ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នឹងអញ្ជើញចូលរួមពិធីចូលកាន់តំណែង របស់ថ្នាក់ដឹកនាំថ្មី នៃសាធារណរដ្ឋឥណ្ឌូណេស៊ី

(ភ្នំពេញ)៖ សម្តេចធិបតីនាយករដ្ឋមន្ត្រី នឹងអញ្ជើញចូលរួម ពិធីចូលកាន់តំណែង របស់ថ្នាក់ដឹកនាំថ្មី នៃសាធារណរដ្ឋឥណ្ឌូណេស៊ី នាថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤ ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលទទួលបាននាព្រឹកថ្ងៃទី១៨ តុលា ។

សេចក្ដីប្រកាសព័ត៌មាន បានឱ្យដឹងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា នឹងដឹកនាំ គណៈប្រតិភូជាន់ខ្ពស់អញ្ជើញចូលរួម ពិធីចូលកាន់តំណែង របស់ ឯកឧត្តម Prabowo Subianto ជាប្រធានាធិបតីថ្មី និង ឯកឧត្តម Gibran Rakabuming Raka ជាអនុប្រធានាធិបតីថ្មី នៃសាធារណរដ្ឋឥណ្ឌូណេស៊ី ដែលនឹងប្រារព្ធឡើង នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤ នៅរដ្ឋធានីហ្សាការតា តបតាមការអញ្ជើញរបស់ ឯកឧត្តម Joko Widodo ។

អញ្ជើញចូលរួមអមដំណើរ សម្តេចធិបតីនាយករដ្ឋមន្ត្រី ក្នុងពិធីនេះរួមមាន៖ ឯកឧត្តម ទៀ សីហា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការពារជាតិ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តម បណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស និង លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីពាណិជ្ជកម្ម ព្រមទាំងឥស្សរជន មួយចំនួនទៀត ។

ការអញ្ជើញចូលរួមរបស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី ក្នុងពិធីចូលកាន់តំណែងនេះ នឹងបង្ហាញយ៉ាងច្បាស់ ពីភាពជាដៃគូដ៏រឹងមាំ និងទំនាក់ទំនងដ៏ជិតស្និទ្ធ រវាងប្រទេសទាំងពីរ ។

ជំវិញដំណើរបំពេញទស្សនកិច្ចអបអរប្រធានាធិបតីជាប់ឆ្នោតថ្មីនៃប្រទេសឥណ្ឌូនេស៊ី លោក ថុង ម៉េងដាវីដ អ្នកវិភាគភូមិសាស្ត្រនយោបាយនិងជាសាស្ត្រាចារ្យនៅវិទ្យាស្ថានសិក្សាទំនាក់ទំនងអន្តរជាតិ និងគោលនយោបាយសាធារណៈ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ យល់ថា គឺបង្ហាញពីទំនាក់ទំនងល្អរវាងកម្ពុជា និងឥណ្ឌូណេស៊ី ហើយវាជាផ្នែកមួយ នៃការពង្រឹងទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការក្នុងតំបន់ ក្នុងមានគោលបំណងពង្រឹងចំណងការទូត ពង្រឹងភាពជាដៃគូពាណិជ្ជកម្ម និងដោះស្រាយបញ្ហាប្រឈមក្នុងតំបន់ក្នុងវិស័យសន្តិសុខ និងការអភិវឌ្ឍសេដ្ឋកិច្ចជាដើម ។

លោកថា ឥណ្ឌូណេស៊ី បានដើរតួនាទីដ៏សំខាន់ក្នុងការផ្តល់ជំនួយយោធា ផ្តល់ការហ្វឹកហ្វឺន និងបច្ចេកទេសជាច្រើនដល់កងទ័ពកម្ពុជា ជាពិសេស កាលពីខែកញ្ញា ឯកឧត្តម ប្រាបូវូ ស៊ូប៊ីយ៉ានតូ បានធ្វើដំណើរទស្សនកិច្ចមកកម្ពុជា ។ លើសពីនេះ ការបង្ហាញការគាំទ្រដល់ការដឹកនាំរបស់ប្រទេសជិតខាង អាចជំរុញសុច្ឆន្ទៈ និងកិច្ចសហការរបស់កម្ពុជា នៅក្នុងអាស៊ានជាដើម ។

ទន្ទឹមគ្នានេះដែរ លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា យល់ឃើញថា កម្ពុជា និងឥណ្ឌូណេស៊ីមានទំនាក់ទំនងល្អតាំងពីជំនាន់អតីតព្រះមហាក្សត្រ នរោត្តម សីហនុ មកម្ល៉េះ។ ក្នុងទិដ្ឋភាពប្រវត្តិសាស្ត្រ ប្រទេសទាំងពីរ ជាប្រទេសស្ថាបនិក ដែលមិនចូលបក្សសម្ព័ន្ធ ហើយជាងនេះទៅទៀត ឥណ្ឌូណេស៊ី ជាសហប្រធានសន្និសីទកិច្ចព្រមព្រៀងក្រុងប៉ារីស ស្វែងរកដំណោះស្រាយជម្លោះនៅកម្ពុជា ។ ប្រទេសទាំងពីរ បានបន្តរក្សាទំនាក់ទំនងល្អតរៀងមក ហើយដំណើរបំពេញទស្សនកិច្ចរបស់សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ទៅកាន់ប្រទេសឥណ្ឌូណេស៊ីនេះ នៅតែឆ្លុះបញ្ចាំងពីទំនាក់ទំនងល្អ ។

សូមរំលឹកថា ក្នុងឱកាសនៃជំនួបជាមួយ ឯកឧត្ដម Prabowo Subianto ប្រធានាធិបតីជាប់ឆ្នោត នៃសាធារណរដ្ឋឥណ្ឌូណេស៊ី ក្នុងដំណើរទស្សនកិច្ចនៅកម្ពុជា កាលពីទី៦ កញ្ញា ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត ឯកឧត្តម Prabowo បានគូសបញ្ជាក់ពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរ រវាងប្រទេសទាំងពីរ ព្រមទាំងប្ដេជ្ញាចិត្ត ក្នុងការបន្តពង្រឹង និងពង្រីកទំនាក់ទំនង ឥណ្ឌូណេស៊ី-កម្ពុជា ឱ្យកាន់តែជិតស្និទ្ធ និងរឹងមាំថែមទៀត ។

ជាមួយគ្នានេះ ភាគីទាំងពីរ ក៏បានផ្លាស់ប្តូរទស្សនៈអំពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី លើវិស័យសក្ដានុពលមួយចំនួន មានជាអាទិ៍ វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ការពារជាតិ និងសន្ដិសុខ កសិកម្ម និងទេសចរណ៍ រួមទាំងការពិចារណាលើលទ្ធភាពក្នុងការបង្កើនជើងហោះហើរត្រង់ រវាងប្រទេសទាំងពីរបន្ថែមទៀត ៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner