បារម្ភសុវត្ថិភាពអ្នកដំណើរ Delta ផ្អាកជើងហោះហើរទៅមជ្ឈិមបូព៌ា
វ៉ាស៊ីនតោន៖ ក្រុមហ៊ុនអាកាសចរណ៍ Delta Air Lines បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួនកំពុងផ្អាកជើងហោះហើរត្រង់រវាងទីក្រុង New York និងទីក្រុង Tel Aviv រហូតដល់ដំណាច់ឆ្នាំ២០២៤នេះ។
ក្រុមហ៊ុនអាកាសចរណ៍អាមេរិក Delta បានចូលរួមជាមួយក្រុមហ៊ុនអាកាសចរណ៍ដទៃទៀត ប្រកាសលុបចោល ឬផ្អាកជើងហោះហើរទៅកាន់ទីក្រុងនានានៅតំបន់មជ្ឈិមបូព៌ា ក្នុងនោះរួមទាំងទីក្រុងបេរូត និងតេហេរ៉ង់ ចំពេលផ្ទុះជម្លោះរវាងអ៊ីស្រាអែល និងក្រុមហេសបូឡា នៅលីបង់។

ក្រុមហ៊ុនអាកាសចរណ៍ Delta បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ជើងហោះហើរត្រង់របស់ Delta រវាងទីក្រុង New York-JFK និងទីក្រុង Tel Aviv នឹងត្រូវផ្អាករហូតដល់ថ្ងៃទី ៣១ ខែធ្នូ ដោយសារតែជម្លោះដែលកំពុងបន្តនៅក្នុងតំបន់។
អតិថិជនដែលរងផលប៉ះពាល់អាចកក់ជើងហោះហើររបស់ពួកគេឡើងវិញ រហូតដល់ថ្ងៃទី១ ខែមីនា ឆ្នាំ ២០២៥។ ការផ្អាកនេះមានន័យថា Delta ឥឡូវនេះបានផ្អាករាល់ជើងហោះហើរត្រង់រវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល រហូតដល់ដំណាច់ឆ្នាំ ២០២៤ នេះអ្នកនាំពាក្យក្រុមហ៊ុនអាកាសចរណ៍ប្រាប់កាសែតបារាំង AFP។

ការភ័យខ្លាចផ្ទុះសង្រ្គាមដ៏ធំនៅតាមព្រំដែនភាគខាងជើងរបស់អ៊ីស្រាអែលបានកើនឡើង បន្ទាប់ពីឧបករណ៍ទំនាក់ទំនងរបស់ប្រតិបត្តិករហេសបូឡារាប់ពាន់គ្រឿងបានផ្ទុះនៅទូទាំងប្រទេសលីបង់ ដោយបានសម្លាប់មនុស្ស ៣៧នាក់ និងរបួសជិត ៣,០០០នាក់ទៀតក្នុងរយៈពេលពីរថ្ងៃ។
ទន្ទឹមគ្នា ក្រុមសកម្មប្រយុទ្ធដែលគាំទ្រដោយអ៊ីរ៉ង់ បានស្តីបន្ទោសលើអ៊ីស្រាអែល។ ក្រុមហ៊ុនអាកាសចរណ៍ដទៃទៀត រួមមាន Air France, Lufthansa និង Swiss ក៏បានផ្អាកជើងហោះហើរទៅកាន់ប្រទេសអ៊ីស្រាអែលបន្ទាប់ពីឧបទ្ទវហេតុនេះផងដែរ៕
ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា
