មេដឹកនាំអង្គការ សមាគមខ្មែរកម្ពុជាក្រោម អបអរសាទរនិងគាំទ្ររាជ​រដ្ឋា​ភិ​​បាលកដែលបានរៀបចំដង្ហែអង្គកឋិនមហាសាមគ្គីគ្រួសារខ្មែរមួយ ទៅ​វត្តខ្មែរក្រោម

ភ្នំពេញ៖ មេដឹកនាំអង្គការ សមាគមខ្មែរកម្ពុជាក្រោម នៅក្នុងប្រទេស​កម្ពុជា បានសម្តែងការអបអរសាទរនិងគាំទ្ររាជរដ្ឋាភិបាលកម្ពុជា ដែលបានរៀបចំដង្ហែអង្គកឋិន​មហាសាមគ្គីគ្រួសារខ្មែរមួយ ទៅវត្តខ្មែរក្រោម ដែលនឹងហែរទៅដល់នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះ។ នេះ ជាលើកទី១ ដែលរាជរដ្ឋាភិបាលកម្ពុជាបានរៀបចំការដង្ហែអង្គកឋិនទៅវត្តខ្មែរក្រោម និងបង្ហាញពីការយកចិត្តទុកដាក់ទៅលើប្រជាពលរដ្ឋខ្មែរក្រោមដែលកំពុងតែរស់នៅទីនោះ។

លោក សឺន ជុំជួន អនុប្រធានសមាគមខ្មែរកម្ពុជាក្រោម ដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ បានមានប្រសាសន៍ថា សមាគមខ្មែរកម្ពុជាក្រោម ដើម្បី​សិទ្ធិមនុស្ស និងអភិវឌ្ឍន៍ រីករាយសាទរចំពោះការរៀបចំដង្ហែ​អង្គកឋិនមហាសាមគ្គីគ្រួសារខ្មែរមួយ ទៅវត្តខ្មែរក្រោម ដែលនឹងហែទៅដល់នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះ ហើយជាលើកទី១ ដែលរាជរដ្ឋាភិបាលបង្កើតគណៈកម្មការរៀបចំដង្ហែ អង្គកឋិនទានទៅកាន់វត្តខ្មែរក្រោម។ វាជារឿងប្រពៃខ្លាំងណាស់បង្ហាញពីការទំនាក់ទំនងរវាងរាជរដ្ឋាភិបាលកម្ពុជា ជាមួយបងប្អូនដែលរស់នៅកម្ពុជាក្រោម។ ក្នុងនាមអង្គការសមាគមខ្មែរកម្ពុជាសូមអបអរសាទរ។

ចំណែកលោក តាំង សារៈ ប្រធានសហព័ន្ធខ្មែរកម្ពុជាក្រោមប្រចាំតំបន់​ព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ជាធម្មតាទេ នៅពេលដែលរាជរដ្ឋាភិបាលបានរៀបចំអង្គកឋិនទាន ដើម្បីដង្ហែទៅវត្តមួយនៅខេត្តព្រះត្រពាំង ហើយក្នុងនាមខ្មែរកម្ពុជា គឺតែងតែសប្បាយរីករាយ ហើយនឹងស្វាគមន៍យ៉ាងកក់ក្តៅចំពោះរាជរដ្ឋាភិបាលក្នុងការរៀបចំដង្ហែអង្គកឋិនមហាសាមគ្គីគ្រួសារខ្មែរមួយទៅវត្តខ្មែរក្រោម។ ហើយនេះ គឺជាលើកទី១ ដែលរាជរដ្ឋាភិបាលការរៀបចំដង្ហែអង្គកឋិនទៅវត្តខ្មែរក្រោម ដែលតាំងពីដើមមកគឺអត់ដែលមាន។ ខ្មែរកម្ពុជាក្រោមសូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះរាជរដ្ឋាភិបាលក្នុងការរៀបចំដង្ហែអង្គកឋិនទៅវត្តខ្មែរក្រោម តាមគំនិតផ្តួចផ្តើមរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន។

រីឯលោក គឹម ស៊ីសំណា មន្ត្រីសម្របសម្រួលលេខាធិការដ្ឋាន នៃអង្គការសមាគមខ្មែរកម្ពុជាក្រោម និងជាអគ្គលេខាធិការ នៃសមាគម​ខ្មែរកម្ពុជាក្រោម ដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ បានមានប្រសាសន៍ថា កាលដែលរាជរដ្ឋាភិបាលកម្ពុជារៀបចំ​ដង្ហែអង្គកឋិនមហាសាមគ្គីគ្រួសារ​ខ្មែរមួយ ទៅវត្តខ្មែរក្រោម គឺជារឿងល្អ ជារឿងត្រឹមត្រូវ ហើយនឹងជារឿង​ដែលរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាពលរដ្ឋកម្ពុជាដែលគប្បីធ្វើ ហើយនឹងគប្បីធ្វើគួរតែធ្វើតាំងពីយូរលង់ណាស់មកហើយ។ ប៉ុន្តែយ៉ាងណាក្តីមកដល់ឱកាសនេះ ពេលនេះសម្រាប់លោកផ្ទាល់ គឺជាលើកទី១ហើយដែលមានវាសនាជួបប្រទះនៅព្រឹត្តិការណ៍មួយដ៏កម្របែបនេះ គឺការដង្ហែអង្គកឋិនទានទៅនកាន់វត្តនៅខ្មែរកម្ពុជាក្រោម គឺមានលក្ខណៈជារាជរដ្ឋាភិបាលកម្ពុជាតែម្តង មិនមែនជាលក្ខណៈបុគ្គល មិនមែនជាលក្ខណៈគ្រួសារ មិនមែនជាលក្ខណៈក្រុម ឬក៏អង្គភាពនោះទេ។

សូមជម្រាបថា កាលពីថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានសេចក្តីសម្រេចស្តីពីការបង្កើតគណៈកម្មការរៀបចំដង្ហែអង្គកឋិនទានទៅកាន់វត្តខ្មែរក្រោម។ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ជាប្រធាន។ គណៈកម្មការនេះ មានភារកិច្ចដូចតទៅ៖ ដឹកនាំ ចាត់តាំង និងរៀបចំអង្គកឋិនទានដង្ហែទៅកាន់វត្តខ្មែរក្រោម ឱ្យប្រព្រឹត្តទៅស្របតាមប្រពៃណី ទំនៀមទម្លាប់ ព្រះពុទ្ធសាសនា ពិនិត្យនិងលើកសំណើដោះស្រាយបញ្ហានានាទាក់ទងនឹងការរៀបចំអង្គកឋិនទាន ឱ្យប្រព្រឹត្តទៅបានល្អប្រសើរ។ ធ្វើលិខិតអញ្ជើញនិងរៀបចំទទួលបដិសណ្ឋារកិច្ចថ្នាក់ដឹកនាំ និងភ្ញៀវដែលអញ្ជើញចូលរួម។ លើកគម្រោងនិងចាត់ចែងគ្រប់គ្រងចំណូល ចំណាយថវិកាពីប្រភពនានា និងអនុវត្តភារកិច្ចផ្សេងទៀតតាមការចាំបាច់សម្រាប់បម្រើឱ្យការរៀបចំ​អង្គ​កឋិនទាន៕
ដោយ៖ពលជ័យ

ads banner