សូម៉ាលីហាមឃាត់ការប្រើថង់ប្លាស្ទិក
ម៉ូហ្គាឌីស៊ូ : ប្រទេសសូម៉ាលី ក្នុងសប្តាហ៍នេះ បានដាក់ចេញបម្រាមហាមឃាត់រយៈពេលវែង លើការប្រើប្រាស់ថង់ប្លាស្ទិកប្រើបានតែមួយដង។
ប្រទេសសូម៉ាលីកាលពីថ្ងៃអង្គារបានដាក់បម្រាមហាមឃាត់យៈពេលយូរលើការប្រើប្រាស់ថង់ប្លាស្ទិកប្រើបានតែមួយដង ដើម្បីជួយដោះស្រាយការបំពុលបរិស្ថាន។
ច្បាប់ថ្មីដែលត្រូវបានប្រកាសជាលើកដំបូងនៅក្នុងខែកុម្ភៈ នឹងហាមឃាត់ការនាំចូល ការផលិត ការលក់ និងការប្រើប្រាស់ថង់ប្លាស្ទិក ដែលជាធម្មតាត្រូវបានគេបោះចោលជាសំរាម ឬកប់ក្នុងកន្លែងចាក់សំរាម។
សកម្មជនបរិស្ថានម្នាក់ បាននិយាយថា ប្រទេសសូម៉ាលីបានពឹងផ្អែកយ៉ាងខ្លាំងលើការប្រើប្រាស់ថង់ប្លាស្ទិក ហើយថា ឧស្សាហកម្មនេះ មានតម្លៃដល់ទៅ ៥០លានដុល្លារ។
កម្មវិធីបរិស្ថានរបស់អង្គការសហប្រជាជាតិ (UNEP) បានប៉ាន់ប្រមាណថា ប្លាស្ទិកមានទំហំប៉ុនឡានដឹកសំរាមចំនួន ២,០០០គ្រឿង ត្រូវបានគេបោះចោលទៅក្នុងសមុទ្រ ទន្លេ និងបឹងជារៀងរាល់ថ្ងៃ។
UNEP បន្ថែមថា ជារៀងរាល់ឆ្នាំ កាកសំណល់ប្លាស្ទិកពី ១៩ ទៅ ២៣លានតោនបានលេចធ្លាយចូលទៅក្នុងប្រព័ន្ធអេកូឡូស៊ីទឹករបស់ពិភពលោក៕
ប្រភព : AFP ប្រែសម្រួលដោយ : ឈឹម ទីណា