វៀតណាម ៖ អ្នកលោតឆ័ត្រយោងម្នាក់ទើរជាប់ខ្សែភ្លើង ដាច់អគ្គិសនី១ឃុំ

បរទេស៖ អ្នកលោតឆ័ត្រយោងម្នាក់បានធ្លាក់ជាប់ទើរនឹងខ្សែភ្លើង បង្ខំឲ្យមានការកាត់ផ្តាច់ ចរន្តអគ្គិសនី នៅឃុំ Quang Tien នៃខេត្ត Hoa Binh ភាគខាងជើង ប្រទេសវៀតណាម។

កាសែត VNepxress បានចេញផ្សាយថា អ្នកលោតឆ័ត្រយោងម្នាក់ បានប៉ុនប៉ងលោត ដោយគ្មានការអនុញ្ញាត ហើយបានជាប់ទើរលើខ្សែភ្លើង កាលពីថ្ងៃអាទិត្យ ដោយបង្ខំឱ្យដាច់ចរន្តអគ្គិសនី សម្រាប់ឃុំទាំងមូល ដើម្បីជួយសង្គ្រោះបុរសរូបនេះ។ ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង១២ និង១៥នាទីថ្ងៃត្រង់ ពោលគឺក្នុងពេលដែលបុរសនោះ បានលោតពីលើភ្នំ ដែលមានកំពស់ ៦៥០ម៉ែត្រ។ ក្នុងពេលរៀបចំ ចុះចត លោកបានជាប់ទើរនឹងខ្សែភ្លើង កម្លាំង ៣៥គីឡូវ៉ុល នៅកម្ពស់ប្រហែល ២០ម៉ែត្រ ពីលើដី។

អ្នកស្រុកបានជូនដំណឹងភ្លាមៗ ដល់អាជ្ញាធរ ដោយជំរុញឱ្យមានការផ្អាកការផ្គត់ផ្គង់អគ្គិសនី នៅទូទាំងឃុំ ដើម្បីធានាបាននូវការសង្គ្រោះ។

ប៉ុន្មានម៉ោងក្រោយមក បុរសនេះត្រូវបានគេនាំចុះមកក្រោម ដោយសុវត្ថិភាព ហើយចរន្តអគ្គិសនីត្រូវបានប្រើប្រាស់ឡើងវិញ។ យោងតាមមន្ត្រីនាយកដ្ឋានវប្បធម៌ និងព័ត៌មានខេត្ត Hoa Binh បានឲ្យដឹងថា បុរសនោះមិនបានទទួលការយល់ព្រមជាផ្លូវការ សម្រាប់ការលោតនេះទេ។ ក៏ប៉ុន្តែ មន្ត្រីជំនាញមិនបានបង្ហាញ អំពីវិធានការឆ្លើយតបចំពោះសកម្មភាពលោកឆ័ត្រយោង របស់បុរសរូបនេះទេ៕

ប្រភពពី VNexpress ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner