ព្រលានយន្តហោះអារ៉ាប់បំពាក់សូឡាច្រើនបំផុតក្នុងលោក
បរទេស៖ ជាគម្រោងដ៏ធំបំផុត ពុំធ្លាប់មាន នៅលើពិភពលោក បន្ទះស្រូបពន្លឺព្រះអាទិត្យ ឬ សូឡា ប្រមាណ៦៣០០០បន្ទះ ដែលអាចបង្កើតថាមពលកកើតឡើងវិញ បានជាង៦ម៉ឺនមេហ្គាវ៉ាត់ម៉ោង (MWh) ជារៀងរាល់ឆ្នាំ នឹងត្រូវបំពាក់ នៅលើដំបូលអាកាសយានដ្ឋាន នៅក្នុងទីក្រុងឌូបៃ ប្រទេសអេមីរ៉ាត់ អារ៉ាប់រួម។
ក្រុមហ៊ុន Dubai Airports បានចាប់ដៃគូជាមួយក្រុមហ៊ុន Etihad Clean Energy Development ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់អាជ្ញាធរទឹកនិងអគ្គិសនីឌូបៃ ហៅកាត់ DEWA ក្នុងគម្រោងដ៏ធំមួយនេះ ហើយត្រូវបានគេរំពឹងថា នឹងដំណើរការពេញលេញ នៅឆ្នាំ២០២៦ គ្របដណ្តប់លើអាកាសយានដ្ឋានអន្តរជាតិ DXB និង អាកាសយានដ្ឋានអន្តរជាតិ Dubai World Central – Al Maktoum ហៅកាត់ DWC។
បន្ទះសូឡាទាំងនេះ ត្រូវបានគេជឿថា នឹងកាត់បន្ថយកាបូនឌីអុកស៊ីត CO2 នៅអាកាសយានដ្ឋានប្រមាណ ២៣,០០០តោន ជារៀងរាល់ឆ្នាំ ដែលស្មើនឹងការដករថយន្តចំនួន ៥,០០០គ្រឿង ចេញពីផ្លូវថ្នល់ ឬ អាចផ្តល់ថាមពលដល់លំនៅដ្ឋាន ចំនួន៣,០០០ខ្នងផ្ទះ ក្នុងមួយឆ្នាំ។
គួរកត់សម្គាល់ថា គម្រោងនេះគឺជាផ្នែកមួយដ៏សំខាន់នៃចក្ខុវិស័យរយៈពេលវែង របស់ Dubai Airports ដើម្បីបង្កើតប្រតិបត្តិការថាមពលប្រកបដោយប្រសិទ្ធិភាព ជំរុញភាពបៃតង និងឆ្លាតវៃ កាន់តែទូលំទូលាយ។
លោក Saeed Mohammed Al Tayer នាយកប្រតិបត្តិក្រុមហ៊ុន DEWA បានគូសបញ្ជាក់ថា ទីក្រុងឌូបៃកំពុងស្ថិតនៅលើផ្លូវ ដើម្បីសម្រេចបាននូវគោលដៅថាមពលស្អាតប្រកបដោយមហិច្ឆតារបស់ខ្លួន ជាមួយនឹងផែនការសម្រេចថាមពលស្អាត ឲ្យបានដល់ ១០០ភាគរយ នៅឆ្នាំ២០៥០៕
ប្រភពពី Gulfbusiness ប្រែសម្រួល៖ សារ៉ាត