ជប៉ុនស្រូបទាញភ្ញៀវទេសចរបរទេសហក់ឡើងខ្ពស់បំផុតក្នុងខែសីហា
តូក្យូ : ភ្ញៀវទេសចរបរទេសមកកាន់ប្រទេសជប៉ុន បានកើនឡើងខ្ពស់បំផុត សម្រាប់ខែសីហា ខណៈចំនួនអ្នកធ្វើដំណើរមកពីប្រទេសចិន កំពុងងើបឡើងវិញ។
អង្គការទេសចរណ៍ជាតិជប៉ុនបានប៉ាន់ប្រមាណថា ប្រទេសជប៉ុនបានស្រូបទាញភ្ញៀវទេសចរបរទេសជាង ២.៩៣លាននាក់កាលពីខែសីហាឆ្នាំនេះ។

តួលេខនេះ កើនឡើង ៣៦ភាគរយ បើធៀបនឹងឆ្នាំមុន ហើយវាក៏តំណាងឱ្យកំណត់ត្រាដ៏ខ្ពស់ប្រចាំខែទី៧ជាប់ៗគ្នាផងដែរ។
ក្នុងនោះ ចិនឈរចិនឈរលើគេក្នុងបញ្ជីភ្ញៀវទេសចរបរទេស ជាមួយនឹងចំនួន ៧៤៥,៨០០នាក់ កើនឡើងប្រហែល ជា ពីរដង បើធៀបនឹងតួលេខ កាលពី ឆ្នាំមុន ។
តាមពីក្រោយដោយកូរ៉េខាងត្បូង មានចំនួន ៦១២,១០០នាក់ និងតៃវ៉ាន់ ៥៦៤,៣០០នាក់។ ចំនួនភ្ញៀវទេសចរមកពីសហរដ្ឋអាមេរិកមានចំនួន ១៧៤,០០០នាក់ កើនឡើង ២៥.៨ភាគរយ។
អង្គការទេសចរណ៍ជាតិជប៉ុន បានបញ្ជាក់ថា ប្រសិនបើចំនួនភ្ញៀវទេសចរបន្តកើនឡើងក្នុងល្បឿនបែបនេះ នោះតួលេខពេញមួយឆ្នាំ ២០២៤ នឹងឈានដល់កម្រិតកំពូល ដូចមុនពេលផ្ទុះជំងឺរាតត្បាត៕
ប្រភព : NHK ប្រែសម្រួលដោយ : ឈឹម ទីណា
