រាជរដ្ឋាភិបាលផ្តល់អាហារូបករណ៍សិក្សាជំនាញបច្ចេកទេសចំនួនជាង ៦ម៉ឺនកន្លែងសម្រាប់ឆ្នាំ២០២៥

ភ្នំពេញ៖ឯកឧត្តម កត្តា អ៊ន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ថា រាជរដ្ឋា​ភិបាលកម្ពុជាបានផ្តល់អាហារូបការណ៍ផ្នែកកម្មវិធីបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈសម្រាប់ឆ្នាំ២០២៥ ចំនួន ៦ ៧៣០០ កន្លែង។ ការផ្តល់អាហារូបករណ៍នេះគឺស្ថិតនៅក្នុងក្របខ័ណ្ឌនៃកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដែលត្រូវបាន​រាជរដ្ឋាភិបាលដាក់ឱ្យអនុវត្តកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសកាលពីខែវិច្ឆិកា ឆ្នាំ២០២៣កន្លងទៅ។

សំដៅទភការផ្តល់អាហារូបករណ៍នេះឯកឧត្តមរដ្ឋលេខាធិការបានអធិប្បាយនៅថ្ងៃទី១៨ ខែតុលានេះថា អាហារូបករណ៍ចែកចេញ​ជាពីរប្រភេទ ទី១. កម្មវិធីបណ្តុះបណ្តាលរយៈពេលវែងដែលមានប្រភេទ សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស, សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ៣, សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ២, សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ និងទី២. អាហារូបករណ៍ក្នុងកម្មវិធី​បណ្តុះបណ្តាលរយៈពេលខ្លី ដែលជាប្រភេទអាហារូបករណ៍មូលនិធិជាតិបណ្តុះបណ្តាលដើម្បីកាត់បន្ថយភាពក្រីក្រ។

ឯកឧត្តមរដ្ឋលេខាធិការ បានលើកឡើងថា ចាប់តាំងពីរាជរដ្ឋាភិបាលកម្ពុជាបានដាក់ឱ្យអនុវត្តកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស កាលពីខែវិច្ឆិកា ឆ្នាំ២០២៣ រហូតមកដល់ពាក់កណ្តាល ឆ្នាំ២០២៤ នេះកម្មវិធីបណ្តុះបណ្តាលថ្នាក់​ជាតិមួយ​នេះបាននិងកំពុងបន្តបេសកកម្មរបស់ខ្លួនក្នុងការបណ្តុះបណ្តាលជំនាញដល់យុវជនយ៉ាងសកម្មនៅទូទាំងប្រទេស ហើយទទួល​បានលទ្ធផលប្រកបដោយផ្លែផ្កា។

វិស័យអប់រំបណ្តុះបណ្តាលវិជ្ជាជីវៈ និងបច្ចេកទេស បាននិងកំពុងចូលរួមយ៉ាងសកម្មលើការផលិតមូលធនមនុស្ស និងអភិវឌ្ឍ​កម្លាំងពលកម្មឱ្យមានជំនាញ ចំណេះដឹង សមត្ថភាព ការប្រកួតប្រជែងខ្ពស់ មានភាពធន់ បត់បែន អាចឆ្លើយតបតាម​តម្រូវការនៃ​ការវិវត្តយ៉ាងឆាប់រហ័សនៃមូលដ្ឋានសេដ្ឋកិច្ច ឧស្សាហកម្ម និងបច្ចេកវិទ្យាឌីជីថល ស្របតាមគោល​នយោបាយរបស់រាជរដ្ឋាភិបាល ដោយធានាថា «ពលរដ្ឋម្នាក់មានជំនាញមួយយ៉ាងតិចប្រចាំជីវិត» និងអនុវត្តតាមអភិក្រមរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត គឺ “រៀនឱ្យចប់ រៀនឱ្យចេះ ឱ្យមានការងារធ្វើ”។

ក្នុងឱកាសនេះដែរ ឯកឧត្តមរដ្ឋលេខាធិការ​បានអំពាវនាវដល់យុវជនដែលមិនទាន់បានចុះឈ្មោះចូលរៀនជំនាញវិជ្ជាជីវៈ និង​បច្ចេកទេស សូមរួសរាន់មកចុះឈ្មោះចូលរៀនជំនាញវិជ្ជាជីវៈ នៅវិទ្យាស្ថានដែលនៅក្បែរមូលដ្ឋានរបស់ខ្លួន។ យុវជនដែលមកពី​គ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ នៅតែទទួលការរៀនជំនាញដោយឥតគិតថ្លៃ និងថែមទាំងទទួលបានប្រាក់ឧបត្ថម្ភ​ដដែល។

គិតត្រឹមដើមខែតុលា ឆ្នាំ២០២៤ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ទទួលបានយុវជនចុះឈ្មោះចូលសិក្សា​ជំនាញ​ចំនួន​ជាង ៨ម៉ឺននាក់ (ស្រីចំនួនជាង ៣,២ម៉ឺននាក់)។ ក្នុងចំណោមសិស្សដែលបានចុះឈ្មោះចូលរៀនជំនាញសរុប ក្នុងនោះ​សិស្សបាន​បញ្ចប់ការសិក្សាមានចំនួនជាងមួយម៉ឺននាក់។ យុវជនសិក្សាជំនាញរបស់រាជរដ្ឋាភិបាលទាំងនោះបានទទួលការងារធ្វើសមរម្យ, មួយចំនួនចេញប្រកបមុខរបរផ្ទាល់ខ្លួន និងខ្លះទៀតកំពុងចុះកម្មសិក្សានៅតាមក្រុមហ៊ុនឯកជននានាក្រោមកិច្ចសម្របសម្រួលរបស់​ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
សម្រាប់សាកសួរព័ត៌មានលំអិត សូមទំនាក់ទំនងមកកាន់ប្រព័ន្ធទូរសព្ទ Hotline ឥតគិតថ្លៃ លេខ ១២៨៦ ឬ ១២៩៧ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ៕
ដោយ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner