សម្ដេចធិបតី ណែនាំដល់រដ្ឋមន្ត្រីការពារជាតិ តាមដានជាប្រចាំ ចំពោះកងទ័ពមួក​ខៀវ​កម្ពុជានៅក្រៅប្រទេស ជាពិសេស ប្រទេសកំពុងមានសង្រ្គាម

(ភ្នំពេញ)៖ សម្ដេចធិបតី បានថ្លែងណែនាំដល់រដ្ឋមន្ត្រីក្រសួងការពារជាតិ ឱ្យតាមដានជាប្រចាំ ចំពោះកងទ័ពមួកខៀវកម្ពុជា នៅក្រៅប្រទេស ជាពិសេស ប្រទេសកំពុងមានសង្រ្គាម ។ សម្ដេចមហាបវរធិបតី នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងដូច្នេះ ក្នុងពិធីអបអរសាទរ ខួបអនុស្សាវរីយ៍៣០ឆ្នាំ ថ្ងៃបង្កើតកងពលតូចលេខ៧០ (១៥ តុលា ១៩៩៤ – ១៥ តុលា ឆ្នាំ ២០២៤) នាព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា សម្រាប់កងទ័ពមួខៀវ របស់កម្ពុជា ចំនួន១៨៤រូប ដែលជាកងកម្លាំងវិស្វកម្ម និងពហុជំនាញ ដឹកនាំដោយមេកងជានារី មានភាពក្លាហាន កំពុងឈររក្សាសន្តិភាពក្រោមឆត្ររបស់អង្គការសហប្រជាតិ នៅក្នុងប្រទេសលីបង់ និងត្រូវបានសម្តេច ទាក់ទងសួរព័ត៌មានកងទ័ពមួកខៀវកម្ពុជា នៅតំបន់នោះជាប់ជានិច្ច ដើម្បីចង់ដឹងអំពីស្ថានការណ៍ ជាក់ស្តែងនៅទីនោះ ខណៈសង្រ្គាមនៅប្រទេសនេះ បានកំពុងផ្ទុះឡើងជារៀងរាល់ថ្ងៃ ហើយសម្ដេច ក៏បានណែនាំឱ្យបង្កើនការប្រុងប្រយ័ត្ន ព្រោះការផ្លោងគ្រាប់ដាក់គ្នា នៅបន្ដ ។

សម្តេច ថា ថ្មីៗនេះ មានការការផ្លោងគ្រាប់ធ្លាក់មកជិតបន្ទាយ ដែលកងទ័ពមួកខៀវកម្ពុជា បោះទីតាំង។ ត្រង់ចំណុចនេះ គឺបានបញ្ជាក់យ៉ាងសំខាន់នៃសុខសន្តិភាព នៅពេលមានសង្គ្រាម សូម្បីតែកងទ័ពមួកខៀវ ក៏ត្រូវរងការវាយប្រហារ ព្រមទាំងធ្វើឱ្យកងទ័ពមួកខៀវចំនួន ៥នាក់ ដែលឈរជើងនៅភាគខាងត្បូងប្រទេសលីបង់ រងរបួសផងដែរ ។

សម្ដេចនាយករដ្ឋមន្រ្តី ក៏បានណែនាំដល់រដ្ឋមន្រ្តីក្រសួង ការពារជាតិកម្ពុជា នាយឧត្តមសេនីយ៍ ទៀ សីហា ត្រូវធ្វើការតាមដាន និងទាក់ទងជាប់ជាប្រចាំថ្ងៃ ចំពោះកងទ័ពមួកខៀវកម្ពុជា ដែលកំពុងបំពេញបេសកកម្ម នៅក្រៅប្រទេសក្រោមឆត្រអង្គការសហប្រជាជាតិ ជាពិសេស គឺប្រទេសដែលកំពុងមានសង្រ្គាម ។

ជាមួយគ្នានោះដែរ សម្តេចធិបតី បានគូសបញ្ជាក់ថា មកដល់ម៉ោងនេះ យើង (កម្ពុជា) បញ្ជូនកងទ័ពជិត ១ម៉ឺននាក់ នៅក្នុង១០ប្រទេស តាំងពីឆ្នាំ២០០៥មក ហើយបច្ចុប្បន្ននេះ យើងមាន ៦២៧នាក់ ក្នុងនោះមានស្ត្រី ១៣០នាក់ ដែលកំពុងបំពេញភារកិច្ចក្នុងប្រទេសចំនួន៤ ។

ទន្ទឹងនេះ សម្ដេចនាយករដ្ឋមន្ត្រី ក៏បានប្រកាសសម្រេច កែសម្រួលសមាសភាពរបស់គណៈកម្មាធិការជាតិបញ្ជូនកង កម្លាំងរក្សាសន្តិភាព ទៅក្រៅប្រទេស ក្រោមឆត្រ អង្គការសហប្រជាជាតិ ពីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឱ្យមកក្រសួងការពារជាតិកម្ពុជា ជាអ្នកដឹកនាំវិញ ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner