មជ្ឈមណ្ឌលបណ្តុះបណ្តាលប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក របស់អង្គការគយពិភពលោក នឹងជួយពង្រឹងតួនាទីរបស់សាលាជាតិគយ ក្នុងការអភិវឌ្ឍមូលធនមនុស្ស នៅកម្ពុជា
ភ្នំពេញ៖ មជ្ឈមណ្ឌលបណ្តុះបណ្តាលប្រចាំតំបន់ អាស៊ីប៉ាស៊ីហ្វិក របស់អង្គការគយពិភពលោក លេចវត្តមាននៅកម្ពុជា ដែលនឹងជួយពង្រឹងតួនាទីរបស់សាលាជាតិគយក្នុងការអភិវឌ្ឍមូលធនមនុស្ស តាមរយៈការផ្លាស់ប្តូរចំណេះដឹង, ចំណេះធ្វើ និងបទពិសោធលើជំនាញ បច្ចេកទេស និងកិច្ចការរបស់រដ្ឋបាលគយ ប្រកបដោយប្រសិទ្ធភាព និងចីរភាព, មិនត្រឹមតែក្នុងចំណោមមន្ត្រីគយនិងរដ្ឋាករកម្ពុជា និងបុគ្គលពាក់ព័ន្ធនៅក្នុងព្រះរាជាណាចក្រកម្ពុជាប៉ុណ្ណោះទេ, ប៉ុន្តែ ថែមទាំងក្នុងចំណោមបណ្តាមន្ត្រីគយ នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងពិភពលោក ផងដែរ ។
មជ្ឈមណ្ឌលបណ្តុះបណ្តាលប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិករបស់អង្គការគយពិភពលោក (World Customs Organization “WCO” Asia/Pacific Regional Training Centre-RTC AP) ត្រូវបានសម្ពោធជាផ្លូវការ នាព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ នៅសាលាជាតិគយ នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ។
ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានរំលឹកពីសាវតារ និងវឌ្ឍនភាពការងាររបស់សាលាជាតិគយ ដោយបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ ២០២១ ក្រោមអធិបតីភាព សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងបច្ចុប្បន្ន ជាប្រធានព្រឹទ្ធសភាកម្ពុជា ។ ក្រោយពីដំណើរការបានរយៈពេលជាងពីរឆ្នាំ, បន្ទាប់ពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងអង្គការគយពិភពលោក បានចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក របស់អង្គការគយពិភពលោក នៅទីក្រុងភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា នាកិច្ចប្រជុំក្រុមប្រឹក្សាកិច្ចសហប្រតិបត្តិការគយលើកទី១៤៣/១៤៤ នាថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៤ នៅទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិក, សាលាជាតិគយ ត្រូវបានទទួលស្គាល់ជាមជ្ឈមណ្ឌលបណ្តុះបណ្តាលប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកទី១១ របស់អង្គការគយពិភពលោក “WCO” ។
លោក Ricardo Treviño អគ្គលេខាធិការរង នៃអង្គការគយពិភពលោក បានថ្លែងអបអរសាទរ និងរំពឹងថា មជ្ឈមណ្ឌលបណ្តុះបណ្តាលថ្មីប្រចាំតំបន់នេះ នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងសកម្មភាពបណ្ដុះបណ្ដាល និងទទួលរៀបចំព្រឹត្តិការណ៍ផ្សេងៗរបស់អង្គការគយពិភពលោក ។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បញ្ជាក់ថា មជ្ឈមណ្ឌលបណ្តុះបណ្តាលប្រចាំតំបន់នេះ ជាសមិទ្ធផលប្រវត្តិសាស្ត្រសម្រាប់រដ្ឋបាលគយកម្ពុជា និងជាមោទនភាពរបស់ប្រទេសកម្ពុជា ក្នុងការរួមចំណែកជាមួយអង្គការគយពិភពលោក តាមរយៈការអភិវឌ្ឍជំនាញ ពង្រឹងសមត្ថភាព និងចំណេះដឹងដល់រដ្ឋបាលគយកម្ពុជា និងរដ្ឋបាលគយក្នុងតំបន់ ដែលជាផ្នែកមួយនៃការអភិវឌ្ឍធនធានមនុស្ស ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ។
ការទទួលស្គាល់សាលាជាតិគយ ជាមជ្ឈមណ្ឌលបណ្តុះបណ្តាលប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក របស់ WCO នេះ នឹងជួយពង្រឹងតួនាទីរបស់សាលាជាតិគយ ក្នុងការអភិវឌ្ឍមូលធនមនុស្ស តាមរយៈការផ្លាស់ប្តូរចំណេះដឹង, ចំណេះធ្វើ និងបទពិសោធលើជំនាញ បច្ចេកទេស និងកិច្ចការរបស់រដ្ឋបាលគយ ប្រកបដោយប្រសិទ្ធភាព និងចីរភាព, មិនត្រឹមតែក្នុងចំណោមមន្ត្រីគយនិងរដ្ឋាករកម្ពុជា និងបុគ្គលពាក់ព័ន្ធនៅ កម្ពុជាប៉ុណ្ណោះទេ, ប៉ុន្តែ ថែមទាំងក្នុងចំណោមបណ្តាមន្ត្រីគយនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងពិភពលោក ផងដែរ ៕
អត្ថបទ៖ វណ្ណលុក
រូបភាព៖ វ៉េង លិមហួត