សិស្ស និងគ្រូ ២៥នាក់ទំនងស្លាប់ ក្នុងគ្រោះថ្នាក់ឆេះឡានក្រុងដឹកសិស្ស
បាងកក៖ ឡានក្រុងដឹកសិស្សសាលា និងគ្រូបង្រៀនមួយគ្រឿង នាថ្ងៃអង្គារនេះ បានរងការឆាបឆេះនៅជាយទីក្រុងបាងកក បណ្តាលអោយមនុស្សប្រហែល ២៥នាក់ទំនងជាបានស្លាប់ ខណៈអ្នកដំណើរ ១៩នាក់ផ្សេងទៀត ត្រូវបានបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ។ នេះបើតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន AFP។
ប្រភពបានឱ្យដឹងថា សោកនាដកម្មនេះ កើតឡើងនៅក្នុងខេត្ត Pathum Thani ជាប់ជាយក្រុងបាងកក។ ឡានក្រុងនោះ ដឹកអ្នកដំណើរសរុប ៤៤នាក់ ក្នុងនោះ៣៨នាក់ជាសិស្ស និង៦នាក់ជាគ្រូបង្រៀន ទើបតែត្រឡប់ពីធ្វើដំណើរទស្សនកិច្ចសិក្សាមួយនៅឯខេត្ត Uthai Thani ចម្ងាយប្រហែល២៥០គីឡូម៉ែត្រ ពីភាគខាងជើងក្រុងបាងកក។
រដ្ឋមន្រ្តីមហាផ្ទៃថៃ លោក Anutin Charnvirakul បានប្រាប់ក្រុមអ្នកសារព័ត៌មានថា មនុស្សប្រហែល២៥នាក់ ដែលធ្វើដំណើរនៅលើរថយន្តនោះ ត្រូវជឿថា ទំនងជាបានបាត់បង់ជីវិត ខណៈលោកមិនបានបកស្រាយអ្វីបន្ថែមនោះទេ។
រី ឯរដ្ឋមន្រ្តីដឹកជញ្ជូនថៃ លោក Suriya Juangroongruangkit បាននិយាយថា សិស្សសាលា១៦នាក់ និងគ្រូបង្រៀន៣នាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។
រីឯតៃកុងឡានបានរត់គេចខ្លួន និងបិទទូរសព្ទបាត់។ ហើយមកដល់ពេលនេះ មិនទាន់មានព័ត៌មានចុះផ្សាយអំពីដើមហេតុនៃការឆេះនោះទេ រង់ចាំការស៊ើបអង្កេតពីអាជ្ញាធរសិន៕
ប្រភព : AFP ប្រែសម្រួលដោយ : ឈឹម ទីណា