ខែកញ្ញាគម្រោងវិនិយោគចំនួន២៨ដែលទុនវិនិយោគប្រមាណ៤៤៣លានដុល្លារត្រូវបានអនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា

ភ្នំពេញគម្រោងវិនិយោគចំនួន២៨ដែលមានទុនវិនិយោគសរុបប្រមាណ៤៤៣លានដុល្លារអាម៉េរិកត្រូវបានអនុម័ត ដោយក្រុមប្រឹក្សា អភិវឌ្ឍន៍​កម្ពុជាក្នុងខែកញ្ញា ឆ្នាំ២០២៤។

សេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជានៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤ បានឱ្យដឹងថា ក្នុងខែកញ្ញា ឆ្នាំ២០២៤ ក្រុមប្រឹក្សា​អភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងថ្មីចំនួន២៦គម្រោង និងគម្រោង​ពង្រីក​ផលិតកម្មចំនួន២គម្រោង ដែលមានទុន​វិនិយោគសរុប​ប្រមាណ៤៤៣លានដុល្លារអាម៉េរិក និងអាចបង្កើត ការងារបាន​ប្រមាណ​ជិត២៥ពាន់កន្លែង។ ក្នុងចំណោម​គម្រោងវិនិយោគសរុប គម្រោងវិនិយោគដែលមាន ទីតាំងស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ច​ពិសេស​មានចំនួន៦គម្រោង និងគម្រោង​វិនិយោគដែលមានទីតាំងស្ថិតនៅ ក្នុងតំបន់សេដ្ឋកិច្ចពិសេសមានចំនួន២២គម្រោង។

ប្រភពដដែលបន្តថា ជាការកត់សម្គាល់ គម្រោងវិនិយោគដែលមានភាព​លេចធ្លោជាងគេប្រចាំខែកញ្ញា ក្នុងនេះ៖ ក្រៅតំបន់សេដ្ឋកិច្ចពិសេស មានគម្រោងពង្រីកផលិតកម្មរបស់គម្រោងវិនិយោគបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមាន ទីតាំងស្ថិតនៅភូមិព្រៃកីខ និងភូមិព្រៃ​កីគ សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ក្នុងទុន វិនិយោគបន្ថែម​១២,៥លានដុល្លារ និងអាចបង្កើតការងារបន្ថែមបានចំនួន២.៥០៥​កន្លែង។

ដោយឡែកក្នុងតំបន់សេដ្ឋកិច្ចពិសេសមាន៖គម្រោងបង្កើ​ត​តំបន់​សេដ្ឋកិច្ចពិសេសពោធិ៍សាត់ ដែលមានទីតាំងស្ថិតនៅភូមិសារវ័ន ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ ក្នុងទុនវិនិយោគប្រមាណ​ជាង៧០លានដុល្លារ និងអាច បង្កើតការងារបានចំនួន៧០៨​កន្លែង។គម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេស ហ្វុងហ្វូ អ៊ិនធើណេសិនណល ដែលមានទីតាំងស្ថិតនៅភូមិ ត្រពាំងផ្លុង ឃុំញរ ភូមិព្រះបាក់ក និងភូមិព្រៃសាគុំ ឃុំព្រៃធំ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ក្នុង ទុនវិនិយោគចំនួន៥៥លានដុល្លារ និងអាច​បង្កើតការងារបាន​ចំនួន២៥១កន្លែង។ គម្រោងវិនិយោគបង្កើតរោងចក្រផលិតដំឡើង និងបង្គំសមាសធាតុជាក់លាក់គ្រឿងម៉ាស៊ីន និង មេកានិច ដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសពោធិ៍សាត់ ក្នុងទុនវិនិយោគ ប្រមាណជាង៣៨លានដុល្លារ និង​អាចបង្កើតការងារបានចំនួន៨.៩១៨កន្លែង។គម្រោងវិនិយោគបង្កើតរោងចក្រកែច្នៃផលិតផលពីទឹកដោះគោ ភេសជ្ជៈគ្រប់ប្រភេទ​គ្មានជាតិ អាល់កុល និងអាហារគ្រប់ប្រភេទ ដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសសុវណ្ណភូមិ ក្នុងទុនវិនិយោគប្រមាណ​ជាង៣៧លានដុល្លារនិងអាចបង្កើតការងារ​បានចំនួន៥៨ កន្លែង។ គម្រោងវិនិយោគបង្កើតរោងចក្រផលិតខ្សែភ្លើង ខ្សែកាប រឡូ​ខ្សែកាបដែក និងរឡូខ្សែកាបឈើ ដែលមានទីតាំងស្ថិតនៅ​ក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ក្នុងទុនវិនិយោគចំនួន២៥ លានដុល្លារនិងអាចបង្កើតការងារបានចំនួន១.១៨៨កន្លែង។គម្រោងវិនិយោគបង្កើតរោងចក្រកែច្នៃអាលុយមីញ៉ូម ដែលមានទី​តាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ច ពិសេសមេនហាតធេនក្នុងទុនវិនិយោគ​ប្រមាណជាង២០លាន និងអាចបង្កើត ការងារបានចំនួន៦៨៤កន្លែង។

គួរបញ្ជាក់ជូនផងដែរថា ក្នុងខែកញ្ញានេះដែរ ការវិនិយោគមកពីប្រទេស​ចិនស្ថិតនៅលំដាប់លេខ រៀងទី១ ដោយបានរួមចំណែក​៣៨,២៣% នៃទុនវិនិយោគសរុប ខណៈពេលដែលការវិនិយោគក្នុងស្រុកគ្រប ដណ្តប់៣២,៩២% នៃទុនវិនិយោគសរុប៕
ដោយ៖មុនី

ទាវ សារៈមុនី
ទាវ សារៈមុនី
ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕
ads banner
ads banner
ads banner