ធនាគារអភិវឌ្ឍន៍អាស៊ីបានរក្សាការព្យាករកំណើនសេដ្ឋកិច្ចសម្រាប់កម្ពុជា នៅកម្រិត ៥,៨% សម្រាប់ឆ្នាំ ២០២៤ និង ៦,0% សម្រាប់ឆ្នាំ ២០២៥
ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ បានរក្សាការព្យាករកំណើនសេដ្ឋកិច្ច របស់ខ្លួនសម្រាប់កម្ពុជា នៅកម្រិត ៥,៨% សម្រាប់ឆ្នាំ ២០២៤ និង ៦,0% សម្រាប់ឆ្នាំ ២០២៥។ វាឆ្លុះបញ្ចាំងពីការកើនឡើងតិចតួចនៃថ្លៃម្ហូបអាហារ និង ការ ធ្លាក់ ចុះ នៃ ថ្លៃ ប្រេងឥន្ធនៈ នៅក្នុង ឆមាស ទី១ ឆ្នាំ ២០២៤ ធនាគារអភិវឌ្ឍន៍អាស៊ី បានបន្ថយការព្យាករ អតិផរណាពីមុនរបស់ខ្លួនពី ២,0% មក ០,៥% សម្រាប់ឆ្នាំ២០២៤នេះ បើយោងតាមទស្សនវិស័យ អភិវឌ្ឍន៍អាស៊ី (Asian Development Outlook ឬ ADO) ខែ កញ្ញា ឆ្នាំ២០២៤។
លោកស្រី Jyotsana Varma នាយិកា ធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា មាន ប្រសាសន៍ថា «ការ ស្ទុះ ងើបឡើងវិញនៃវិស័យវាយនភណ្ឌ ជាពិសេសសម្លៀកបំពាក់ ស្បែកជើង និងទំនិញធ្វើដំណើរកំពុង ជំរុញកំណើនសេដ្ឋកិច្ចប្រទេសកម្ពុជា។ វិស័យ កសិកម្ម និង ទេសចរណ៍ កំពុងបន្ត កើនឡើង ខណៈ ការបន្ត ហូរចូល នៃ ការ វិនិយោគ ផ្ទាល់ ពី បរទេស កំពុង ជួយជំរុញល្បឿន សេដ្ឋកិច្ចកម្ពុជា ។ ជារួមកម្លាំងចលករទាំងនេះកំពុងនាំមកនូវស្ថានភាពល្អប្រសើរសម្រាប់ឆ្នាំ ២០២៤ ព្រមទាំងពង្រឹងមូលដ្ឋាន សម្រាប់ កំណើន រឹងមាំនៅឆ្នាំ ២០២៥ និងឆ្នាំបន្តបន្ទាប់ទៀត។»
ការបន្ទាបការព្យាករអតិផរណា ឆ្លុះបញ្ចាំងពីការថយចុះថ្លៃទំនិញនិងសេវាទាក់ ទឹននឹង ប្រេងឥន្ធនៈ រួមជាមួយនឹងការថយចុះនៃថ្លៃជី ដែលបានគាំទ្រដល់ផលិតកម្មកសិកម្ម។ ការណនេះនឹងជួយសម្រាល បន្ទុកចំណាយចាំបាច់របស់ប្រជាពលរដ្ឋ ជាពិសេសក្រុមអ្នកដែលងាយរងគ្រោះបំផុត ដែលបាន ប្រឈម មុខនឹងបញ្ហានានាក្នុងពេលប៉ុន្មានឆ្នាំថ្មីៗនេះ ដោយសារការកើនឡើងនៃថ្លៃម្ហូបអាហារ និងប្រេងឥន្ធនៈ។
របាយការណ៍នេះគូសបញ្ជាក់ថា កំណើននៃការនាំចេញ សម្លៀកបំពាក់ ស្បែកជើង និងផលិតផល ធ្វើដំណើរ បាន ងើបឡើងវិញប្រមាណ ១៦,៩% ឆ្នាំលើឆ្នាំ ក្នុងឆមាសទី១ ឆ្នាំ ២០២៤ បន្ទាប់ពីបានធ្លាក់ ចុះ ១៨,៦% ក្នុងរយៈ ពេល ដូចគ្នា ក្នុងឆ្នាំ ២០២៣។ កំណើនការនាំចេញ ផលិតផលកមន្តសាលដទៃ ទៀតបានថយមក ត្រឹម ១ ,៣% ឆ្នាំលើឆ្នាំ នៅក្នុងឆមាសទី១ ពី ២១,២% ដែលសម្រេចបានក្នុងរយៈ ពេល ដូចគ្នា ក្នុងឆ្នាំ ២០២៣។ ការនាំចូលសម្ភារៈនិង ឧបករណ៍ សំណង់ បានកើនឡើង ២៣,៣% ឆ្នាំលើ ឆ្នាំ ក្នុងឆមាសទី១ ដោយសារសំណង់ជំរុញដោយ ការវិនិយោគ លើហេដ្ឋារចនាសម្ព័ន្ធសាធារណៈ។ វិស័យកសិកម្មត្រូវបានព្យាករថានឹងកើនឡើង ១,២% ក្នុងឆ្នាំ ២០២៤ និង ១,៣% ក្នុងឆ្នាំ ២០២៥។ វិស័យសេវាកម្ម ត្រូវបានព្យាករថានឹងកើនឡើង ៥,៤% នៅឆ្នាំ ២០២៤ មុនថយមកកម្រិត ៥,២% នៅឆ្នាំ ២០២៥។
ការព្យាករនេះត្រូវបានគាំទ្រដោយការកើនឡើង ២២,៧% ឆ្នាំលើឆ្នាំ នៃការមក ដល់របស់ភ្ញៀវទេសចរ ក្នុងឆមាសទី១ ឆ្នាំ ២០២៤។ ចំនួនភ្ញៀវអន្តរជាតិសរុប បានកើន ដល់ ៩៤,៨% នៃ កម្រិតមុនមានជំងឺរាតត្បាត ក្នុងឆមាសទី១ ឆ្នាំ២០១៩។
លំហូរ វិនិយោគ ពីបរទេស បានបន្តកើតមាន បើ ទោះ ជា បានថយ បន្តិច មក ត្រឹម ២,០ ពាន់ លាន ដុល្លារ ក្នុងឆមាសទី១ ឆ្នាំ២០២៤ ពី ២,១ពាន់លានដុល្លារ ក្នុងអំឡុងពេលដូចគ្នា កាលពីឆ្នាំមុន។ លំហូរ វិនិយោគនេះ ត្រូវបាន គាំទ្រដោយកំណើនទុនទៅក្នុងវិស័យមិនមែនហិរញ្ញវត្ថុ ខណៈពេលដែល លំហូរ វិនិយោគទៅក្នុងវិស័យ ហិរញ្ញវត្ថុ មាន ការថយចុះគួរឲ្យកត់សម្គាល់ ទំនងជាដោយសារប្រាក់ចំណេញទាប នៃវិស័យធនាគារ។
ហានិភ័យដែលអាចកើតមានសម្រាប់ទស្សនវិស័យសេដ្ឋកិច្ចកម្ពុជានេះរួមមាន កំណើនសេដ្ឋកិច្ច យឺតជាង ការរំពឹងទុកក្នុង ប្រទេសធំៗដូចជា សាធារណរដ្ឋប្រជាមានិតចិន អឺរ៉ុប និងសហរដ្ឋអាមេរិក បំណុលឯកជនខ្ពស់ ការប្រែប្រួលថ្លៃប្រេងឥន្ធនៈសកល និងផលប៉ះពាល់ធ្ងន់ធ្ងរដោយសារអាកាសធាតុ អាក្រក់។
ធនាគារអភិវឌ្ឍន៍អាស៊ី ប្តេជ្ញាថានឹងសម្រេចឱ្យបាននូវ វិបុលភាព បរិយាបន្ន ភាពធន់ និង និរន្តរភាព ក្នុងតំបន់អាស៊ីនិងប៉ាស៊ីហ្វិក ស្របជាមួយនឹងការខិតខំប្រឹងប្រែង ដើម្បីលុបបំបាត់ភាពក្រីក្រ ខ្លាំង។ បង្កើត ឡើងនៅឆ្នាំ ១៩៦៦ ធនាគារនេះគ្រប់គ្រងដោយសមាជិកចំនួន ៦៨ ប្រទេស ដែល ក្នុងនោះ មាន ៤៩ ប្រទេស មកពីតំបន់អាស៊ីនិងប៉ាស៊ីហ្វិក៕
ដោយ ៖ ង៉ាន់ ទិត្យ