ពិធីផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹងដល់ស្រ្តីមានកូនតូច និងស្រ្តីមានផ្ទៃពោះចំនួន ៦០នាក់ នៅមណ្ឌលសុខភាពពាមរក៍

(ព្រៃវែង)៖ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា និងជាអនុប្រ​ធាន​ក្រុម​ការងារ​ឥស្សរជនឆ្នើមថ្នាក់ជាតិ និងឯកឧត្តម សុខ ផេង អនុប្រធានអចិន្រ្តៃ​យ៍​គណៈកម្មាធិការសាខា និងជាអនុប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ នៃសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង បានអញ្ជើញជាអធិបតីក្នុងពិធី​សំណេះ​សំណាល និងផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹងស្តីពី «សហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ» ជូនដល់ស្រ្តីជាមាតាចំនួន ៦០នាក់ (ក្នុងនោះស្រ្តី​ទើបសម្រាលកូនចំនួន ២១នាក់, ស្ត្រីមានផ្ទៃពោះចំនួន ៣៩នាក់) នៅមណ្ឌលសុខ​ភាព​ពាមរក៍ ដែលស្ថិតក្នុងស្រុកពាមរក៍ ខេត្តព្រៃវែង នាថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ ។

ក្នុងឱកាសនោះ ស្ត្រីជាមាតាទាំងអស់ បានទទួលការផ្សព្វផ្សាយពីគ្រូពេទ្យ​នៃមណ្ឌល​សុខភាពពាមរក៍ ដែលបានធ្វើបទបង្ហាញលើការយល់ដឹងអំពីសុខភាពមាតា ទារក និងកុមារ, អាហារូបត្ថម្ភ និងការបំបៅកូនដោយទឹកដោះម្តាយ។ ជាមួយគ្នាគ្នានេះ លោកបណ្ឌិត វ៉ា សុភ័ក្រ្ត លេខាធិការក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ បានធ្វើបទ​បង្ហាញអំពីស្ថានភាពមេរោគអេដស៍/ជំងឺអេដស៍ និងលោកស្រីបណ្ឌិត អ៊ុក មាសសូលី​ណា នាយិកាសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង បានធ្វើបទបង្ហាញអំពី​ការ​ពង្រឹងសហគមន៍ឱ្យមានភាពធន់នឹងអាកាសធាតុ។

ឯកឧត្តម សុខ ផេង បានគូសបញ្ជាក់ថា៖ «ក្នុងបេសកកម្មដើម្បីសុខភាពស្ត្រី កុមារ និងទារក ដោយមានការណែនាំតម្រង់ទិសពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង បានសហការពេញទំហឹង​ជាមួយ​ស្ថាប័នពាក់ព័ន្ធបំពេញតួនាទីយ៉ាងសកម្ម ក្នុងភាពម្ចាស់ការលើការផ្តល់​សេវា​កម្មមនុស្សធម៌, សេវាកម្មសុខភាព ដោយបានឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង នៃភាពងាយរងគ្រោះ ហើយសម្រេចបានលទ្ធផលគួរឱ្យកត់សម្គាល់ ក្នុងការ​ជួយដល់ប្រជាជនងាយរងគ្រោះក្នុងមូលដ្ឋានបានទាន់ពេលវេលា និងមាន​ប្រសិទ្ធភាព។»

ថ្លែងក្នុងឱកាសនោះ លោកជំទាវអគ្គលេខាធិការ ពុំ ចន្ទីនី បានពាំនាំនូវព្រះរាជ​បន្ទូល​ផ្តាំ​សួរសុខទុក្ខពី សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយស​កាក​បាទក្រហមកម្ពុជា និងប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃផែនការ​សកម្មភាព​រួម​អគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ត្រីនិងកុមារ និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក ឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា ដែលផ្តាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹកចំពោះក្មួយៗស្ត្រីជាមាតាទាំងអស់។

ទន្ទឹមនឹងនេះ លោកជំទាវ បានថ្លែងនូវការកោតសរសើរចំពោះក្មួយៗទាំងអស់ដែល​មាន​ការយល់ដឹងខ្ពស់ ​អាចឆ្លើយសំណួរបានយ៉ាងត្រឹមត្រូវ ច្បាស់លាស់ពីសំណាក់​វាគ្មិន ជាពិសេសមានការប្តេជ្ញាចិត្តខ្ពស់ក្នុងចូលរួមជួយធ្វើជា​កម្លាំងចលករ​ក្នុងការ​ផ្សព្វ​ផ្សាយបន្តពីចំណេះដឹងទាំងនេះ ដល់ក្រុមគ្រួសារ និងសហគមន៍របស់ខ្លួន។ លោកជំទាវ ក៏បានផ្តាំផ្ញើដល់ក្មួយៗទាំងអស់ត្រូវបន្តថែទាំសុខភាពទាំងផ្លូវកាយ និងសុខភាពផ្លូវចិត្ត, ហើយបុគ្គលម្នាក់ៗត្រូវទទួលខុសត្រូវលើសុខភាពខ្លួនឯង, សហគមន៍មួយក៏ត្រូវទទួលខុសត្រូវលើសុខភាពសាធារណៈរបស់សហគមន៍ខ្លួនឯងផងដែរ។

ស្ត្រីជាមាតាទាំងអស់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងមានការសប្បាយ​រីករាយ​ជាខ្លាំងបន្ទាប់ពីបានទទួលការយល់ដឹងបន្ថែម ក៏ដូចជាការក្រើនរំលឹកសារ​អប់រំ​ស្តីពីការថែទាំសុខភាពឱ្យបានល្អ ព្រមទាំងទទួលបានអំណោយជួយសម្រាល​ការលំបាកដោយក្នុងម្នាក់ៗទទួលបាន៖ អង្ករសុខភាព ៤កញ្ចប់, ឃីតអនាម័យ ១កញ្ចប់ និងថវិកាចំនួន ៥ម៉ឺនរៀល។

ក្រុមការងារ ក៏បានអញ្ជើញជួបសួរសុខទុក្ខដោយផ្ទាល់ ជាមួយគ្រួសាររងគ្រោះ​ដោយសារជំងឺអេដស៍ចំនួន៥គ្រួសារ រស់នៅភូមិថ្មី, ភូមិចំការវែង និងភូមិបឹងក្អែក នៃឃុំពាមមានជ័យ ស្រុកពាមរក៍ ខេត្តព្រៃវែង ដែលក្នុងឱកាសនោះ លោកជំទាវ ពុំ ចន្ធីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា និងជាអនុប្រធានគណៈកម្មាធិការ​ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ បានក្រើនរំលឹកដល់អ្នកផ្ទុកមេរោគអេដស៍​ទាំងអស់ សូមបន្តយកចិត្តទុកដាក់ព្យាបាលជំងឺឱកាសនិយមឱ្យបានត្រឹមត្រូវ និងបានទាន់ពេលវេលា, ត្រូវលេបឱសថប្រឆាំងមេរោគអេដស៍ ឱ្យបានត្រឹមត្រូវ ទៀងទាត់ និងជាប់លាប់, ត្រូវមានការយល់ដឹងអំពីរបបអាហារដែលញ៉ាំងឱ្យខ្លួន​មានសុខភាពល្អ សំដៅបង្កើតនូវភាពសុខដុមរមនា នៅក្នុងក្រុមគ្រួសារ និង​សហគមន៍ដោយគ្មានការរើសអើង ៕

ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner