តម្លៃមាសហក់ឡើងថ្លៃ បំបែកកំណត់ត្រាថ្មី

បរទេស៖ នៅថ្ងៃសុក្រនេះ តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុត ពោលគឺមានតម្លៃ លើសពី ២៧,០០ដុល្លារអាមេរិក ក្នុង១អោន រង្វាល់អន្តរជាតិ ឬ ស្មើនឹងជិតមួយតម្លឹងមាស។

ពាណិជ្ជករបានសម្រុកទៅរកទិញមាសស្តុកទុក ចំពេលដែលមានភាពមិនច្បាស់លាស់ ខាងភូមិសាស្ត្រនយោបាយ ដែលកើនឡើង រួមទាំងនៅមជ្ឈិមបូព៌ា ពោលគឺបន្ទាប់ពីអ៊ីស្រាអែលបាននិយាយថា ខ្លួនទើបបានសម្លាប់មេធំហាម៉ាស់ ឈ្មោះ Yahya Sinwar ដែលជាអ្នកធ្លាប់ដឹកនាំការវាយប្រហារ ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ទៅលើអ៊ីស្រាអែល។

មាសដុំបានឡើងដល់កម្រិតខ្ពស់បំផុត ជាងពេលណាទាំងអស់ គឺជាង២,៧០៤ដុល្លារអាមេរិក នៅក្នុងការជួញដូរនៅអាស៊ីដំបូង ដែលបានកើនឡើងពីកំណត់ត្រាមុនរបស់ខ្លួន ដែលមានតម្លៃ ជាង ២,៦៦០ដុល្លារអាមេរិក កាលពីថ្ងៃព្រហស្បតិ៍។

ទីផ្សារមាសបានឈានមុខគេ ជុំវិញវិបត្តិនៅមជ្ឈិមបូព៌ា ខណៈដែលអ៊ីស្រាអែលប្រយុទ្ធនឹងក្រុមហាម៉ាសនៅតំបន់ហ្គាហ្សា ហើយ ថ្មីៗនេះ បន្តប្រយុទ្ធជាមួយក្រុមហេសបូឡា នៅភាគខាងត្បូង ប្រទេសលីបង់ ជាមួយនឹងការព្រួយបារម្ភអំពីសង្គ្រាមទូទាំងតំបន់ ដែលអាចកើតមានឡើងថែមទៀត នៅក្នុងប្រទេសអ៊ីរ៉ង់។

មាសបានឡើងថ្លៃប្រហែល ៣០% រួចមកហើយ ចាប់តាំងដើមឆ្នាំ២០២៤មក។ ការកាត់បន្ថយអត្រាការប្រាក់របស់ធនាគារកណ្តាលនៃបណ្តាប្រទសនានា ជាពិសេស ធនាគារកណ្តាលអាមេរិក ក៏ជាហេតុផលនាំឲ្យគិតថា មាសបានក្លាយជាទ្រព្យសម្បត្តិដ៏គួរឱ្យទាក់ទាញ សម្រាប់អ្នកវិនិយោគ។
ក្តីបារម្ភអំពីសង្គ្រាម ដែលអូសបន្លាយយូរ នៅក្នុងប្រទេសអ៊ុយក្រែន ក៏បានជំរុញតម្លៃមាសថែមទៀត ខណៈដែលអ្នកវិនិយោគគិតថា មាសកាន់តែមានសុវត្ថិភាព ក្នុងស្ថានការណ៍សង្គ្រាម៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner