អ៊ីស្រាអែលមិនវាយទីតាំងប្រេងនិងនុយក្លេអ៊ែរអ៊ីរ៉ង់ តាមសំណើអាមេរិក
បរទេស៖ ប្រព័ន្ធផ្សព្វផ្សាយអាមេរិក បានរាយការណ៍ កាលពីថ្ងៃចន្ទថា អ៊ីស្រាអែលបានធានាដល់សេតវិមានថា ការវាយប្រហារសងសឹក ដែលបានគ្រោងទុក លើប្រទេសអ៊ីរ៉ង់ នឹងមិនកំណត់គោលដៅ លើរោងចក្រនុយក្លេអ៊ែរ ឬ ទីតាំងប្រេង នោះទេ។
អ៊ីស្រាអែលបានប្តេជ្ញាវាយតបសងសឹកវិញ បន្ទាប់ពីអ៊ីរ៉ង់បានបាញ់មីស៊ីលបាលីស្ទីក មកកាន់ខ្លួន កាលពីថ្ងៃទី១ ខែតុលា តបតទៅនឹងការសម្លាប់មេដឹកនាំសកម្មប្រយុទ្ធ ដែលស្និទ្ធនឹងអ៊ីរ៉ង់។
មន្ត្រីអាមេរិក មិនបញ្ចេញឈ្មោះបានប្រាប់កាសែត Washington Post ថា នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានធានាជាថ្មី ដល់សេតវិមានថា ការវាយប្រហារតបតដែលខ្លួនកំពុងសញ្ជឹងគិតនឹងផ្តោតលើតែទីតាំងយោធាប៉ុណ្ណោះ។ កាសែត Wall Street Journal ក៏បានដកស្រង់សម្ដីមន្ត្រីអាមេរិក ដែលនិយាយក្នុងលក្ខខណ្ឌ មិនបញ្ចេញឈ្មោះផងដែរថា ការសន្យានេះ បានធ្វើឡើងក្នុងការហៅទូរស័ព្ទ រវាងប្រធានាធិបតីអាមេរិក Joe Biden និង Netanyahu កាលពីសប្តាហ៍មុន ព្រមទាំងក្នុងការសន្ទនាក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ រវាងរដ្ឋមន្ត្រីការពារជាតិអាមេរិក Lloyd Austin និងសមភាគីអ៊ីស្រាអែល គឺ លោក Yoav Gallant ។
លោក Biden បានប្រាប់អ៊ីស្រាអែល ឲ្យវាយប្រហាររោងចក្រនុយក្លេអ៊ែរ ឬ ប្រេងរបស់អ៊ីរ៉ង់ ដើម្បីជៀសវាងការពង្រីកសង្រ្គាមក្នុងតំបន់ និងចំពេលមានការព្រួយបារម្ភ អំពីការកើនឡើងនៃតម្លៃថាមពលពិភពលោក៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត