២៣ខេត្តនៅថៃលិចលង់ ប៉ះពាល់ ៦៦,០០០គ្រួសារ
បរទេស៖ អគ្គនាយកដ្ឋានបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយថៃ កាលពីថ្ងៃចន្ទ បានរាយការណ៍ពីទឹកជំនន់កំពុងកើតមាននៅក្នុងខេត្តចំនួន២៣ ដែលភាគច្រើននៅភាគខាងជើង និង ភាគឦសាន ប៉ះពាល់ដល់គ្រួសារជាង ៦៦,០០០គ្រួសារ នេះបើតាមកាសែត Bangkok Post។
យោងតាមអគ្គនាយកដ្ឋានមួយនេះបានឲ្យដឹងថា ទឹកជំនន់បានបន្តមាននៅក្នុងខេត្តភាគខាងជើង ចំនួន៩ រួមមានទាំងខេត្ត Chiang Mai និង Chiang Rai ផងដែរ។ នៅភាគឦសាន ខេត្តចំនួន៧ ត្រូវបានជន់លិច រួមមានទាំង ខេត្ត Buri Ram និង ខេត្ត Chaiyaphum ផងដែរ។ នៅតំបន់ទំនាបកណ្តាល មានទឹកជំនន់នៅក្នុងខេត្តចំនួន៥ រួមមានទាំង ខេត្ត Ang Thong និង Ayutthaya ផងដែរ។ នៅភាគខាងត្បូង គ្រោះទឹកជំនន់បានប៉ះពាល់ដល់ខេត្តចំនួនពីរ គឺខេត្ត Nakhon Si Thammarat និងខេត្ត Songkhla ។
អគ្គនាយកដ្ឋានបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយថៃ បានរាយការណ៍ផងដែរថា ចាប់ពីថ្ងៃទី១៦ ខែសីហា ដល់ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤ ទឹកជំនន់បានសម្លាប់មនុស្ស៥២នាក់ និងរបួស២៨នាក់ផ្សេងទៀត នៅក្នុងខេត្តសរុប ចំនួន៤៤។ Bangkok Post ក៏បានចុះផ្សាយពីការព្រមានរបស់អាជ្ញាធរជំនាញ កាលពីថ្ងៃចន្ទ ជុំវិញហានិភ័យនៃការកើតមានទឹកជំនន់ភ្លាមៗ នៅទីក្រុងបាងកក ដោយបានប្រាប់ប្រជាពលរដ្ឋដែលរស់នៅតាមដងទន្លេ Chao Phraya ក្នុងតំបន់ដែលគ្មានរបាំងអចិន្ត្រៃយ៍ ត្រៀមទប់ទល់នឹងទឹកជំនន់ នៅសប្តាហ៍ក្រោយ៕
ប្រភពពី Bangkok Post ប្រែសម្រួល៖ សារ៉ាត