អ្នកជំនាញនៅប្រទេសអភិវឌ្ឍព្រមានឱ្យហាមសិស្សកុំឱ្យប្រើទូរស័ព្ទក្នុងសាលា

បរទេស៖ ការសិក្សាស្រាវជ្រាវអន្តរជាតិចំនួន៥ នាពេលថ្មីៗនេះបង្ហាញថា ការហាមឃាត់ប្រើប្រាស់ទូរស័ព្ទនៅក្នុងសាលារៀន បានបង្កើនសុខុមាលភាពសង្គមរបស់សិស្ស។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Star។

ដោយបោះពុម្ភផ្សាយនៅក្នុងទិនានុប្បវត្តិ Education Sciences ដែលមានមូលដ្ឋាននៅប្រទេសស្វីស ការវិភាគនេះផ្តោតសំខាន់លើការសិក្សានៅប្រទេសន័រវេស ស៊ុយអែត អេស្ប៉ាញ អង់គ្លេស និងឆេក។

លោក Klaus Zierer ដែលជាសហអ្នកនិពន្ធនៃការវិភាគ និងជាសាស្ត្រាចារ្យផ្នែកគរុកោសល្យនៅសាកលវិទ្យាល័យ Augsburg ប្រទេសអាល្លឺម៉ង់ បាននិយាយថា ផ្អែកតាមការសិក្សានេះ ការហាមឃាត់ប្រើស្មាតហ្វូនបានជួយកុមារមានអារម្មណ៍ធូរស្រាល និងរីករាយច្រើនជាងមុន ក្នុងការទៅសិក្សានៅសាលារៀន។

លោក Zierer បានគូសបញ្ជាក់ថា ការហាមឃាត់សិស្សប្រើស្មាតហ្វូន ក៏ធ្វើឱ្យសាលារៀនមានសុវត្ថិភាពជាងមុន ប្រឆាំងនឹងការគំរាមកំហែងតាមអ៊ីនធឺណិត និង ជះឥទ្ធិពលជាវិជ្ជមានទៅលើដំណើរការសិក្សារបស់សិស្សផងដែរ។

ទោះបីជាយ៉ាងណា លោក Zierer បានកត់សម្គាល់ថា ការហាមប្រើស្មាតហ្វូនតែមួយមុខ នឹងមិនជួយឱ្យការរៀនសូត្ររបស់សិស្សបានប្រសើរឡើងទេ ប៉ុន្តែយ៉ាងហោចណាស់វាអាចកម្ចាត់ផលរំខាន ដល់ការផ្តោតអារម្មណ៍រៀនសូត្ររបស់សិស្ស។

លោក Zierer ជឿជាក់ថា ការប្រើប្រាស់ស្មាតហ្វូនគួរតែត្រូវបានហាមឃាត់នៅក្នុងសាលារៀនទាំងអស់ ធ្វើដូច្នេះកុមារនឹងមានចរិតចាស់ទុំជាងមុន និងកាន់តែមានទំនួលខុសត្រូវផ្ទាល់ខ្លួន។

បើតាមការស្រាវជ្រាវរបស់អ្នកជំនាញបានឱ្យដឹងថា ការញៀនទូរស័ព្ទមានទំនាក់ទំនងទៅនឹងជំងឺបាក់ទឹកចិត្ត ជំងឺថប់បារម្ភ និងការទទួលអារម្មណ៍ឯកោ ។

បើតាមការស្រាវជ្រាវរបស់ស្ថាប័ន Common Sense បានបង្ហាញថា ការកំណត់រយៈពេលសម្លឹងមើលអេក្រង់ទូរស័ព្ទ ពិតជាមានសារៈសំខាន់សម្រាប់កុមារ និងក្មេងជំទង់ ដើម្បីជួយការពារពួកគេ ឬគ្រប់គ្រងរោគសញ្ញាជំងឺផ្លូវចិត្ត៕

ប្រភព៖ The Star ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner