ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ចែករំលែកពីការលើកកម្ពស់ ការអភិវឌ្ឍសមត្ថភាពមន្ត្រី និងការគ្រប់គ្រងសាធារណៈមតិ ក្នុងបេសកកម្មរបស់ឯកឧត្តមនៅប្រទេសចិន
ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញប្រកាសបើក «កិច្ចសន្ទនា រវាងយុវជន នៃឆ្នាំផ្លាស់ប្តូរប្រជាជនកម្ពុជា-ចិន ឆ្នាំ២០២៤» នាព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ នៅសាលទន្លេសាប អគារខេមវិទូនៃរាជបណ្ឌិត្យសភាកម្ពុជា ។
កិច្ចសន្ទនារវាងយុវជននៃឆ្នាំផ្លាស់ប្តូរប្រជាជនកម្ពុជា-ចិន ឆ្នាំ២០២៤ ត្រូវបានរៀបចំ ដោយវិទ្យាស្ថាន ខុងជឺ នៃរាជបណ្ឌិត្យសភាកម្ពុជា និងស្ថានទូតចិន ក្រោមការចូលរួមគាំទ្រពី ស.ស.យ.ក. និងផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន ក្នុងគោលបំណងពង្រីកកិច្ចសហការ និងបង្កើនការទំនាក់ទំនង រវាងយុវជននៃប្រទេសទាំងពីរដែលបានដើរតួយ៉ាងសំខាន់ក្នុងការជំរុញការយល់ដឹងទៅវិញទៅមក ជាពិសេសការកសាងចំណងមិត្តភាព យូរអង្វែងរវាងប្រជាជាតិយើង ស្របតាមពាក្យស្លោក «មិត្តភាពដែកថែប កម្ពុជា-ចិន» ។
ទន្ទឹមនឹងការថ្លែងសុន្ទរកថាពាក់ព័ន្ធនឹងទំនាក់ទំនងទ្វេភាគី និងចំណងមិត្តភាពកម្ពុជា-ចិន ដែលជាទំនាក់ទំនងប្រវត្តិសាស្ត្រដ៏រឹងមាំ និងយូរអង្វែង កើតចេញពីទំនុកចិត្ត ការគោរពឱ្យតម្លៃ និងជួយគ្នាទៅវិញទៅមកនៅគ្រប់កាលៈទេសៈ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ក៏បានទទួលសំនួរពាក់ព័ន្ធនឹងដំណើរ បេសកកម្មផ្លូវការទៅកាន់ប្រទេសចិន កាលពីចុងខែសីហា កន្លងទៅនេះ ។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានគូសរំលេចអំពីជំនួប និងកិច្ចពិភាក្សានានាក្នុងដំណើររយៈពេល ៥ថ្ងៃ ដែលបានផ្តោតលើគ្រប់ទិដ្ឋភាពនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ព្រមទាំងលទ្ធផលជាផ្កែផ្កានោះ គឺការបើកផ្លូវកិច្ចសហប្រតិបត្តិការបន្ថែមរវាងភាគីកម្ពុជា-ចិន មួយកម្រិតទៀត ទាំងក្នុងក្របខណ្ឌមុខងារសាធារណៈ ទាំងការងារអភិវឌ្ឍសមត្ថភាពមន្ត្រីរាជការស៊ីវិល ទាំងការគ្រប់គ្រងសាធារណៈមតិ និងទាំងក្របខណ្ឌយុវជន ដែលចេញពីមូលដ្ឋាននៃការពិភាក្សាប្រកបដោយភាពស៊ីជម្រៅ ជាមួយនឹងការចែករំលែក ផ្លាស់ប្តូរបទពិសោធ ត្រង់ទៅត្រង់មកក្នុងកិច្ចប្រជុំនីមួយៗ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបង្ហាញនូវការជឿជាក់ថា និស្សិតកម្ពុជា និងនិស្សិតចិនទាំងអស់ ដែលមានវត្តមាន ក្នុងកិច្ចសន្ទនានេះ នឹងចូលរួមយ៉ាងសកម្ម ដើម្បីចែករំលែកគំនិតច្នៃប្រឌិត និងបង្កើតការតភ្ជាប់ទំនាក់ទំនងរួមចំណែកដល់ “ឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជនកម្ពុជា-ចិន” និងជាពិសេសដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលប្រទេសទាំងពីរក្នុងការអភិវឌ្ឍប្រទេសក្នុងបុព្វហេតុជាតិ និងប្រជាជន ៕
ដោយ ៖ វណ្ណលុក