនក្នុងនោះ ទី១.ត្រូវចុះពិនិត្យកន្លែងដែលមានទឹកហូរចូលព្រែក និងកន្លែងទឹកភ្លៀងដក់ ដែលមានប្រជាពលរដ្ឋ មកលេងកំសាន្ត សូមធ្វើការណែនាំឲ្យពួកគាត់ ប្រុងប្រយ័ត្នខ្ពស់ពីសុវត្ថិភាពផ្ទាល់ខ្លួន។ ទី២.ចំពោះ ម្ចាស់ទូកដ ប្រកបអាជីវកម្មចម្លង សូមពិនិត្យមើលបច្ចេកទេស ឲ្យបានត្រឹមត្រូវ និងធ្វើកិច្ចសន្យា ចំពោះ សុវត្ថិភាពប្រជាពលរដ្ឋ ដែលធ្វើដំណើរឆ្លងកាត់ ។ ទី៣.ត្រូវបន្តតាមដាន ពីសកម្មភាពបង្កបង្កើនផល របស់ប្រជាកសិករ ជាពិសេស លើផលប៉ះពាល់ទឹកជំនន់ទន្លេមេគង្គនិងជំនន់ទឹកភ្លៀងនិងទី៤.ក្រុមការងារគណៈកម្មាធិការគ្រោះមហន្តរាយខេត្ត និងមន្ទីរសុខាភិបាល សូមរៀបចំផែនការធានានូវកិច្ចការសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋ ដែលមានបញ្ហាសុខភាព ៕
ដោយៈលីពៅ