ខួបមួយឆ្នាំនៃសង្គ្រាមហ្គាហ្សា ក្រុមហេសបូឡាបាញ់ស្រោចមីស៊ីលលើអ៊ីស្រាអែល

បេរូត៖ នៅព្រឹកថ្ងៃចន្ទនេះ ក្រុមហេសបូឡាបានបាញ់ស្រោចគ្រាប់រ៉ុក្កែតលើទីក្រុង Haifa ដែលជាទីក្រុងធំទី៣របស់អ៊ីស្រាអែល ដែលនេះជាការវាយប្រហារដោយផ្ទាល់លើកដំបូងក្នុងតំបន់ភាគខាងជើង បណ្តាលឱ្យមនុស្ស ១០នាក់របួស។ នេះបើតាមការចុះផ្សាយរបស់កាសែតរ៉យទ័រ។

ក្រុមហេសបូឡា បាននិយាយថា ខ្លួនបានកំណត់គោលដៅវាយប្រហារលើមូលដ្ឋានយោធាមួយ នៅភាគខាងត្បូងទីក្រុង Haifa ដោយប្រើមីស៊ីល Fadi 1។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឱ្យដឹងថា គ្រាប់រ៉ុក្កែត២គ្រាប់បានវាយប្រហារទីក្រុង Haifa ដែលស្ថិតនៅលើឆ្នេរសមុទ្រមេឌីទែរ៉ាណេរបស់អ៊ីស្រាអែល រីឯ៥គ្រាប់ទៀតវាយប្រហារទីក្រុង Tiberias ដែលនៅចម្ងាយ ៦៥គីឡូម៉ែត្រ។

ប៉ូលិសក្រុង Haifa បានរាយការណ៍ថា អគារ និងទ្រព្យសម្បត្តិមួយចំនួនត្រូវរងការខូចខាត ហើយមានរបាយការណ៍ច្រើនពីអ្នករបួសស្រាល ខណៈដែលភាគច្រើននៃពួកគេ ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យក្នុងតំបន់។

ប៉ុន្មានម៉ោងចុងក្រោយនេះ យោធាអ៊ីស្រាអែលបាននិយាយថា ការវាយប្រហារតាមអាកាសរបស់ខ្លួននៅលីបង់ ដែលកំណត់គោលដៅលើក្រុមហេសបូឡា បានធ្វើឱ្យខូចខាតឃ្លាំងស្តុកអាវុធនៅក្នុងទីក្រុងបេរូត។

ការវាយប្រហារដ៏កក្រើករវាងអ៊ីស្រាអែល និងក្រុមហេសបូឡានេះកើតឡើងចំពេលខួបមួយឆ្នាំនៃការវាយប្រហារកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ របស់ក្រុមហាម៉ាសលើភាគខាងត្បូងអ៊ីស្រាអែល។

បើតាមតួលេខរបស់កាសែតបារាំង AFP ការវាយប្រហាររបស់ក្រុមហាម៉ាសលើភាគខាងត្បូងអ៊ីស្រាអែលកាលពីឆ្នាំមុន បានសម្លាប់មនុស្ស ១,២០៥នាក់ ក្នុងនោះភាគច្រើនជាជនស៊ីវិល។ អ៊ីស្រាអែលបានសងសឹកដោយការទម្លាក់គ្រាប់បែក និងវាយលុកតាមជើងគោកចូលតំបន់ហ្គាហ្សាស្ទ្រីប ដោយសម្លាប់មនុស្សយ៉ាងហោច ៤១,៨៧០នាក់ ភាគច្រើនជាជនស៊ីវិល៕

ប្រភព៖ AFP និង Reuters ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner