ដំណាំ «គ្រាប់រីករាយ»នៅអេស្ប៉ាញ លូតលាស់បានល្អ
បរទេស៖ គ្រោះរាំងស្ងួតបាននិងកំពុងផ្តល់អំណោយផលដល់ការដាំដុះគ្រាប់រីករាយ Pistachio នៅក្នុងប្រទេសអេស្ប៉ាញ ខណៈដែលការដាំដុះដំណាំប្រភេទនេះកើនខ្លាំង នៅប៉ុន្មានឆ្នាំចុងក្រោយ។
ពីរទសវត្សរ៍មុន លោក Garcia បានប្រមូលផលទំពាំងបាយជូ និងគ្រាប់ធញ្ញជាតិ នៅក្នុងកសិដ្ឋានរបស់លោក ស្ថិតនៅកណ្តាលប្រទេសអេស្ប៉ាញ ដូចឪពុក និងជីតាដែរ។ ឥឡូវនេះ លោកបានដាំគ្រាប់រីករាយ Pistachios ដែលជាដំណាំរកចំណូលបានល្អប្រសើរ អាចទប់ទល់នឹងគ្រោះរាំងស្ងួត ដែលកើតមានកាន់តែញឹកញាប់ និងខ្លាំង នៅក្នុងប្រទេសអេស្ប៉ាញ។
លោក Garcia ប្រមូលផលគ្រាប់ពណ៌បៃតង ប្រភេទនេះ ពី ១០ ទៅ ២០តោន ជារៀងរាល់ឆ្នាំ នៅឯកសិដ្ឋានរបស់លោក ដែលមានទំហំ ២៦ហិកតា នៅតំបន់ Manzanares។ តម្លៃអាចមានដល់ ជាង១២ដុល្លារ ក្នុងគីឡូក្រាម សម្រាប់នៅអឺរ៉ុប។
លោក Garcia បាននិយាយថា ដើមឈើ Pistachio ដែលមានដើមកំណើត នៅមជ្ឈិមបូព៌ា គឺ «ធន់» និង «សម្របខ្លួនទៅនឹងអាកាសធាតុក្តៅស្ងួត និង ត្រជាក់ក្នុងរដូវរងារ ផងដែរ»។
យោងតាមតួលេខរបស់ក្រសួងកសិកម្ម បានឱ្យដឹងថា ចំនួនដីសម្រាប់ដាំដើមគ្រាប់រីករាយ Pistachio នៅក្នុងប្រទេសអេស្ប៉ាញ បានកើនឡើងជិត ៥ ដង ចាប់តាំងពីឆ្នាំ ២០១៧មក ពោលគឺកើន ដល់ ៧៩,០០០ ក្នុងឆ្នាំ២០២៤៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត