សម្តេចតេជោ ហ៊ុន សែន ស្នើរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ធ្វើការជាមួយតុលាការដើម្បីចេញដីការការពារទ្រព្យសម្បត្តិលោក លី សាម៉េត ដើម្បីទុកសងដល់អ្នកចាញ់បោកលោក លី សាម៉េត
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានស្នើរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ធ្វើការជាមួយតុលាការដើម្បីចេញដីការការពារទ្រព្យសម្បត្តិលោក លី សាម៉េត (ហៅគ្រូមា) ដើម្បីទុកសងដល់អ្នកចាញ់បោកលោក លី សាម៉េត។ អ្នកចាញ់បោក លី សាម៉េត ទាំងអស់ដាក់ពាក្យប្តឹង ឬទាមទារសំណងទៅកាន់មេធាវីសម្តេចតេជោ។ ឯកឧត្តម គី តិច រៀបចំមេធាវីសម្តេចតេជោចាំទទួលពាក្យបណ្តឹង និងធ្វើការសម្របសម្រួលលើរឿងដែលអាចសម្របសម្រួលបាន។ ចំពោះរឿងមិនអាចសម្របសម្រួលបានត្រូវប្តឹងទៅតុលាការចាត់ការតាមច្បាប់ និងស្នើសុំសមត្ថកិច្ចតាមឃ្លាំមើល លី សាម៉េត កុំឱ្យរត់ចេញផុតពីសំណាញ់ច្បាប់។
សម្តេចតេជោ ហ៊ុន សែន បានសរសេរនៅលើបណ្តាញសង្គមហ្វេសប៊ុកថា ដោយរឿងច្រើនពេកថ្ងៃនេះ ខ្ញុំសម្រេចចិត្តបង្ហោះសារទាក់ទងដល់លោកលី សាម៉េត(ហៅគ្រូមា)។ លី សាម៉េត តែងប្រើឈ្មោះខ្ញុំដើរបោកប្រាស់គេរហូតថាយកលុយដែលបោកប្រាស់បានយកមកជូនខ្ញុំទៀតផងដោយប្រាប់គេថា ខ្លួនចេញចូលផ្ទះខ្ញុំក្នុងពេលណាក៏បានក្នុងពេលដែលលី សាម៉េត មិនដឹងថាផ្ទះខ្ញុំបែមុខទៅខាងណាផង។ ឆ្នាំ២០២២ លី សាម៉េត បោកលុយឈ្មោះ សុខ ឡេង ១០លានដុល្លារ ថាយកមកឱ្យខ្ញុំតែពេល សុខ ឡេង ផ្តាំឱ្យសួរខ្ញុំតាមកូនចិញ្ចឹមខ្ញុំ ទ្រី សុខា ទើបខ្ញុំដឹងក៏ទាមទារពី លី សាម៉េត ប្រគល់ឱ្យ សុខ ឡេង វិញទាំងអស់ដោយពេលនោះយក លី សាម៉េត ទៅសួរចម្លើយនិងប្រគល់ទទួលប្រាក់នៅស្នងការនគរបាលក្រុងភ្នំពេញ។ មុននេះប៉ុន្មានថ្ងៃ ខ្ញុំបានប្រាប់ទៅ លី សាម៉េត ឱ្យសងលុយទៅ មួង ឃីម ចំនួន២៣ម៉ឺនដុល្លារ ក្រោយ មួង ឃីម បញ្ជូនសារជាវីដេអូមកខ្ញុំអមដោយសារសម្លេងឆ្លងឆ្លើយគ្នា(បានសងរួចហើយ)។ ថ្ងៃនេះ ខ្ញុំទទួលវីដេអូពី លោក កន សុខកាយ អភិបាលក្រុងអរីយក្សត្រថា លី សាម៉េត បានយកប្រាក់ពីគាត់ចំនួន៣០ម៉ឺនដុល្លារ ដើម្បីរត់ការបានតំណែងជាអភិបាលក្រុងអរិយក្សត្រ។
សម្តេចតេជោ បានបញ្ជាក់ថា ក្នុងមុខតំណែងជារដ្ឋមន្ត្រី៦ឆ្នាំ ជានាយករដ្ឋមន្ត្រី៣៨ឆ្នាំ និងពេលនេះជាប្រធានព្រឹទ្ធសភា អមដោយអំណាចជាប្រមុខរដ្ឋស្តីទីក្នុងពេលអវត្តមានព្រះមហាក្សត្រ ខ្ញុំធ្លាប់ចុះហត្ថលេខាតែងតាំងនិងតំឡើងស័ក្តិមន្ត្រីរាប់ម៉ឺននាក់ ទាំងស៊ីវឹល និងកងកម្លាំងប្រដាប់អាវុធ ខ្ញុំមិនដែលទទួលយកអន្តរាគមន៍ពីអ្នកណានោះឡើយ មិនថាតាមការស្នើសុំ ឬតាមសំណូកណាមួយនោះឡើយ។ ផ្ទុយទៅវិញមន្ត្រីមួយចំនួនទទួលបានការតែងតាំង ហើយទទួលបានការជួយពីខ្ញុំថែមទៀត ដើម្បីឱ្យពួកគាត់មានមធ្យោបាយធ្វើការ។ ករណី លី សាម៉េត អាចនៅមានមនុស្សច្រើនទៀតដែលចាញ់បោកគាត់ក្រោមរូបភាពយកឈ្មោះខ្ញុំទៅប្រើ។ ដើម្បីជម្រះបញ្ជីមួយនេះ តាមរបៀបពន្លត់ភ្លើងជាជាងអង្គុយបក់ផ្សែងខ្ញុំសូមស្នើ៖
១.រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ធ្វើការជាមួយតុលាការ ដើម្បីចេញដីការការពារទ្រព្យសម្បត្តិ លី សាម៉េត ដើម្បីទុកសងដល់អ្នកចាញ់បោក លី សាម៉េត។
២.អ្នកចាញ់បោក លី សាម៉េត ទាំងអស់ដាក់ពាក្យប្តឹង ឬទាមទារសំណងទៅកាន់មេធាវីសម្តេចតេជោ។
៣.ឯកឧត្តម គី តិច រៀបចំមេធាវីសម្តេចតេជោចាំទទួលពាក្យបណ្តឹង និងធ្វើការសម្របសម្រួលលើរឿងដែលអាចសម្របសម្រួលបាន ចំពោះរឿងមិនអាចសម្របសម្រួលបានត្រូវប្តឹងទៅតុលាការចាត់ការតាមច្បាប់។
៤.ស្នើសុំសមត្ថកិច្ចតាមឃ្លាំមើល លី សាម៉េត កុំឱ្យរត់ចេញផុតពីសំណាញ់ច្បាប់៕
ដោយ៖ពលជ័យ