បទឧទ្ទេសនាមស្តីអំពី «ប្រវត្តិសាស្រ្ត ១០០ឆ្នាំ របស់គណបក្សកុម្មុយនីស្តចិន»

(ភ្នំពេញ)៖ ឯកឧត្តម ឈី ឈីងសាន (Qi Qingshan) សមាជិកគណៈ​កម្មាធិការ​មជ្ឈិម និងជាប្រធានវិទ្យាស្ថានប្រវត្តិសាស្រ្តបក្ស និងអក្សរសាស្រ្ត នៃគណៈ​កម្មាធិការ​មជ្ឈិមបក្សកុម្មុយនីស្តចិន បានអញ្ជើញធ្វើបទឧទ្ទេសនាមស្តីអំពី «ប្រវត្តិសាស្រ្ត ១០០ឆ្នាំ របស់គណបក្សកុម្មុយនីស្តចិន» មន្រ្តីជាន់ខ្ពស់នៃគណបក្សប្រជាជនកម្ពុជា នារសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ នៅវិមាន៧មករា ។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ សមាជិកអចិន្រ្តៃយ៍ នៃគណៈកម្មធិការ​កណ្តាល គណបក្សប្រជាជនកម្ពុជា មានប្រសាសន៍ថា តាងនាមសម្តេចអគ្គមហា​សេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា សូមថ្លែងអំណរគុណ​យ៉ាងជ្រាលជ្រៅចំពោះគណបក្សកុម្មុយនីស្តចិន ដែលបានចាត់តាំងឯកឧត្តម ឈី ឈីងសាន និងសមាជិកគណៈប្រតិភូ មកធ្វើបទឧទ្ទេសនាមជូនដល់មន្ត្រីជាន់ខ្ពស់​របស់គណបក្សប្រជាជនកម្ពុជា ដើម្បីចែករំលែកបទពិសោធន៍ល្អៗ និងគំរូវីរភាព​របស់ថ្នាក់ដឹកនាំគណបក្សកុម្មុយនីស្តចិនគ្រប់លំដាប់ថ្នាក់ ដែលបានធ្វើ​ពលិកម្ម​គ្រប់បែបយ៉ាងដោយឈាម ទឹកភ្នែក និងប្រាជ្ញាស្មារតីដោយភាពឈ្លាសវៃ ជម្នះ​រាល់ឧបសគ្គរាប់មិនអស់ រហូតសម្រេចបានជោគជ័យយ៉ាងត្រចះត្រចង់ជូន​ជាតិ​មាតុភូមិរបស់ខ្លួន ឆ្លងចូលដល់សម័យកាលថ្មីនៃកំណែទម្រង់និងបើកចំហ និង​ការកសាងទំនើបកម្មសង្គមនិយម ដែលជាយុគសម័យថ្មីនៃសង្គមនិយមជាមួយ​លក្ខណៈពិសេសរបស់ចិន ដោយបានធ្វើឱ្យប្រទេសចិនក្លាយជាមហាអំណាច​សេដ្ឋកិច្ចទី២លើពិភពលោក ព្រមទាំងកិត្យានុភាព និងតួនាទីរបស់ប្រទេសចិន​កាន់តែត្រូវបានលើកកម្ពស់លើឆាកអន្តរជាតិ។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សូមសម្តែងនូវអំណរគុណដល់គណបក្សកុម្មុយនីស្តចិន និងប្រជាជនចិន ចំពោះការអនុវត្តស្មារតីនៃកិច្ចសហប្រតិបត្តិការរវាង​ប្រទេសយើង​ទាំងពីរ ដោយបានគំាទ្រដល់ការអភិវឌ្ឍរបស់ប្រទេសកម្ពុជា ស្របទៅតាម​លក្ខណៈ​សម្បត្តិរបស់កម្ពុជា ឱ្យសម្រេចបានលទ្ធផល គួជាទីមោទនៈលើគ្រប់វិស័យ ដែលឆ្នាំ​២០២៤នេះ ជាខួបទី៦៦នៃការបង្កើតទំនាក់ទំនងការទូតរវាង កម្ពុជានិងចិន ។

ក្នុងក្របខ័ណ្ឌទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ មិត្តភាពដែកថែប និងកិច្ចសហប្រតិបត្តិការត្បូងពេជ្ររវាងគណបក្សនិងប្រជាជនយើង ប្រទេសយើង​ទាំងពីរដែលមានប្រវត្តិនៃការតស៊ូរំដោះប្រទេស បានគោរពនិងគាំទ្រគ្នា​ទៅវិញ​ទៅមក​ចំពោះជម្រើសនៃមាគ៌ាអភិវឌ្ឍន៍ដែលស្របនឹងលក្ខខណ្ឌជាតិរៀងៗខ្លួន ដែលនេះបានបង្ហាញអំពីទំនាក់ទំនងការទូតគំរូផងដែរ។ កម្ពុជា-ចិនគឺជាមិត្ត​ដ៏ធំ​បំផុត ជាដៃគូ និងជាអ្នកគាំទ្រដ៏គួរទុកចិត្តជាទីបំផុត ។ ហើយជាការពិតណាស់កម្ពុជា ពិតជានឹងមិនអាចអភិវឌ្ឍ និងពង្រឹងខ្លួនមកដល់កម្រិតដូចសព្វថ្ងៃនេះទេ បើប្រសិនគ្មានការគាំទ្រពីមិត្តចិន។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ មានប្រសាសន៍បន្ថែមថា កម្ពុជា​ប្រកាន់​ខ្ជាប់នូវពហុភាគីនិយមពិតប្រាកដ ហើយកម្ពុជាបន្តប្រកាន់ខ្ជាប់នូវ «គោលនយោ​បាយ​ចិនមួយ» ដោយចាត់ទុកបញ្ហាពាក់ព័ន្ធនឹងហុងកុង ទីបេ តៃវ៉ាន់ និងស៊ីនជាំង ជាកិច្ចការផ្ទៃក្នុងរបស់ចិន និងប្រឆាំងរាល់ការជ្រៀតជ្រែកពីខាងក្រៅ​មកលើកិច្ចការ​ផ្ទៃក្នុងរបស់ចិន ព្រមទាំងបន្តគាំទ្រគំនិតផ្តួចផ្តើមនានារបស់ចិនរួមមាន៖ គំនិតផ្ដួច​ផ្ដើមខ្សែក្រវ៉ាត់និងផ្លូវ គំនិត ផ្ដួចផ្ដើមអភិវឌ្ឍន៍សកល គំនិតផ្ដួចផ្ដើមសន្តិសុខសកល និងគំនិតផ្ដួចផ្ដើមអរិយធម៌សកល ជាដើម។

បទឧទ្ទេសនាមនាថ្ងៃនេះ គឺជាការឆ្លុះបញ្ចាំងអំពីទំនាក់ទំនងប្រកបដោយអត្ថន័យ រវាងគណបក្សនិងគណបក្ស ក៏ដូចជារវាងប្រជាជននិងប្រជាជននៃប្រទេស​យើង​ទាំងពីរ ដើម្បីជាគុណប្រយោជន៍សម្រាប់ការអភិវឌ្ឍសមត្ថភាពផង ក៏ដូចការយកទៅ​ច្នៃ​ប្រឌិត​សម្រាប់អនុវត្តឱ្យបានសមស្របទៅតាមស្ថានភាពជាក់ស្តែងរបស់​កម្ពុជា​យើងផង ។

ក្នុងឱកាសនោះ ឯកឧត្តម ឈី ឈីងសាន មានប្រសាសន៍ថា ប្រវត្តិសាស្ត្រជាង ១០០ឆ្នាំនៃបក្សកុម្មុយនីស្តចិន អាចបែងចែកជាសម័យកាលប្រវត្តិសាស្ត្របួនគឺ ៖ ចាប់ពីការបង្កើតឡើងនៃបក្សកុម្មុយនីស្តចិននៅខែកក្កដា ឆ្នាំ១៩២១ ដល់ការបង្កើត​ឡើងនៃសាធារណរដ្ឋប្រជាមានិតចិននៅខែតុលា ឆ្នាំ១៩៤៩ នេះជាសម័យកាល​នៃបដិវត្តន៍​ប្រជាធិបតេយ្យបែបថ្មី ចាប់ពីខែតុលា ឆ្នាំ១៩៤៩ ដល់ ឆ្នាំ១៩៧៨ ដែលបានរៀបចំធ្វើការប្រជុំពេញអង្គលើកទី៣ អាណត្តិទី១១ នៃបក្សកុម្មុយនីស្តចិន នេះជាសម័យកាលនៃបដិវត្តន៍ និងការកសាងសង្គមនិយម ចាប់ពីខែធ្នូ ឆ្នាំ១៩៧៨ ដល់ខែវិច្ឆិកា ឆ្នាំ២០១២ ដែលបានប្រារព្ធឡើងមហាសន្និបាតលើកទី១៨​នៃបក្សកុម្មុយនិស្តចិន នេះជាសម័យកាលថ្មីនៃ កំណែទម្រង់និងបើកចំហរ និងការកសាងទំនើបកម្មសង្គមនិយម ចាប់ពីខែវិច្ឆិកាឆ្នាំ២០១២ ដល់ថ្ងៃនេះ ជាយុគសម័យថ្មីនៃសង្គមនិយមជាមួយលក្ខណៈពិសេសចិន ។ ក្នុងអំឡុងពេល ប្រវត្តិសាស្ត្រទាំងបួននេះ បក្សកុម្មុយនីស្តចិនបានបញ្ចប់ និងជំរុញព្រឹត្តិការណ៍ធំៗ​ចំនួនបួន ។ ព្រឹត្តិការណ៍សំខាន់ៗចំនួនបួនបានរួមចំណែកដល់​ភាពរុងរឿង​អស់រយៈពេល ១០០ឆ្នាំ នៃបក្សកុម្មុយនីស្តចិន ៕

ដោយ ៖ គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner