ពស់ថ្លាន់មួយក្បាលបិះលេបស្រ្តីម្នាក់បានសម្រេចនៅថៃ

បាងកក : ស្ត្រីវ័យ ៦៤ឆ្នាំម្នាក់ ដែលកំពុងធ្វើម្ហូបពេលល្ងាចនៅផ្ទះរបស់គាត់ នៅក្រៅក្រុងបាងកក ហាក់មានអារម្មណ៍ឈឺភ្លៅខ្លាំង ហើយមើលទៅក្រោម ឃើញពស់ថ្លាន់ដ៏ធំមួយក្បាលកំពុងរុំខ្លួនគាត់។

អ្នកស្រី Arom Arunroj បានរៀបរាប់ពីហេតុការណ៍នេះ ប្រាប់ដល់កាសែត Thairath ថា ខ្ញុំភ័យតក់ស្លុតស្ទើរទប់ខ្លួនលែងជាប់ ហើយនៅពេលគាត់អង្គុយចុះ… ពស់ថ្លាន់បានខាំខ្ញុំភ្លាម ហើយកំពុងរុំជុំវិញខ្លួនខ្ញុំ។

អ្នកស្រីបន្តថា ពស់ថ្លាន់នេះមានប្រវែងពី ៤ ទៅ ៥ម៉ែត្រ វាបានរុំជុំវិញខ្លួនខ្ញុំ ដោយវាបានរឹតខ្ញុំបន្តិចម្តងៗនៅជាន់ផ្ទះបាយរបស់គាត់។ អ្នកស្រីបន្ថែមថា ខ្ញុំបានយំស្រែករកជំនួយ លុះអស់ពេលជាង១ម៉ោងកន្លះក្រោយមក ទើបមានអ្នកជិតខាងដើរមកមើលមានរឿងអ្វីកើតឡើង និងបានលឺខ្ញុំស្រែកសុំជំនួយពីអាជ្ញាធរ។

ប៉ូលិសថៃម្នាក់ឈ្មោះ Anusorn Wongmalee បានប្រាប់សារព័ត៌មាន AP កាលពីថ្ងៃព្រហស្បតិ៍ថា នៅពេលដែលគាត់មកដល់ ស្ត្រីរងគ្រោះកំពុងអង្គុយនៅផ្អៀងមាត់ទ្វាររបស់នាង ដែលមើលទៅហាក់ដូចជាអស់កម្លាំង និងមានទឹកមុខតស្លេកស្លាំង ដោយសារពស់ថ្លាន់មួយក្បាលបានរុំជុំវិញខ្លួនគាត់។

ភ្លាមៗប៉ូលីស និងមន្ត្រីគ្រប់គ្រងសត្វ បានប្រើឧបករណ៍សង្កត់ក្បាលពស់ថ្លាន់នោះ រហូតដល់វាលែងរុំខ្លួនស្រ្តីនោះ មុននឹងអាចចាប់វាបាន។
ក្រោយមក អ្នកស្រី Arom ត្រូវបានបញ្ចូនទៅព្យាបាលនៅមន្ទីរពេទ្យ ដោយសារពស់ថ្លាន់នោះ បានខាំគាត់ជាច្រើនលើក ប៉ុន្តែជាសំណាងល្អ គាត់មិនមានគ្រោះថ្នាក់ដល់អាយុជីវិតទេ ពីព្រោះពស់ថ្លាន់មិនមានពិសឡើយ។

យោងតាមស្ថិតិរបស់រដ្ឋាភិបាលថៃ បានឱ្យដឹងថា ការជួបសត្វពស់មិនមែនជារឿងចម្លែកទេនៅក្នុងប្រទេសថៃ តួយ៉ាង កាលពីឆ្នាំមុន មនុស្ស ២៦នាក់ត្រូវបានសម្លាប់ដោយសារពស់ពិស។ ហើយមនុស្សសរុបចំនួន ១២,០០០នាក់ទៀតត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ ដោយសារពស់ពិស និងសត្វដទៃទៀតចឹក ឬខាំ កាលពីឆ្នាំ ២០២៣៕

ប្រភព៖ AP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner