អ្នកវិទ្យាស្រ្តបានរកឃើញបំណែកប្លាស្ទិកតូចៗបំផុតក្នុងខួរក្បាលមនុស្ស

បរទេស៖ បំណែកប្លាស្ទិកនិងសរសៃតូចៗបំផុតរបស់វា ត្រូវបានរកឃើញ នៅក្នុងជាលិកាដែលច្រមុះរបស់មនុស្ស ដកដង្ហើមចូលក្នុងខ្លួនមនុស្ស និងបានជ្រាបចូលទៅដល់ខួរក្បាល។ បើយោងទៅតាមការសិក្សាថ្មីមួយ ចុះផ្សាយនៅ CNN អ្នកវិទ្យាសាស្រ្តបានអះអាងថា វាបង្កគ្រោះថ្នាក់ខ្លាំងដល់សុខភាពរបស់មនុស្ស។

ប្រភពដដែលបានបញ្ជាក់ថា សរសៃនិងបំណែកមីក្រូប្លាស្ទិក ត្រូវបានគេរកឃើញនៅក្នុងខួរក្បាលមនុស្ស តាមរយៈការដកដង្ហើមពីការបំពុលដោយប្លាស្ទិក និងដែលនាំក្លិន ទៅដល់មូលដ្ឋាននៃខួរក្បាល។

លោក Amato-Lourenço អ្នកស្រាវជ្រាវផ្នែកមីក្រូប្លាស្ទិក កម្រិតក្រោយថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ Free of Berlin បានឲ្យដឹងតាមរយៈអ៊ីមែលថា «ការមានវត្តមាន បំណែកប្លាស្ទិក និងសរសៃតូចៗរបស់វា នៅក្នុងប្រព័ន្ធដកដង្ហើម ចូលដល់តំបន់ផ្សេងទៀត នៃខួរក្បាល..ការចល័តនៃសារធាតុមីក្រូប្លាស្ទិក អាចរត់ទៅបណ្តុំនៃខួក្បាលមនុស្ស អាស្រ័យទៅលើកត្តាជាច្រើន រួមទាំង រូបរាង និងទំហំរបស់ភាគល្អិត ជាសរសៃ ឬ បំណែក ជាដើម»។ លោក Amato-Lourenço បានបន្ថែមថា ដោយសារទំហំ និងរូបរាងតូចខ្លាំង ដូច្នេះ ភាគល្អិតឬសរសៃ ឆ្លងកាត់កោសិកា Microglia ចូលទៅឈាមខួរក្បាល ដែលជាភ្នាសការពារខួរក្បាល និងខួរឆ្អឹងខ្នងទៀតផង។

លោកស្រី Phoebe Stapleton សាស្ត្រាចារ្យរងផ្នែកឱសថសាស្ត្រ និងជាតិពុល នៅសាកលវិទ្យាល័យ Rutgers ក្នុងទីក្រុង Piscataway រដ្ឋ New Jersey សហរដ្ឋអាមេរិក បាននិយាយថា «នេះគឺជាការសិក្សាដ៏គួរឱ្យចាប់អារម្មណ៍មួយ»។ លោកស្រី Stapleton បានបន្ថែមថា « ខ្ញុំពិតជាគិតថា ប្លាស្ទិកនឹងមាននៅគ្រប់កន្លែង នៅក្នុងរាងកាយយើង… នេះគ្រាន់តែជាភស្តុតាង មួយបន្ថែមទៀត»។

ការសិក្សាថ្មីៗជាច្រើន បានរកឃើញមីក្រូប្លាស្ទិក និងសារធាតុ ណាណូប្លាស្ទិក នៅក្នុងជាលិកាខួរក្បាលរបស់មនុស្ស ពងស្វាស និងលិង្គ ឈាមរបស់មនុស្ស ជាលិកាសួត និងថ្លើម ទឹកនោម និងលាមក ទឹកដោះម្តាយ និងសុកទារកផងដែរ។

ការសិក្សាកាលពីខែមីនា បានរកឃើញថា មនុស្សដែលមានផ្ទុកមីក្រូប្លាស្ទិក ឬ Nanoplastics នៅក្នុងឈាម អាចជួបជំងឺ គាំងបេះដូង, ជំងឺដាច់សរសៃឈាមខួរក្បាល ឬ ស្លាប់ដោយសារមូលហេតុណាមួយ លឿនជាងមនុស្ស ដែលមានគ្មានមីក្រូប្លាស្ទិកចំនួន៣ឆ្នាំ។

សូមបញ្ជាក់ថា មីក្រូប្លាស្ទិកគឺជាបំណែកវត្ថុធាតុ polymer ដែលមានទំហំចាប់ពី 0.2 អ៊ីញ (5 មិល្លីម៉ែត្រ) ដល់ 1/25,000th នៃអ៊ីញ (1 មីក្រូម៉ែត្រ)។ អ្វីដែលតូចជាងនេះគឺ nanoplastic ដែលមានទំហំតូចសឹងមើលមិនចង់ឃើញដោយមីក្រូទស្សន៍៕

ប្រភពពី CNN ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner