ឯកឧត្ដមឃួង ស្រេង ដឹកនាំមន្ត្រីជំនាញចុះពិនិត្យមើលស្ថានភាពនៃការបាក់កំណាត់ផ្លូវ បេតុង អបប្រឡាយស្ទឹងមានជ័យ
ភ្នំពេញ៖ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ នៅល្ងាច ថ្ងៃទី២៣ កញ្ញានេះ បានធ្វើដំណើរយ៉ាងបន្ទាន់ ចេញពីខេត្តខេត្តមណ្ឌលគីរី ឆ្ពោះមកកាន់ រាជធានីភ្នំពេញ ដើម្បីដឹកនាំមន្ត្រីជំនាញនិងអាជ្ញាធរដែនដីចុះពិនិត្យមើលស្ថានភាព នៃការបាក់កំណាត់ផ្លូវបេតុងអបប្រឡាយស្ទឹងមានជ័យ ក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ ក្រោយពីឯកឧត្ដមដឹកនាំប្រតិភូសាលារាធានីភ្នំពេញ ចុះសួរសុខទុក្ខ និងចែកអំណោយដល់កងទ័ពជួរមុខ ខេត្តព្រះវិហារ ខេត្តស្ទឹងត្រែង និងការធ្វើទស្សនៈកិច្ចមើលបង្គោលព្រុំដែនលេខ៦៥ ឡាប៉ាខេ(កម្ពុជា-វៀតណាម) ក្នុងភូមិអូអាម ឃុំស្រែខ្ទុំ ស្រុកកែវសីម៉ា ខេត្តមណ្ឌលគីរី។
កំណាត់ផ្លូវបេតុងអបប្រឡាយស្ទឹងមានជ័យ បានបាក់ជាបណ្តើរៗ នារសៀលថ្ងៃទី២៣ កញ្ញានេះ ហើយការចុះពិនិត្យមើលស្ថានភាពជាក់ស្តែងពីសំណាក់ ឯកឧត្ដមឃួង ស្រេង ធ្វើឡើងដើម្បីស្វែងរកមូលហេតុ ឈានទៅទប់ស្កាត់កុំឱ្យបាក់បន្ត និងការបញ្ជៀសនូវហានិភ័យផ្សេងៗចំពោះប្រជាពលរដ្ឋអ្នកដំណើរនិងប្រជាពលរដ្ឋរស់នៅតំបន់នេះ។
លោក សាំ ពិសិដ្ឋ បានបញ្ជាក់ថា មន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញប្រើប្រាស់កម្លាំងជំនាញ ដាក់ប៉ារ៉ាសបិទផ្លូវ ធ្វើការបុកស៊ីផាយ ជាបន្ទាន់ជាមួយនិងការជួសជុលកំណាត់ផ្លូវដែលបាក់ស្រុតនេះឡើងវិញ។
លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានឱ្យដឹងថា ៖ កំណាត់ផ្លូវបេតុងដែលបាក់ស្រុតនេះមាន(ប្រវែង ១៤៦ម៉ែត្រ ទទឹង៥ម៉ែត្រ) ស្ថិតនៅចំណុចខាងត្បូងស្ពានអាកាសស្ទឹងមានជ័យ ក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ ។ ចំពោះមូលហេតុនៃការបាក់ស្រុតផ្លូវនេះដោយសារភ្លៀងធ្លាក់ជាប់គ្នាប៉ុន្មានថ្ងៃនេះ បណ្ដាលអោយទឹកហូរច្រោះដីខាងក្រោមផ្លូវ និងបានធ្វើឲ្យដីទន់ជ្រាយរអិលទាំងតួថ្នល់ និងបេតុង ទើបមានការបាក់ស្រុតបែបនេះតែម្តង ៕
ដោយ ៖ ហេង សម្បត្តិ+ ថេត វិចិត្រ