ហេតុផលដែលខេត្តបាត់ដំបងទាក់ទាញបានភ្ញៀវជាង២១ម៉ឺននាក់ក្នុងចំនួនភ្ញៀវសរុប១លាន៨សែននាក់
បាត់ដំបង៖ពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិបានបញ្ចប់ក្រោមបរិយាកាសសប្បាយរីករាយកាលពីថ្ងៃទី២ ខែតុលាឆ្នាំ២០២៤ កន្លង។ក្នុងឱកាសឈប់សម្រាកច្រើនថ្ងៃពោលរយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៤មានភ្ញៀវទេសចរ ជាតិ អន្តរជាតិ និងប្រជាពលរដ្ឋធ្វើដំណើរកម្សាន្តទូទាំងប្រមាណ១លាន៨សែននាក់។ក្នុងនោះខេត្តបាត់ដំបងស្រូបយកភ្ញៀវ ជាតិ និងអន្តរជាតិជាង២១ម៉ឺននាក់ ។នេះជាចំនួនដ៏ច្រើន។វត្តមានភ្ញៀវដ៏ច្រើនបែបនេះមិនមែនកើតឡើងដោយចៃដន្យទេ តែវាបង្ហាញឱ្យឃើញពីការចូលរួមរបស់អ្នករកស៊ីបម្រើសេវាទេសចរណ៍ សហគមន៍ទេសចរណ៍ ការរៀបចំផ្សព្វផ្សាយដោយមន្ទីរទេសចរណ៍ ពិសេសរដ្ឋបាលខេត្តបាត់ដំបងផ្ទាល់។
អាន៖ លោក ហម អរុណ អនុប្រធានមន្ទីរ និងជាអ្នកនាំពាក្យនៃមន្ទីរទេសចរណ៍ខេត្តបាត់ដំបងបានបញ្ជាក់ថានៅក្នុងឱកាស បុណ្យភ្ជុំបិណ្ឌរយៈពេល៣ថ្ងៃគិតពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែតុលា ខេត្តបាត់ដំបងទទួលបានភ្ញៀវសរុបចំនួន ២១៦ ១៧៩ នាក់ កើនឡើង១.៥៩% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២៣ ដែលមានចំនួនប្រមាណ ២១២ ៧៨៦នាក់ ។ក្នុងនោះភ្ញៀវជាតិចំនួន ២១៥៥៥៩នាក់ កើនឡើង១.៥២% បើប្រៀបធៀបរយៈពេលដូចគ្នាឆ្នាំ២០២៣និងភ្ញៀវអន្តរជាតិ ៦២០ នាក់ កើនឡើង ៣៥.៦៧% ប្រៀបធៀបរយៈពេលដូចគ្នាឆ្នាំ២០២៣ ដែលមានចំនួន ៤៥៧ នាក់។
លោក ហម អរុណ បានបង្ហាញពីហេតុផលដែលជំរុញឱ្យខេត្តបាត់ដំបងទទួលការចូលមកទស្សនាមានការកើនឡើងនេះ គឺ គោលដៅតាមតំបន់ទេសចរណ៍នីមួយៗក្នុងខេត្តមានការរៀបចំនូវសណ្ដាប់ធ្នាប់ជូនភ្ញៀវបានល្អ។រមណីយដ្ឋាននានាមានការគិតគូរនិងយកចិត្តទុកដាក់ លើសេវាកម្ម ការរក្សាតម្លៃម្ហូបអាហារនិងបដិសណ្ឋារកិច្ចភ្ញៀវបានល្អពុំមានបាតុភាពបង្កការ ថ្នាំងថ្នាក់ដល់ភ្ញៀវទេសចរនោះទេ។
លោកអនុប្រធានមន្ទីរបន្តថា មានចូលរួមសហការបានយ៉ាងល្អពីម្ចាស់សេវាកម្មក្នុងវិស័យទេសចរណ៍ទាំងនោះនិងបន្ទាប់ពីក្រុម ការងារជំនាញទេសចរណ៍របស់មន្ទីរទេសចរណ៍ខេត្តបាត់ដំបងបានចុះផ្សព្វផ្សាយជាបន្តបន្ទាប់នៅតាមរមណីយដ្ឋានទេសចរណ៍ និងនៅតាមគោលដៅទេសចរណ៍ដែលមាននៅក្នុងរបស់ខ្លួន ដោយមិនឱ្យមានការដំឡើងថ្លៃទៅលើមុខម្ហូបនិងសេវាស្នាក់នៅ តាមសណ្ឋាគារ និងផ្ទះសំណាក់ឡើយ។
ខេត្តបាត់ដំបង ស្ថិតនៅពាយព្យនៃប្រទេសនិងមានចម្ងាយជិត៣០០គីឡូម៉ែត្រពីរាជធានីភ្នំពេញ។ជាទឹកដីដ៏ចំណាស់មួយ មានរមណីយដ្ឋានប្រវត្តិសាស្រ្ត វប្បធម៌ ប្រពៃណីសិល្បៈនិងរមណីយដ្ឋានធម្មជាតិដ៏សម្បូរបែប និងមានម្ហូបអាហារប្លែកៗរបស់អ្នកខេត្តបាត់ដំបង។ខេត្តមានរមណីយដ្ឋាននិងគោលដៅទេសចរណ៍សរុបចំនួន១១៥កន្លែង។ ក្នុងនោះរួមមាន ៖ រមណីយដ្ឋានទេសចរណ៍ចំនួន២២កន្លែង,សហគមន៍ទេសចរណ៍និងអេកូទេសចរណ៍ចំនួន៤កន្លែង,តំបន់គោលដៅទេសចរណ៍ ចំនួន៥៤កន្លែង,សារមន្ទីរចំនួន២កន្លែង,តំបន់ទេសចរណ៍បែបសាសនាចំនួន២៩កន្លែងនិងគោលដៅកសិ-ទេសចរណ៍ ៤កន្លែង៕
អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប.