ថៃឆេះឡានជាថ្មីទៀត បន្ទាប់ពីឆេះស្លាប់គ្រូនិងសិស្សបាន៤ថ្ងៃ

បាងកក ៖ កាសែតថៃ Bangkok Post បានចេញផ្សាយថា មនុស្ស៥នាក់បានរងរបួស ក្នុងហេតុការណ៍ឆេះឡានតាក់ស៊ី កែច្នៃប្រើហ្គាស មួយគ្រឿង នៅបាងកក។ ហេតុការណ៍នេះបានកើតឡើង ក្រោយពេល៤ថ្ងៃ ដែលមានករណីឆេះឡានក្រុងស្លាប់គ្រូ និងសិស្ស២៣នាក់ ដោយគេដឹងថា ឡានមួយគ្រឿងនេះ បានកែច្នៃ ប្រើឧស្ម័នធម្មជាតិ ឬ ហ្គាស LPG ដូចគ្នា។

Bangkok Post បានរៀបរាប់ថា ឡានតាក់ស៊ីមួយគ្រឿងនេះ បានឆាបឆេះនៅផ្លូវ Rama IX កាលពីព្រឹកថ្ងៃសៅរ៍ ដែលបានបណ្តាលឲ្យរងរបួស ទាំងអ្នកដំណើរ និងអ្នកបើកបរ។ ភ្លើងបានឆាបឆេះ នៅម៉ោង៨និង១០នាទីព្រឹក ហើយប្រើពេល១៥នាទី ទើបរលត់ទៅវិញ។ តាមការសន្និដ្ឋានបឋមអំពីមូលហេតុនៃការឆេះ គឺបណ្តាលមកពីគ្រោះថ្នាក់ ក្នុងនោះ រថយន្តតាក់ស៊ីមួយគ្រឿងនេះ បានបើកទៅបុករបាំងថ្ម នៅចំណុចផ្លូវកោង ហើយក្រឡាប់ផ្ងារជើង។

រថយន្តតាក់ស៊ីមួយគ្រឿងនេះ បានប្រើសាំងផង និងហ្គាស LPG ផង ប៉ុន្តែ មិនមានការបញ្ជាក់ច្បាស់ថា នេះគឺជាកត្តាបង្កឲ្យឆេះនោះទេ ខណៈដែលការស៊ើបអង្កេតរបស់ប៉ូលីស កំពុងបន្តធ្វើបន្ថែមទៀត។

គួររម្លឹកថា កាលពីថ្ងៃទី១ ខែតុលា គ្រូបីនាក់ និងសិស្ស២០នាក់បានស្លាប់ ក្នុងហេតុការណ៍ឆេះឡានក្រុង អំឡុងទស្សនកិច្ចសិក្សាមួយ។ ថ្មីៗនេះ មានការស្រាវជ្រាវរកឃើញថា ម្ចាស់ឡានក្រុងបានលាក់ស៊ីឡាំងឧស្ម័នខុសច្បាប់ នៅលើឡានក្រុងជាច្រើនគ្រឿង របស់ខ្លួន ហើយត្រូវបានអាជ្ញាធរដកអាជ្ញាបណ្ណ រងចាំការស៊ើបអង្កេតបន្ត ខណៈដែលមានការសង្ស័យ ពីការកែច្នៃឡានខុសបច្ចេកទេស៕

ប្រភពពី Bangkok Post ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner