បេក្ខជនប្រឡងបាក់ឌុបដែលមានពិការភាពនឹងត្រូវប្រឡងវិញ្ញាសារតែមួយដូចបេក្ខជនទូទៅ និង ត្រូវបានរៀបចំបន្ទប់ដោយឡែក
ភ្នំពេញ៖ ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) ក្រសួងបានរៀបចំបន្ទប់សម្រាប់បេក្ខជនពិការភាពដាច់ដោយឡែក ប៉ុន្តែសម្រាប់ប្រធានវិញ្ញសារវិញគឺដូចគ្នាទាំងអស់។នេះជាការបញ្ជាក់ពីសំណាក់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។
ថ្លែងប្រាប់បណ្តាញសារព័ត៌មានក្រោយបញ្ចប់ពីធីបើកវិញ្ញាសារប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅមណ្ឌលប្រឡង វិទ្យាល័យព្រះស៊ីសុវត្ថិ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី ៨ ខែ សីហា ឆ្នាំ ២០២៤ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុនបានឱ្យដឹងថា៖សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ បេក្ខជនដែលពិការភ្នែកវិញ្ញាសារនឹងត្រូវបកជាភាសាប្រាយដែលជាអក្សរស្ទាប(អក្សរស្ទាប Braille )។បេក្ខជនសរសេរចម្លើយ និងសម្រាប់កំណែវិញ មានគ្រូកែពិសេស ដែលមានគ្រូបង្រៀនមកពីវិទ្យាស្ថានពិសេសដែលឯកទេសខាងភាសាប្រាយ។សម្រាប់បេក្ខជនពិការស្តាប់មិនលឺក៏ពុំមានបញ្ហាអ្វីដែរគឺបេក្ខជនអាចមើលប្រធានវិញ្ញសារហើយធ្វើសំណេរប្រឡងដូចបេក្ខជនទូទៅដែរ។
គួរបញ្ជាក់ថាបើតាមមន្រ្តីក្រសួងអប់រំកន្លងមកបានឱ្យដឹងថាបេក្ខជនដែលពិការភាពបានដាក់ពាក្យចូលរួមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិរៀងរាល់ឆ្នាំ ហើយក្នុងចំណោមនេះក៏បានជាប់សម្រាប់បន្តការសិក្សាថ្នាក់ឧត្តមសិក្សាក៏មានចំនួនច្រើនមិនចាញ់បេក្ខជនទូទៅប៉ុន្មាននោះដែរ។
ដោយឡែកសម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៨ តុលា ២០២៤ មានបេក្ខជនចុះឈ្មោះប្រឡងសរុបចំនួន ១៣៧ ០៤០ នាក់ (ស្រី ៧៤ ៨៨២នាក់) ក្នុងនោះ៖ បេក្ខជនថ្នាក់វិទ្យាសាស្ត្រ មានចំនួន៣៩ ៣៥៨ នាក់ (ស្រី ២៣ ៧១៥ នាក់) បេក្ខជនថ្នាក់វិទ្យាសាស្ត្រសង្គម មានចំនួន ៩៧ ៦៨២ នាក់ (ស្រី ៥១ ១៦៧នាក់)៕
ដោយ៖ម៉ាដេប៉ូ