មន្ទីរកសិកម្មខេត្តកណ្តាលរៀបចំស្តង់ចំនួន៥ដាក់តាំងបង្ហាញនិងលក់នូវផលិតផលក្នុងឱកាសប្រណាំងទូកនៅក្រុងតាខ្មៅ

(ខេត្តកណ្តាល)៖ ដើម្បីចូលរួមអបអរសាទរ នៅក្នុងពិធីប្រណាំងទូកនៅក្រុងតាខ្មៅ ខេត្តកណ្តាល ដែលមានរយៈពេល២ថ្ងៃចាប់ពីថ្ងៃទី១៧ដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ខេត្តកណ្តាល បានរៀបចំស្តង់ចំនួន ៥ ដើម្បីដាក់បង្ហាញផលិតផលសំរាប់ជាការផ្សព្វផ្សាយ និងលក់ ដែលមានប្រភេទ ជាបន្លែ ត្រី សាច់ និងកូនឈើគ្រប់ភេទ ។

លោក ឌួង គឹមឈាន អនុប្រធានការិយាល័យ ផ្នែកលក់ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកាណ្តាល បានឱ្យដឹងថា ស្តង់ចំនួន៥ ក្នុងនោះទី១ គឺជាស្តង់របស់មន្ទីរទី២ ស្តង់របស់រដ្ឋបាលជល ទី៣ រដ្ឋបាលព្រៃឈើ ទី៤ ស្តង់បង្ហាញពីផលិតផលគ្រឿងសមុទ្រ និងស្តង់ទី៥ គឺជាស្តង់របស់ស្ថានីយ៍ផលិតពូជត្រី៧មករា ដោយក្នុងនោះស្តង់ចំនួន៤ សំរាប់ធ្វើការផ្សព្វផ្សាយ និង១ទៀតសំរាប់លក់ ផលិតផលកសិកម្ម គ្រប់ប្រភេទ។
លោកគូសញ្ជាក់បន្ថែមថា ការដាក់តាំងផលិតផលនេះ គឺជាការលើកកម្ពស់នូវផលិតផលបន្លែសុវត្តិភាព ដែលឆ្លងកាត់ការធ្វើតេសទៅតាមស្តង់ដាបច្ចេកទេស ដែលមានតាំងពីផលិតកែច្នៃ ផលិតផលស្រស់ៗ ក្នុងនោះបន្លែស្លឹក បន្លែផ្លែ មើម ផ្លែឈើ ដែលបានមកពីសហគមន៍ផ្សេងៗ នៅក្នុងខេត្ត។

គួរបញ្ជាក់ផងដែរថា មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកណ្តាល បានខិតខំនៅក្នុងការលើកកម្ពស់នូវផលិតផលបន្លែ ផ្លែឈើ ឱ្យមានសុវត្តិភាព ទៅដល់ប្រជាជន និងចូលរួមទប់ស្កាត់បន្លែផ្លែឈើពីប្រទេសជិតខាង ដែលមិនមានសុវត្តិភាព ។ រហូតមកទល់និងពេលនេះ មន្ទីរបានបង្កើតសហគមន៍បានចំនួន ១៦ សហគមន៍ ដោយបានបណ្តុះបណ្តាលទៅលើការងារដាំដុះ ការងារបច្ចេកទេស ដាំដុះ ក្នុងផ្ទះសំណាញ់ និងឈានទៅដល់ការដាំដុះបន្លែ មិនប្រើប្រាស់សារធាតុគីមី។ ច្ចុប្បន្ននេះ សហគមន៍ចំនួន ១៦ មានសមត្ថភាពផលិតផលបន្លែ ផ្លែឈើ ត្រីសាច់ និងបានបញ្ចេញលក់នៅលើទីផ្សារបានប្រមាណចំនួន ១៦៥តោននៅក្នុងមួយ ៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner