កម្ពុជា សម្រេចផ្អាកបញ្ជូននិស្សិតខ្មែរទៅសិក្សា នៅអ៊ីស្រាអ៊ែល
(ភ្នំពេញ)៖ ថ្លែងក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍ ៣០ឆ្នាំ ថ្ងៃបង្កើតកងពលតូចលេខ៧០ នាព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចផ្អាកបញ្ជូននិស្សិតខ្មែរ ទៅប្រទេសអ៉ីស្រាអ៊ែល, ខណៈបច្ចុប្បន្ននេះ មាននិស្សិតខ្មែរចំនួន ២២០នាក់ កំពុងសិក្សា និងរស់នៅទីនោះ ហើយនិស្សិតខ្មែរទាំងអស់ កំពុងរស់នៅក្នុងទីតាំង ដែលមានសុវត្ថិភាព និងស្ថិតក្រោមការតាមដាន យកចិត្តទុកដាក់ ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ។
ការសម្រេចបែបនេះ បន្ទាប់ពីនៅតំបន់មជ្ឈឹមបូព៌ា កំពុងមានជម្លោះរវាងអ៊ីស្រាអែល និងហេសបូឡា បានបន្តឡើងវិញកាលពីមួយឆ្នាំមុន នៅពេលចលនាប្រដាប់អាវុធ លីបង់មួយនេះ បានចាប់ផ្តើមបាញ់គ្រាប់រ៉ុក្កែត លើភាគខាងជើងអ៉ីស្រាអែល ក្រោមគោលបំណងគាំទ្រដល់ ក្រុមហាម៉ាសប៉ាឡេស្ទីន អំឡុងការផ្ទុះឡើងដំបូង នៃសង្រ្គាមនៅតំបន់ហ្កាហ្សា ហើយជម្លោះរវាងភាគីទាំងពីរ បានកើនឡើងកម្តៅយ៉ាងគំហុក ។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងងថា រាជរដ្ឋាភិបាលកម្ពុជា មិនមានផែនការជួលយន្តហោះ ដឹកនាំនិស្សិតកម្ពុជា ដែលកំពុងតែសិក្សានៅប្រទេសអ៊ីស្រាអែល នៅពេលនេះនោះទេ។ ប៉ុន្តែ រាជរដ្ឋាភិបាល បានយកចិត្តទុកដាក់ តាមដានជាប់ជាប្រចាំ ចំពោះសុខទុក្ខ ក៏ដូចជា ស្ថានភាពវិវត្តន៍ថ្មីៗ ដោយមិនចោលប្រជាពលរដ្ឋខ្មែរណាម្នាក់ ជាដាច់ខាត ។
ជាមួយគ្នានេះ សម្តេច ក៏បានផ្តាំផ្ញើព័ត៌មានដល់ឪពុក ម្តាយ អាណាព្យាបាល របស់និស្សិតទាំងអស់ថា បើទោះបីជាប្រទេសកម្ពុជា មានសន្តិភាពក៏ដោយ រាជរដ្ឋាភិបាល ក៏មិនបានភ្លេចដល់ប្រជាពលរដ្ឋខ្មែរណាម្នាក់ ដែលកំពុងរស់នៅ និងប្រឈមមុខនឹងគ្រោះថ្នាក់នៅក្នុងតំបន់ ដែលមានគ្រោះថ្នាក់ ដោយសារតែសង្គ្រាមនោះដែរ ។
ជាមួយនឹងស្ថានភាពផុយស្រួលនៃជម្លោះនៅក្នុងប្រទេសអ៊ីស្រាអែលនេះដែរ, សម្តេចនាយករដ្ឋមន្ត្រី បានណែនាំឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា ត្រៀមផែនជាមួយចំនួន ដើម្បីការពារសុវត្ថិភាពដល់ និស្សិតរបស់កម្ពុជា ទៅតាមស្ថានភាពចាំបាច់ នៅក្នុងករណី ដែលសភាពការណ៍កាន់តែកើនឡើងកម្លាំងឡើង ជាពិសេស ប្រជាពលរដ្ឋ និស្សិតខ្មែរ ដែលកំពុងតែរស់នៅក្នុងតំបន់ក្រហម អាចនឹងឈានឡើង តាមរយៈការវាយប្រហារគ្នារវាងកងទ័ពអ៊ីស្រាអែល និងភាគីផ្សេងៗទៀតជាដើម ។
សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានបង្ហាញក្តីសង្ឃឹមថា គ្រប់ភាគីពាក់ព័ន្ធទាំងអស់ នឹងអាចបញ្ឈប់ការប្រយុទ្ធគ្នា ហើយឈានទៅរកការចរចារកដំណោះស្រាយ ដើម្បីបញ្ចប់ជម្លោះកុំឱ្យរីករាលកាន់តែធំ នៅក្នុងតំបន់មជ្ឈឹមបូព៌ា ៕
ដោយ ៖ វណ្ណលុក