ពិធីភ្នុំបិណ្ឌជាប្រពៃណីធ្វើបុណ្យទានដ៏ផូរផង់របស់ខ្មែរតាំងពីសម័យពុទ្ធកាលដ៏យូរលង់
ភ្នំពេញ៖ ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌត្រូវបានពលរដ្ឋខ្មែរប្រកាន់ខ្ជាប់ និង បានគោរពប្រតិបត្តិតៗគ្នាអស់កាលច្រើនយុគសម័យមកហើយ។ពិធីបុណ្យមួយនេះដែរ ត្រូវបានចាស់បុរាណចាត់ទុកជាបុណ្យធំជាងគេក្នុងចំណោមពិធីបុណ្យដទៃទៀតសម្រាប់អ្នកកាន់ព្រះពុទ្ធសាសនា។
ជារៀងរាល់ឆ្នាំពេលដល់រដូវថ្ងៃខែនៃការប្រារព្ធ ពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ មកដល់ម្តងៗនោះ បងប្អូនខ្មែរ តែងមិនព្រងើយកន្តើយសោះឡើយដោយក្នុងនេះបាននាំកូនចៅ សាច់ញាតិសន្តានទាំងអស់ ទោះនៅទីជិត ឬទីឆ្ងាយ តែងតែធ្វើដំណើរទៅជួបជុំគ្នា ជាពិសេស ឪពុកម្តាយនៅស្រុកកំណើត ដើម្បីរៀបចំម្ហូបអាហារ បាយសម្ល ចង្ហាន់យកទៅប្រគេនព្រះសង្ឃ ដែលគង់នៅវត្តអារាមជានិច្ច។
សម័យដើមឡើយ ឬ សូម្បីតែសម័យនេះក្តីនៅពេលរដូវបុណ្យកាន់បិណ្ឌ ឬភ្ជុំបិណ្ឌមកដល់ម្តងៗគេតែងឃើញទិដ្ឋភាពពលរដ្ឋខ្មែរពិសេសតាមស្រុកស្រែចំការតែងម្នីម្នា នាំគ្នារៀប ចំខ្លួន កណ្តៀត យូរ កាន់ ទូល រែកចង្ហាន់ទៅវត្ត។ក្តីសប្បាយរីករាយនៃការជួបជុំ រួមផ្សំការធ្វើបុណ្យទានគឺជាការជ្រះថ្លានៃប្រពៃណីដ៏ផូរផង់របស់ខ្មែរមិនអាចកាត់ថ្លៃបានរបស់ពួកគាត់សោះឡើយ។
ឆ្នាំនេះពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ប្រព្រឹត្តទៅចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ ១៥រោច ខែភទ្របទ ត្រូវនឹងថ្ងៃទី១៨ដល់ថ្ងៃទី២ ខែតុលា ឆ្នាំ២០២៤។
ឯកឧត្តម ឆាត សុឆេត អ្នកនាំពាក្យក្រសួងធម្មការ និងសាសនាបានឱ្យដឹងថា៖ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ សម័យពុទ្ធកាលគេហៅថាពិធីទំនុកបម្រុង ឬផ្គង់ផ្គត់ព្រះសង្ឃនារដូវវស្សា។នៅសម័យពុទ្ធកាលគេក៏មិនធ្វើកន្លះខែដែរពោលគឺគេប្រារព្ធធ្វើឡើងរយៈពេល ៣ខែ គឺចាប់ពីថ្ងៃចូលព្រះវស្សានិងថ្ងៃព្រះសង្ឃចេញព្រះវស្សា ។ សម្រាប់ប្រទេសកម្ពុជាបានកំណត់យករយៈពេល១៥ថ្ងៃដោយអាស្រ័យលើជីវភាពរបស់ប្រជាពលរដ្ឋ ការយល់ដឹងរបស់ពុទ្ធសាសនិកជន និងចំណុចចុងក្រោយគឺបុព្វបុរសរបស់ខ្មែរយើងបានឱ្យប្រជាពលរដ្ឋមានលទ្ធភាពចូលរួមបានទាំងអស់គ្នា។
ឯកឧត្តមបានលើកឡើងឱ្យដឹងផងថា៖ក្រៅពីកត្តាខាងលើនេះចាស់បុរាណក៏បានយកថ្ងៃបុណ្យកាន់បិណ្ឌនិងថ្ងៃភ្ជុំធំនេះដោយផ្សារភ្ជាប់ប្រទេសជាតិដែរគឺប្រទេសជាតិសុខសាន្តត្រាន, នឹកឃើញដល់អាយុសង្ខាររបស់យើងម្នាក់ៗដោយពុំមានបុគ្គលណាម្នាក់រស់នៅអមតនោះទេ ដូចនេះត្រូវមានការធ្វើបុណ្យកុសលទុកជាទីពឹងពុំនាក់សម្រាប់ខ្លួនឯង និងព្រមជាមួយគ្នាក៏ជាឧទ្ទិសដល់កុសលទាំងឡាយជូនដល់បុព្វការីជនដែលបានបាត់បង់ជីវិតទៅ,ក្រៅពីនេះក៏បង្ហាញពីសាមគ្គីភាពពីស្រទាប់ពលរដ្ឋខ្មែរតាំងបុរាណមកដល់បច្ចុប្បន្ម។ “កាលដើមឡើយបិណ្ឌ១ឬបិណ្ឌផ្សេងៗទៀតគឺជាការកាន់វេនតាមភូមិតាមក្រុម។ទាំងនេះឯងគឺជាការបង្ហាញពួតដៃគ្នាធ្វើបុណ្យធ្វើទានរួមគ្នា។ខ្មែរយើងទោះមានក្រ ទុក្ខលំបាកប៉ុនណាគឺមិនចោលទៅវត្តអារាមទេ” ។ នេះជាការបញ្ជាក់ប្រាប់ពីសំណាក់ ឯកឧត្តម ឆាតសុឆេត អ្នកនាំពាក្យក្រសួងធម្មការ និងសាសនា។
អ្នកនាំពាក្យក្រសួងធម្មការ និងសាសនារូបនេះបានថ្លែងដោយបញ្ជាក់ថា ”បុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះមានតាំងតែសម័យពុទ្ធកាលរហូតមកដល់បច្ចុប្បន្នយើង”។
គួរបញ្ជាក់ថាកាលពីសម័យបុរាណកាល គេធ្វើពិធីបុណ្យនេះ គឺដើម្បីរៀបចំធ្វើសង្ឃភត្ត ទំនុកបម្រុងព្រះសង្ឃ ដែលគង់ចាំវស្សាក្នុងវត្តរយៈពេល ៣ខែ ចាប់តាំងពីថ្ងៃចូល វស្សារហូតដល់ថ្ងៃចេញវស្សា។ នៅក្នុងចំណេរកាលបុរាណបានចារថា ដោយនៅក្នុងរដូវវស្សាមានភ្លៀងធ្លាក់ជោកជាំ រលឹមពព្រិច ធ្វើឲ្យមានការលំបាកដល់ ព្រះសង្ឃក្នុងពេលធ្វើគោចរ (ដើរ) បិណ្ឌបាត។ ហេតុដូច្នេះ ទើបបណ្តាពុទ្ធបរិស័ទនាំគ្នារៀបចំពិធីនេះ ដើម្បីផ្គត់ផ្គង់ព្រះសង្ឃប្រចាំថ្ងៃរហូតដល់ថ្ងៃចេញ វស្សា។ ម្យ៉ាងវិញទៀត នៅក្នុងពិធីបុណ្យនេះ គឺធ្វើឡើងដើម្បីផ្សាយឧទ្ទិសកុសលដល់ពពួក ប្រេតជនញាតិ និងញាតិទាំង ៧សណ្តាន ព្រមទាំងតំណញាតិ ច្រើនមហាកប្បនោះផងដែរ តាមរយៈអនុភាពនៃសង្ឃគតាទក្ខិណាទាន ដែលរស់រងទុក្ខវេទនា កើតជាប្រេតមានកម្មពៀរជាប់ទោសធ្ងន់ រងកម្មក្រហល់ ក្រហាយអត់ឃ្លានទាំងអស់នោះ បានរួចផុតពីក្តីលំបាកវេទនា។
ចំពោះបុណ្យភ្ជុំបិណ្ឌនេះដែរ បុរាណាចារ្យរាជបណ្ឌិតខ្មែរយើងបានរៀបចំឱ្យរាល់ថ្ងៃកាន់បិណ្ឌ ឬថ្ងៃភ្ជុំបិណ្ឌក្តី នៅពេលពុទ្ធសាសនិកជនយកចំណីចំណុកមកវត្ត លោកតាអាចារ្យត្រូវរៀបចំពិធីរាប់បាត្រ នៅលើឧបដ្ឋាន សាលា។ បន្ទាប់ពីនោះ ត្រូវនាំពុទ្ធបរិស័ទវេរ (ប្រគល់) ចង្ហាន់ប្រគេនព្រះសង្ឃ វេរបាយបត្តបូរ។ល។ លុះដល់ពេលព្រះសង្ឃធ្វើ បត្តានុមោទនគាថាចប់ អ្នករៀបចំវេននីមួយៗត្រូ វរៀបចំ ម្ហូបអាហារ ចំណីចូលគំនាប់ជូនលោកតាអាចារ្យវត្ត ព្រមទាំងចាត់ចែងភោជ នាហារ ទទួលភ្ញៀវដែល អញ្ជើញទៅបុណ្យ នៅក្នុងថ្ងៃវេនរបស់ខ្លួននោះជានិច្ច ៕
ដោយ ៖ ម៉ា ដេប៉ូ