លោក Donald Trump ក្លាយជាអ្នកលក់អាហារតាមហាង

បរទេស៖ លោក Trump បានរុញច្រាន អាហារដ្ឋាន McDonald’s ចូលទៅក្នុងឆាកនយោបាយ អំឡុងរដូវកាលចុងក្រោយ នៃយុទ្ធនាការរបស់ខ្លួន តាមរយៈធ្វើជាអ្នកលក់នំ ក៏ដូចជា បម្រើភេសជ្ជៈ នៅក្នុងហាងល្បីមួយនេះ។

កាលពីថ្ងៃអាទិត្យ អតីតប្រធានាធិបតីរូបនេះ បានទៅហាងអាហាររហ័ស ឬ Fast Food នៅហាងMcDonald’s ស្ថិតក្នុងរដ្ឋ Pennsylvania ហើយលោកបានប្តូរអាវធំចេញ ពាក់អាវផាយ ដើម្បីធ្វើការ ជាអ្នកបម្រើអាហារ។ លោកបានផ្តល់អាហារដល់អតិថិជនតាមបង្អួច នៅភោជនីយដ្ឋាន ហើយបានប្រាប់ថា លោកជាអ្នកធ្វើ ដោយផ្ទាល់ដៃ។

បុរសដែលត្រូវបានទស្សនាវដ្តី Forbes ចុះផ្សាយថា មានលុយជាង៥ពាន់លានដុល្លាររូបនេះ បាននិយាយ ទៅកាន់ម្ចាស់ហាង McDonald’s ថា «ខ្ញុំកំពុងស្វែងរកការងារធ្វើ..ហើយខ្ញុំតែងតែចង់ធ្វើការនៅ McDonald’s ប៉ុន្តែ ខ្ញុំមិនដែលធ្វើនោះទេ»។ បេក្ខភាពប្រធានាធិបតីនៃបក្សសាធារណរដ្ឋ រូបនេះ ថែមទាំងបានចោទប្រកាន់ លោកស្រី Harris ដែលជាគូប្រជែងថា បង្កើតព័ត៌មានមិនពិតដែលថា ធ្លាប់ធ្វើការ នៅភោជនីយដ្ឋាន ដោយលោកអះអាងថា «គ្មានភស្តុតាង»។

មន្ត្រីយុទ្ធនាការម្នាក់បានប្រាប់ CNN ថា បេក្ខភាព តំណាងបក្សប្រជាធិបតេយ្យ លោកស្រី Kamala Harris ធ្លាប់ធ្វើការនៅហាង McDonald’s នៅ Alameda រដ្ឋ California កំឡុងរដូវក្តៅ ឆ្នាំ១៩៨៣ ពេលនៅជានិស្សិតសាកលវិទ្យាល័យ។ ប្រភពបន្តថា លោកស្រីគ្រប់គ្រងផ្នែក ចៀន និង ការ៉េម។ នៅក្នុងកម្មវិធីជជែករបស់ Drew Barrymore កាលពីដើមឆ្នាំនេះ លោកស្រី Harris ក៏បានប្រាប់ពីការងារ នៅទីនោះផងដែរ ហើយប្រាប់ថា ធ្លាប់ធ្វើជាអ្នកគិតលុយ ទៀតផង។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិកនឹងបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី នៅខែវិច្ឆិកា ខាងមុខនេះ៕

ប្រភពពី CNN ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner