ស្ថាបនិក Facebook ក្លាយជាមហាសេដ្ឋីមានបំផុតទីពីររបស់ពិភពលោក

វ៉ាស៊ីនតោន៖ លោក Mark Zuckerberg បានក្លាយជាមហាសេដ្ឋីទីពីររបស់ពិភពលោកជាលើកដំបូង វ៉ាដាច់មេធំ Amazon លោក Jeff Bezos។ នេះបើតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន Bloomberg។

ការវិនិយោគរបស់លោក Zuckerberg ទៅលើពិភពបច្ចេកវិទ្យា metaverse បានជំរុញឱ្យទ្រព្យសម្បត្តិសុទ្ធរបស់គាត់ កើនឡើងដល់ ២០៦.២ពាន់លានដុល្លារ គិតត្រឹមថ្ងៃទី៣ ខែតុលា កើនលើសទ្រព្យសម្បត្តិសុទ្ធ ២០៥.១ពាន់លានដុល្លាររបស់មេធំក្រុមហ៊ុន Amazon លោក Jeff Bezos។ នេះបើយោងតាម Bloomberg Billionaires Index។

បច្ចុប្បន្ន លោក Zuckerberg កំពុងតាមពីក្រោយមេធំក្រុមហ៊ុន Tesla, X និងSpaceX លោក Elon Musk មហាសេដ្ឋីមានបំផុតទី១របស់ពិភពលោក ជាមួយនឹងទ្រព្យសម្បត្តិសុទ្ធប្រមាណ ២៥៦ពាន់លានដុល្លារ ពោលគឺមហាសេដ្ឋីបច្ចេកវិទ្យាទាំងពីរមានទ្រព្យសម្បតិ្តលើសគ្នាត្រឹមតែ ៥០ពាន់លានដុល្លារប៉ុណ្ណោះ។

មូលហេតុធ្វើឱ្យទ្រព្យសម្បត្តិសុទ្ធរបស់ស្ថាបនិក Facebook កើនឡើង គឺដោយសារតែតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន Meta បានស្ទុះឡើងគួរឲ្យកត់សម្គាល់ ពោលគឺកើនឡើងចំនួន ៦៨% ចាប់តាំងពីខែមករាដើមឆ្នាំនេះ។

ហេតុផលម្យ៉ាងទៀត គឺក្រុមហ៊ុន Meta បានបន្តការវិនិយោគលើបច្ចេកវិទ្យា AI ដែលជួយកែលម្អដំណើរការនៃវេទិកាផ្សាយពាណិជ្ជកម្មតាមអ៊ីនធឺណិតកាន់តែប្រសើរឡើង ហើយនោះជាមូលហេតុជួយជំរុញកំណើនលក់៕

ប្រភព៖ Bloomberg ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner