ក្រុមអ្នកជំនាញអាជ្ញាធរជាតិអប្សរា កំពុងប្រឹងប្រែងលើកិច្ចការជួស​ជុលប្រាសាទនាគព័ន្ធ ឱ្យវិលទៅរកសោភណភាពដើមឡើងវិញ

ភ្នំពេញ៖ ក្រុមអ្នកជំនាញរបស់នាយកដ្ឋានអភិរក្សប្រាសាទនិង​បុរាណ​វិទ្យាកំពុងប្រឹងប្រែងលើការងារជាច្រើននៃគម្រោង​ជួសជុល ប្រាសាទ​នាគព័ន្ធ ដែលកំពុងរងការខូចខាត ឱ្យមានសភាពល្អប្រសើរ​ឡើងវិញ។នេះបើយោងតាមការបញ្ជាក់របស់អាជ្ញាធរជាតិអប្សរានៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤។

បុរាណវិទូ លោក ជា សារិទ្ធ បានឱ្យដឹងថា ក្រុមអ្នកជំនាញកំពុង​អនុវត្ត​គម្រោងជួសជុលជណ្ដើរខាងលិចនៃស្រះខាងកើត ជណ្ដើរខាងត្បូងនៃ​ស្រះ​ខាងជើង ព្រមទាំងកម្រាលដែលនៅជុំវិញស្រះ។ ក្នុងឆ្នាំ២០២៤នេះ ក្នុងចំណោមគម្រោងដែលអ្នកជំនាញបានជួសជុលជណ្ដើរខាងលិចនៃស្រះខាងកើត ជណ្ដើរខាងត្បូងនៃស្រះខាងជើង ព្រមទាំងកម្រាល​ដែលនៅជុំវិញស្រះនោះ គឺទើបតែបានបញ្ចប់មួយទីតាំងទេ។
រចនាសម្ព័ន្ធរបស់ប្រាសាទនាគព័ន្ធជាច្រើនកន្លែង កំពុងរងការខូចខាត ដោយសារតែកត្តាអាយុកាល គុណភាពសំណង់ កត្តាទឹកហូរច្រោះ​និងរុក្ខជាតិដុះចាក់ឬស។ដោយសារតែរចនាសម្ព័ន្ធជាច្រើនរបស់ប្រាសាទ
នាគព័ន្ធរងការខូចខាតជាច្រើន ធ្វើឱ្យក្រុមអ្នកអភិរក្សធ្លាប់ធ្វើការជួស​ជុលជាច្រើនសម័យកាលមកហើយដែរ។

គួររំលឹកថា ចាប់តាំងពីឆ្នាំ២០០៧-២០០៨ អាជ្ញាធរជាតិអប្សរាធ្លាប់​បានស្ដារបារាយណ៍ជ័យតដាកនៅនាគព័ន្ធឡើងវិញ ដើម្បីបញ្ចូល​ទឹកឱ្យដូចកាលពិសម័យបុរាណ។
ឆ្នាំ២០១០អាជ្ញាធរជាតិអប្សរា​ធ្លាប់​បានធ្វើការសិក្សាស្រាវជ្រាវនិងធ្វើ​កំណាយនៅស្រះកណ្ដាលរបស់ប្រាសាទនាគព័ន្ធដើម្បីសិក្សាពីរចនាសម្ពន្ធរបស់ស្រះកណ្ដាល និងរចនាសម្ពន្ធរបស់ស្រះផ្សេងៗ ដែលនៅជុំវិញ។
ឆ្នាំ២០២១អាជ្ញាធរជាតិអប្សរាបានចាប់ផ្ដើមជួសជុលដំបូលទបង្ហូរទឹកខាងត្បូងនិងជណ្ដើរផ្នែកខាងជើងរបស់ស្រះខាងត្បូងព្រមទាំងកម្រាលជុំវិញ។ ជាមួយគ្នានេះ ក្រុមអ្នកជំនាញក៏បានជួសជុលជណ្ដើរថ្មបាយក្រៀម នៅផ្នែកខាងជើង ដែលគេហៅថា កំពង់ទូក។

សូមជម្រាបថា នៅចន្លោះឆ្នាំ១៩៣៨-១៩៣៩ក្នុងសម័យបារាំង​ក៏ធ្លាប់មានការជួសជុលដំបូលទបង្ហូរទឹកទាំង៤និងស្រះតូចៗព្រមទាំងតួប៉ម កណ្ដាលនៃប្រាសាទនាគព័ន្ធដែរ។
នៅអំឡុងឆ្នាំ១៩៥៦-១៩៥៧បារាំងក៏បានជួសជុលស្រះកណ្ដាល និង​ជណ្ដើរថ្មបាយក្រៀមផងដែរ៕
ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner