ការចុះបញ្ជីដីធ្លី ជាយុទ្ធសាស្ត្រមួយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងគោលដៅគ្រប់គ្រង និងអភិវឌ្ឍន៍វិស័យដីធ្លីឱ្យបានត្រឹមត្រូវរួមទាំងកាត់បន្ថយវិវាទឱ្យកាន់តែមានប្រសិទ្ធភាព
(រតនគិរី)៖ ក្នុងកិច្ចប្រជុំជំរុញការងារចុះបញ្ជីដីធ្លីក្នុងភូមិសាស្ត្រខេត្តរតនគិរី នារសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានមានប្រសាសន៍ថា ការចុះបញ្ជីដីធ្លី ជាយុទ្ធសាស្ត្រមួយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងគោលដៅគ្រប់គ្រង និងអភិវឌ្ឍន៍វិស័យដីធ្លីឱ្យបានត្រឹមត្រូវ រួមទាំងកាត់បន្ថយវិវាទឱ្យកាន់តែមានប្រសិទ្ធភាព ហើយអាណត្តិទី៧នេះ គឺជាឱកាសដ៏ល្អមួយដែលយើងទាំងអស់គ្នាត្រូវរួមគ្នាបញ្ចប់នូវភាពចម្រូងចម្រាស់នៅក្នុងសង្គមជាតិ ដោយមិនត្រូវអូសបន្លាយពេលវេលាតទៅទៀតនោះទេ ដើម្បីចៀសវាងបង្កបញ្ហាលំបាកទៅថ្ងៃមុខ ដែលអាចនាំមកនូវរឿងរ៉ាវសោកសៅសម្រាប់សង្គមជាតិជាថ្មីម្ដងទៀត។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានបន្តថា ការបញ្ចប់ភាពចម្រូងចម្រាស់នាពេលនេះ គឺដើម្បីមានពេលវេលាគ្រប់គ្រាន់សម្រាប់បំពេញកិច្ចការសំខាន់ចំពោះមុខបន្តទៀតសំរាប់ជាតិមាតុភូមិនិងប្រជាជនកម្ពុជា ។
ការចុះបញ្ជីដីធ្លីនៅក្នុងប្រទេសកម្ពុជា បានធ្វើឡើងជាច្រើនលើកច្រើនសារមកហើយប៉ុន្តែនៅតែពុំទាន់បានបញ្ចប់នៅឡើយ ដោយឡែកលើកនេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានទទួលបទបញ្ជាយ៉ាងជាក់លាក់ពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានកំណត់គោលនយោបាយចុះបញ្ជីដីធ្លីបង្ហើយជូនប្រជាពលរដ្ឋនៅទូទាំងប្រទេស ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថាការចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋគឺដើម្បីបញ្ចប់វិវាទដីធ្លី និងភាពចម្រូងចម្រាស់នៅទូទាំងប្រទេស ផ្ដល់សុវត្ថិភាពក្នុងការកាន់កាប់ដីធ្លីស្របច្បាប់ បង្កើនតម្លៃដីធ្លី ជាទ្រព្យសម្រាប់កសាងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋតជំនាន់ ។
សម្រាប់ខេត្តរតនគិរី ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានណែនាំដល់រដ្ឋបាលខេត្ត អាជ្ញាធរដែនដី មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ត្រូវសហការល្អជាមួយប្រជាពលរដ្ឋដើម្បីជំរុញការងារចុះបញ្ជីដីធ្លីឱ្យបានចប់សព្វគ្រប់នាពេលឆាប់ៗខាងមុខនេះ ។
បន្ថែមពីនេះ ភាគីពាក់ព័ន្ធក៏ត្រូវរួមគ្នារៀបចំការអភិវឌ្ឍខេត្តរតនគីរីបន្ថែមទៀតឱ្យកាន់តែមានភាពទាក់ទាញ រៀបចំទីក្រុងទីប្រជុំជនឱ្យបានល្អ និងលើកស្ទួយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ ដែលធ្វើឱ្យប្រជាពលរដ្ឋផ្ដល់ជំនឿទុកចិត្តលើរាជរដ្ឋាភិបាលបន្តវេន ។ ការងារចាំបាច់បន្តទៀត សូមអាជ្ញាធរខេត្តនិងមន្ទីរពាក់ព័ន្ធ គិតគូរពីការរៀបចំដែនដី និងនគរូបនីយកម្មខេត្តរតនគិរី ឱ្យទៅជាខេត្តដែលទាក់ទាញគេមកលម្ហែ និងកំសាន្ត ប្រជាជនមានការងារធ្វើ និងដើម្បីធានាថាខេត្តរតនគិរីកាន់តែរីកចម្រើន រក្សាបាននូវសន្តិសុខស្បៀង និងស្ថេរភាពកំណើនសេដ្ឋកិច្ច ។
ម្យ៉ាងទៀត សូមយកចិត្តទុកដាក់គិតគូរលើការរៀបចំបុរីជនបទ ភូមិឋានក្សេមក្សាន្ត និងទ្រនំសុភមង្គល ព្រមទាំងសំណង់ស្ថាបត្យកម្មអគារ ដែលធ្វើឱ្យក្រុងបានលុង មានសម្រស់ស្រស់ស្អាត រួមជាមួយនឹងឧស្សាហកម្មគ្រឿងបង្គុំសំណង់ ឧស្សាហកម្មគ្រឿងសង្ហារឹម និងឧស្សាហកម្មអចលនទ្រព្យ ៕
ដោយ / គ្រី សម្បត្តិ