រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងទូតអូស្ត្រាលីថ្មី ជួបពិភាក្សាគ្នាលើកិច្ចការពង្រីក​កិច្ចសហការក្នុងវិស័យ មុខងារសាធារណៈកម្ពុជា

(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងទូតអូស្ត្រាលីថ្មី ប្រចាំកម្ពុជា បានជួបពិភាក្សាគ្នា លើកិច្ចការពង្រីកកិច្ចសហការ ក្នុងវិស័យ មុខងារសាធារណៈកម្ពុជា និងសិក្សាពីលទ្ធភាពក្នុងការបង្កើនឱកាសបន្ថែមដើម្បីគាំទ្រ និងជំរុញការងារអភិវឌ្ឍ សមត្ថភាពមន្ត្រីរាជការកម្ពុជា បន្ថែមលើយន្តការដែលមានស្រាប់ ។

នេះបើតាមលទ្ធផលនៃជំនួបសម្តែងការគួរសម និងសំណេះសំណាលរវាង ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងឯកឧត្តម ដេរិក យីប (Derek Yip) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពថ្មី នៃប្រទេសអូស្ត្រាលី ប្រចាំ កម្ពុជា នារសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងមុខងារសាធារណៈ តបតាមសំណើរបស់ស្ថានទូតអូស្ត្រាលី ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានអបអរសាទរឯកឧត្តម ឯកអគ្គរដ្ឋទូត ដែលបានទទួលបេសកកម្មដ៏ឧត្តម មកកាន់ប្រទេសកម្ពុជា ហើយឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានបង្ហាញនូវឆន្ទៈក្នុងបន្តជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឱ្យកាន់តែស៊ីជម្រៅលើគ្រប់វិស័យ។

ក្នុងជំនួបពិភាក្សានេះ ថ្នាក់ដឹកនាំទាំងពីរ បានធ្វើការកត់សម្គាល់ លើទំនាក់ទំនងការទូតរវាងប្រទេសកម្ពុជា អូស្ត្រាលី ដែលបានបន្តពង្រឹង និងពង្រីកទាំងក្នុងក្របខណ្ឌរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំ និងប្រជាជននៃប្រទេសទាំងពីរ លើគ្រប់វិស័យ។

ឯកឧត្ដមឯកអគ្គរដ្ឋទូត បានបង្ហាញការជឿជាក់ថា ប្រទេសអូស្ត្រាលី នឹងបន្តជាដៃគូកិច្ចសហប្រតិបត្តិការល្អ ក៏ដូចជាបន្តគាំទ្រលើចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ស្របទៅនឹងយុទ្ធសាស្រ្តបញ្ចកោណ ដែលកម្ពុជាកំពុងអនុវត្ត ដើម្បីឆ្ពោះទៅការអភិវឌ្ឍសង្គមសេដ្ឋកិច្ច។

ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានរម្លឹកជូន ឯកឧត្តម ឯកអគ្គរដ្ឋទូត នូវប្រសាសន៍របស់សម្តេចធិបតី ដែលបានប្រកាសជាសាធារណៈ និងបានលើកឡើង ជាមួយមិត្តបរទេស អំពីនយោបាយការបរទេសរបស់កម្ពុជា ដែលមានភាពច្បាស់លាស់ ហើយជានយោបាយការបរទេស ដែលបន្តនិរន្តភាព (Continuity) និងមានសង្គតិភាព (Consistency) ។

កិច្ចពិភាក្សា បានផ្តោតលើកិច្ចសហប្រតិបត្តិការនានា ផ្តើមចេញពីការអភិវឌ្ឍធនធានមនុស្ស តាមរយៈការផ្តល់ឱកាស អាហារូបករណ៍ដល់និស្សិត និងមន្ត្រីរាជការវ័យក្មេងកម្ពុជា ការជំរុញលើវិស័យពាណិជ្ជកម្ម ធុរកិច្ច និងវិនិយោគ រវាងប្រទេសទាំងពីរ។

ជាមួយគ្នានេះ ជាការឆ្លើយតបនឹងចំណាប់អារម្មណ៍ខ្ពស់ របស់ឯកឧត្តមទូត ក្នុងការស្វែងយល់បន្ថែមលើកិច្ចការងារ កែទម្រង់របស់រាជរដ្ឋាភិបាលក្នុងអាណត្តិទី៧នេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីកិច្ចការអាទិភាព ជាពិសេសការងារកែទម្រង់រដ្ឋបាលសាធារណៈ ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត តាមរយៈយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ជូនដល់ឯកឧត្តមអគ្គរដ្ឋទូត។

ថា្នក់ដឹកនាំទាំងពីររូប ក៏បានពិភាក្សាលើកិច្ចការពង្រីកកិច្ចសហការ ក្នុងវិស័យ មុខងារសាធារណៈកម្ពុជា និងសិក្សាពីលទ្ធភាពក្នុងការបង្កើនឱកាសបន្ថែមដើម្បីគាំទ្រ និងជំរុញការងារអភិវឌ្ឍសមត្ថភាព មន្ត្រីរាជការកម្ពុជា បន្ថែមលើយន្តការដែលមានស្រាប់ ក្នុងក្របខណ្ឌកិច្ចប្រជុំប្រមុខមុខងារសាធារណៈ សម្រាប់កិច្ចសហប្រតិបត្តិការអាស៊ានស្តីពីបញ្ហាពាក់ព័ន្ធនឹង មុខងារសាធារណៈ (ACCSM) ជាដើម។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានជូនពរដល់ក្រុមការងារ ស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា ជាពិសេស ឯកឧត្ដម ដេរិក យីប ឱ្យទទួលបានជោគជ័យគ្រប់ភារកិច្ច ក្នុងអាណត្តិបេសកកម្មការងារថ្មីរបស់ ឯកឧត្ដម នៅប្រទេសកម្ពុជា ៕

អត្ថបទ៖ វណ្ណលុក
រូបភាព៖ សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner